(កំពត)៖ សប្បុរសជនខ្មែរដែលរស់នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានប្រមូលថវិកា ដើម្បីទិញកង់ចំនួន២០០គ្រឿង និងសម្ភារៈសិក្សាជាច្រើនទៀត ជូនដល់សិស្សានុសិស្ស ដែលជួបបញ្ហាខ្វះខាត នៅវិទ្យាល័យសម្តេចហ៊ុន សែន អង្គស្តុក ស្ថិតនៅឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ខណៈសិស្ស ខ្លះមករៀនមានការយឺតយ៉ាវដោយសារគ្មានមធ្យោបាយធ្វើដំណើនោះ។
ពិធីប្រគល់នូវកង់ដែលជាជំនួយមនុស្សធម៌នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក សូ វិសុទ្ឋី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារយុវជនប្រចាំតំបន់កណ្តាលខាងត្បូងសហរដ្ឋអាមេរិកតំណាង លោក ម៉ឹង ពន្លក ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក។
ថ្លែងនៅក្នុងពិធីប្រគល់នោះ លោក ចាន់ អេងឡុង ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានលើកឡើងថា ជំនួយមនុស្សធម៌នេះ គឺបានមកពីការជួយពីសប្បុរសធម៌ខ្មែរកំពុងរស់នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក ហើយជំនួយនេះគឺមានកង់ចំនួនពីររយគ្រឿង និងសម្ភារៈសិក្សាដូចជាសៀវភៅ ប៊ិច និងខ្មៅដៃជាដើម។
លោក ចាន់ អេងឡុង បានបន្តថា បងប្អូនខ្មែរដែលកំពុងរស់នៅរដ្ឋតិចសាស បានចូលរួមជាច្រើនជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាពលរដ្ឋដែលជួបបញ្ហាខ្វះខាតជាពិសេសសិស្សានុសិស្សតែម្តង ហើយការជួយនេះគឺមិនមែនតែជួយនៅស្រុកអង្គជ័យនេះទេ គឺបានជួយនៅតាមសហគមន៍នានា នៅខេត្តផ្សេងៗទៀតផងដែរ។
ជាមួយគ្នានោះដែរ លោក សូ វិសុទ្ឋី បានលើកឡើងថា សប្បុរសជនខ្មែរដែលរស់នៅរដ្ឋតិចសាសសហរដ្ឋអាមេរិកដែល បានជួយដល់សិស្សា នុសិស្សនាពេលនេះ គឺជាការបង្ហាញនូវទឹកចិត្តសប្បុរសធម៌របស់ពួកគេ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់វិស័យធនធានមនុស្សនៅប្រទេសកម្ពុជាយើងឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ខណៈដែលប្រទេសជាតិកំពុងមានសុខសន្តិភាពនិងការអភិវឌ្ឍជាបន្តបន្ទាប់នោះ។
យ៉ាងណាក៏ដោយ លោក សូ វិសុទ្ធី បានធ្វើការអំពាវនាវដល់សិស្សានុសិស្សទាំងអស់ត្រូវបន្តខិតខំសិក្សារៀនសូត្របន្ថែមទៀត បន្ទាប់ពីទទួលបាននូវកង់ និងសម្ភារៈសិក្សាទាំងនេះ ដែលបានមកពីសប្បុរសធម៌ខ្មែរយើងនៅឯនាយសមុទ្រនោះ។
លោកបានប្រាប់ដល់សិស្សានុសិស្សទាំងនោះទៀតថា ការសិក្សារៀនសូត្រឲ្យចេះគឺបានជួយឲ្យខ្លួនឯង និងក្រុមគ្រួសារមានភាពរីកចំរើនប្រសិនបើគ្រួសាររីក ចំរើនសង្គមនិងប្រទេសជាតិក៏រីកចំរើនយ៉ាងដូច្នេះដែរ។
បើតាមលោកគ្រួនាយកសាលានៃវិទ្យាល័យនេះ បានឲ្យដឹងថា សិស្សានុសិស្សខ្លះជួបបញ្ហា ខ្វះខាត់ខ្លាំងដោយពួកគេបានធ្វើដំណើដោយថ្មើជើងមកសិក្សា ហើយពេលខ្លះពួកគេទាំងនោះមក រៀនមិនទាន់ពេលដោយសារតែផ្ទះនៅឆ្ងាយពីសាលា ប៉ុន្តែបន្ទាប់ពីទទួលបាននូវកង់ទាំងនោះ លោកគ្រួនាយកសាលារំពឹងថាសិស្សានុសិស្សទាំងនោះ នឹងមិនមានការយឺតយ៉ាងក្នុងការសិក្សា ទៀតនោះឡើយ ហើយមួយវិញទៀតលោករំពឹងថាពួកគេនឹងខិតខំកាន់តែខ្លាំងដោយពុំឲ្យសប្បុ រសជនដែលជួយនេះអស់សង្ឈឹមនោះឡើយ។
សូមបញ្ជាក់ថាក្រៅពីផ្តល់កងចំនួន២០០ដល់សិស្សានុសិស្សដែលជួបបញ្ហាខ្វះខាត់នោះក៏ បានផ្តល់នូវសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន១,១២៥នាក់ និងលោកគ្រូ- អ្នកគ្រូចំនួន ៨៥នាក់ ដោយសិស្សម្នាក់ៗទទួលបានសៀវភៅ៣ក្បាល, ប៊ិច២ដើម, ខ្មៅដៃ២ដើម និងថវិកាថវិកា៥,០០០រៀលដោយឡែកសម្រាប់លោកគ្រូ- អ្នកគ្រូចំនួន ៨៣នាក់ ក្នុង ១នាក់ទទួលបានថវិកា៤ម៉ឺនរៀលនិងបាន ផ្តល់កំព្យូទ័រ ១ឈុត និង Printer ១សម្រាប់ប្រើប្រាស់ក្នុងសាលាផងដែរ៕