(ព្រះវិហារ)៖ បុរសម្នាក់បានស្លាប់យ៉ាងអណោចអធម ក្រោយខ្ចីរថយន្តមិត្តភក្តិបើកបរក្នុងល្បឿនលឿនជ្រុល បណ្តាលឲ្យក្រឡាប់​ភ្លាមៗ បន្ទាប់ពីរូបគេ​ឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅមុខប្រាសាទចិន ក្នុងភូមិកោះករ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។

មន្ត្រីនគរបាលចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកគូលែន បាននិយាយប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះថា មុនពេលកើតហេតុជនរងគ្រោះមានទំនាស់បន្តិចបន្ទួចជាប្រពន្ធរបស់ខ្លួន ហើយក៏ដើរចេញពីផ្ទះទៅខ្ចីរថយន្តមិត្តភក្តិជិះ។ ស្របពេលជាមួយគ្នានោះ ប្រពន្ធក៏ជិះម៉ូតូទៅឃាត់ថាកុំឲ្យបើកឡាន ប៉ុន្តែជនរងគ្រោះនៅតែចចែសបើករថយន្តចេញទៅ ហើយប្រពន្ធក៏បើកម៉ូតូតាមក្រោយ ឃើញដូច្នោះជនរងគ្រោះដោយមានភ្លើងកំហឹងនៅក្នុងខ្លួនស្រាប់នោះ ក៏បើកឡានយ៉ាងលឿន បណ្តាលឲ្យរេចង្កូតក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលប្រឡាយ ជ្រុលចង្កូតទៅបុកនឹងដើមអង្កាញ់កៀបជាប់តែម្តង។

មន្ត្រីនគរបាលបានឲ្យដឹងទៀតថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ព្រំ ស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិកោះករ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ បើកបររថយន្តម៉ាកឡិចស៉ិស RX300 ពណ៌ស ពាក់ស្លាកលេខ សៀមរាប 2B.5315។

ក្រោយហេតុការណ៍កើតឡើងសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តយកទៅរក្សាទុកនៅប៉ុស្តិនគរបាលស្រយ៉ង៕