(ភ្នំពេញ)៖ កម្មវិធី Protex Fun Run ដែលជាកម្មវិធីរត់ប្រណាំងបែបសប្បាយៗដោយសេរីសម្រាប់សាធារណជនទាំងអស់ទទួលយកបទពិសោធន៍ថ្មីៗជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ដែលមានវិញ្ញាសាររត់ប្រណាំង ជាលក្ខណៈគ្រួសារ និងបុគ្គល ក្រោមការរៀបចំដោយក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក (Protex) ដែលបានធ្វើឡើងនៅទីតាំងបរិវេណសួនប្រាជ្ញាបារមី នៅក្បែរសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ បានបញ្ចប់ដោយរលូន និងសម្រេចបានលទ្ធផលជាទីពេញចិត្ដសម្រាប់អ្នកដែលបានចូលរួមទាំងអស់គ្នា។
លោក អ៉ីស សារ៉ា ប្រធានគ្រប់គ្រងទីផ្សារស្លាកសញ្ញាប្រូថិក(Protex)ប្រចាំកម្ពុជា បានឱ្យដឹងថាគោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីលើកទឹកចិត្តដល់សាធារណជនទាំងអស់ឲ្យស្វែងយល់ និងរីករាយពីពិភពខាងក្រៅដោយសេរីជាមួយនឹងសាប៊ូដុសខ្លួនប្រូថិក(Protex) តាមជួយការពារសុខភាពស្បែករបស់លោកអ្នក និងក្រុមគ្រួសារអ្នក ប្រឆាំងនឹងបាក់តេរីអាក្រក់ទាំងឡាយ ដូច្នេះលោកអ្នកអាចស្វែងយល់ពីពិភពខាងក្រៅដោយគ្មានក្ដីបារម្ភ ដើម្បីទទួលបានការរីកចំរើនទៅមុខ។
លោកបានបញ្ជាក់ទៀតថា កម្មវិធី Protex Fun Run នេះគឺបានរៀបចំឡើងជាលើកទី១ នៅក្នុងប្រទេសកម្ពុជា ហើយក៏ទទួលបានកាគាំទ្រយ៉ាងច្រើន លើសពីការរំពឹងទុកពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមរត់រហូតដល់ជិត២,០០០នាក់ផងដែរ។ លោកថាកម្មវិធីនេះ នឹងអាចបន្តមាននៅក្នុងឆ្នាំក្រោយៗទៀតផងដែរ ជាមួយនឹងការបន្ថែមឡើងដល់១០គីឡូម៉ែត្រ ឫអាចច្រើនជាងនេះទៀតផងដែរ។
ជាចុងក្រោយលោកក៏បានបញ្ជាក់ទៀតថា ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក (Protex) សូមអរគុណទៅដល់ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួម គាំទ្រផលិតផលប្រូថិក និងដៃគូសហការទាំងអស់ដែលជាផ្នែកមួយយ៉ាងសំខាន់ធ្វើឱ្យកម្មវិធីនេះសម្រេចទៅ បានដោយជោគជ័យ។
សូមជម្រាបដែរថា ជាលទ្ធផលតាមរយៈកម្មវិធីនេះ បានរកឃើញបេក្ខជន និងក្រុមគ្រួសារជ័យលាភីទាំង ៣ចំណាត់ថ្នាក់ សម្រាប់ ២វិញ្ញាសារមានដូចជា ជ័យលាភីលក្ខណៈគ្រួសារ៣គីឡូម៉ែត្រមានលេខ១ បានទៅលើក្រុមគ្រួសារលោក ហ៊ុល វ៉ារិន ទទួលបានថវិការ ២,៤០០,០០០រៀល, លេខ ២ បានទៅលើក្រុមគ្រួសារលោក ផេង ភក្តី ទទួលបានថវិកា ១,៤០០,០០រៀល និងលេខ៣ បានទៅក្រុមគ្រួសារលោក លុយ សុខលី ទទួលបានថវិកា ៦០០,០០០រៀល
សម្រាប់វិញ្ញាសា លក្ខណៈបុគ្គល៥គីឡូម៉ែត្រ លេខ១ បានទៅលើលោក ឈុន ប៊ុនថន ទទួលបាន ថវិកា១,៤០០,០០០រៀល, លេខ២បានទៅលើលោក ញ៉ ហ៊ុយផេង ទទួលបានថវិកា ១,០០០,០០រៀល និងលេខ៣ បានទៅលើលោក Neil Banchi ទទួលបានថវិកា ៦០០,០០០រៀល៕