(ភ្នំពេញ)៖ ខណៈដែលម្នាក់ៗយល់ថាមុខជំនួញលក់ដូរផលិតផលនៅលើប្រព័ន្ធអនឡាញ គឺជារឿងងាយស្រួល ដែលអ្នកណាក៏អាចធ្វើបាន និង មិនចាំបាច់ទទួលបានការបណ្ដុះបណ្ដាលចេញពីសាលានោះ អ្នកជំនាញ និងជាអ្នកជោគជ័យ ក្នុងវិស័យមួយនេះ បានឆ្លើយតបថាមុខជំនួញអនឡាញ គឺជាមុខរបរពិបាក និងស្មុគស្មាញបំផុត។ អ្នកជំនាញដដែលបន្តថា ដោយសារវាទាមទារនូវក្បួនខ្នាតដើម្បីអោយជោគជ័យនេះហើយ ទើបអ្នកនាងសម្រេចបើកវគ្គបណ្ដុះបណ្ដាល ដល់សិក្ខាកាមប្រមាណ៨០០នាក់ កាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩។
អ្នកនាង ស៊ុន ដាឡែន អគ្គនាយិកា Dalen Sun Co.,LTD បានថ្លែងក្នុងវគ្គសិក្ខាសាលានោះថា មុខរបរអនឡាញមនុស្សភាគច្រើនយល់ថា ជាមុខរបរជោគជ័យដោយផ្អែកលើជំនាញរៀងខ្លួន ប៉ុន្តែការពិតមុខជំនួញមួយនេះ មានក្បួនច្បាស់ណាស់ ទើបអាចជោគជ័យ។ នោះគឺរាប់តាំងពីក្បូនផុសរូប ក្បួនផុសអក្សរ ក្បួនឆ្លើយតបអតិថិជន ក្បួនថែរក្សាអតិថិជន និងក្បួន Boost ផឹកអោយមានប្រសិទ្ធភាពភាពជាដើម។ អ្នកនាងថាប្រសិនបើអ្នកលក់អនឡាញទាំងអស់ មិនដឹងមិនយល់ពីក្បួនជោគជ័យទាំងអស់នេះទេ គឺមិនខុសពីដើរផ្លូវលើមុខជំនួញអនឡាញទាំងស្រពិចស្រពិលនោះទេ។ ដូច្នេះទើបអ្នកនាងសម្រេចចិត្តបើកវគ្គបណ្ដុះបណ្ដាលបង្ហាញពីក្បួនជោគជ័យទាំងនេះ ចែកចាយទៅអ្នកលក់អនឡាញប្រមាណ៨០០នាក់ ពេញមួយថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩ ដោយវគ្គបណ្ដាលនោះ គឺមានអ្នកចូលរួមលើសកម្រិតនោះផង។ យ៉ាងណាមិញអ្នកនាងថា វគ្គបណ្ដាលដែលបានធ្វើឡើងនោះ ផ្ដល់ឱកាសអោយត្រឹមតែសមាជិកជាតំណាងចែកចាយប្រចាំក្រុមហ៊ុនរបស់អ្នកនាងប៉ុណ្ណោះ គឺមិនមានអ្នកលក់អនឡាញក្រៅក្រុមមកចូលរួមនោះទេ។ អ្នកនាងគ្រោងបើកវគ្គបណ្ដុះបណ្ដាលពីគន្លឹះជោគជ័យលើជំនួញអនឡាញជាលើកទី២នៅអំឡុងខែ៧ ឆ្នាំ២០២០ខាងមុខអោយធំជាងនេះ ដើម្បីផ្ដល់ឱកាសអោយអ្នកលក់អនឡាញចូលរួមសិក្សា។
អ្នកនាង ស៊ុន ដាឡែន បន្តថា អ្នកនាងកាលពីមុនគ្រាន់តែជាអ្នកតំណាងលក់ផលិតផលអោយក្រុមហ៊ុនមួយដែលមានដើមទុនមិនដល់១០០ដុល្លារប៉ុណ្ណោះមុនេះពេលអ្នកនាងយល់ដឹងពីក្បួន និងគន្លឹះជោគជ័យលើមុខជំនួញអនឡាញ។ អ្នកនាងថា ខ្លួននឹងបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្វីដែលខ្លួនជោគជ័យទៅដល់អ្នកលក់អនឡាញដោយមិនលាក់លៀមទេ ដោយចាត់ទុកថា ទោះអ្នកចេះជំនាញពីអ្នកនាងទាំងអស់នឹងជោគជ័យលើមុខរបរដូចគ្នានឹងអ្នកនាង ដែលអ្នកខ្លះយល់ថា នឹងក្លាយជាគូប្រជែង លើមុខរបរអនឡាញដូចគ្នានោះ៕