(ភ្នំពេញ)៖ កម្ពុជា-ចិន បានប្តេជ្ញារួមគ្នា កសាងសហគមន៍រួមវាសនា ដែលមានគោលដៅនៃកិច្ចសហប្រតិបត្តិការ ក្នុងការកសាងផែនទីបង្ហាញផ្លូវនៃការអភិវឌ្ឍ និងជំរុញទំនាក់ ទំនងកម្ពុជា ចិន ឱ្យឈានដល់កម្រិតថ្មីមួយទៀតទៅអនាគត។
នេះជាការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងនៅក្នុង វេទិកាវិទ្យាសាស្រ្តស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ «ខ្សែនិងផ្លូវ» និងអបអរសាទរខួប១០ឆ្នាំ នៃការបង្កើតវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំឡើងនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។
លោកបណ្ឌិតសភាចារ្យ សុខ ទូច រំពឹងថា នាថ្ងៃអនាគត យើងជឿជាក់ដោយ ផ្អែកលើហេតុផលថា ក្រោមកិច្ចខិតខំប្រឹងប្រឹង របស់យើងទាំងអស់គ្នា កម្ពុជា និងចិន នឹងអាចកសាងសហគមន៍ជោគវាសនារួមគ្នាប្រកបដោយអត្ថន័យយុទ្ធសាស្ត្រមុនគេ ដែលជាវិភាគទានមួយសម្រាប់ការកសាងសហគមន៍ជោគវាសនារួមគ្នាក្នុងទ្វីបអាស៊ី។
បន្ថែមពីលើនេះ លោកបណ្ឌិតសភាចារ្យ សុខ ទូច បានលើកឡើងថា «ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា-ចិន» នឹងអាចធ្វើឱ្យសេដ្ឋកិច្ច និងសង្គមនៃប្រទេសទាំងពីរ ទទួលបាននូវការរីកចម្រើន កាន់តែច្រើន ព្រមទាំងរួមវិភាគទានក្នុងការកសាងសហគមន៍វាសនាមនុស្សជាតិ ដែលមានភាពរុងរឿងថ្កុំថ្កើង និងប្រកបដោយសុខដុមរមនា។ ដូចនេះដើម្បីឱ្យប្រទេសទាំងពីរ រក្សាបាននូវចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងបានតទៅទៀត ទាល់តែប្រទេសទាំងពីរស្វែងយល់ពីគ្នាឱ្យបានច្បាស់ពីគ្នាទៅវិញទៅមក និងឱ្យតម្លៃគ្នាក្នុងឋានៈជារដ្ឋឯករាជ្យ។
លោក វ័ន ភឺស៊ីន នាយកការរិយាល័យនយោបាយនៃស្ថានទូតចិនប្រចាំកម្ពុជា តំណាងឲ្យស្ថានទូតចិនប្រចាំនៅកម្ពុជា បានលើកឡើងថា មិត្តភាពរវាង កម្ពុជា និងចិន គឺមានតាំងពីជាង១៧០០ឆ្នាំមុន ប្រទេសទាំងពីរ បានរាប់អានគ្នាដូច ជាបងប្អូនអញ្ចឹង។ ជំនួបរវាង សម្តេចព្រះបរមរតនកោដ្ឋ សីហនុ និង លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ នៅសន្និសីទបានឌុង នាឆ្នាំ១៩៥៥ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃទំនាក់ទំនង កម្ពុជា-ចិន។
លោក វ័ន ភឺស៊ីន បានបន្តថា ចាប់ពីការបង្កើតចំណងការទូត នាឆ្នាំ១៩៥៨ រួចមក ប្រទេសទាំងពីរគោរពគ្នា និងគាំទ្រ គ្នាទៅវិញទៅមក ដោយបានពង្រឹងកិច្ចសហការគ្នាលើវិស័យនយោបាយ សង្គម សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនជាដើម បានក្លាយជាប្រទេសគំរូសម្រាប់ការផ្លាស់ប្តូររវាងប្រទេស និងប្រទេស។ បច្ចុប្បន្នទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន បានវិវឌ្ឍឥតឈប់ឈរ។
លោកបានបន្ថែមថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យទំនាក់ទំនងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរប្រៀបដូចជាគ្រួសារតែមួយ និងបានគូសវាសនូវគម្រោងផែនការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាអនាគតកាល ព្រមទាំងជាកម្លាំងចលករដ៏ខ្លាំងក្លាមួយក្នុងការជំរុញនូវទំនាក់ទំនង
នៃប្រទេសទាំងពីរផងដែរ។
យោងតាមការរៀបរាប់ពី កញ្ញា វុធ សុភ័ក្រណា នាយិកាវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅក្នុង វេទិកាវិទ្យាសាស្រ្តស្តីពីការបង្កើតសហគមន៍ជោគវាសនារួមគ្នា កម្ពុជា-ចិន ក្នុងក្របខណ្ឌ«ខ្សែក្រវាត់មួយ និងផ្លូវមួយ» ថា «ខ្សែក្រវាត់ និងផ្លូវ» គឺជាយុទ្ធសាស្រ្តបរទេសសំខាន់របស់ចិន។
ចាប់តាំងពីឆ្នាំ២០១៣ ដែលត្រូវបានផ្តួចផ្តើម ដោយលោកប្រធានាធិបតី ស៊ី ជីនភីង មក ឥទ្ធិពលរបស់ចិនចំពោះផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌នៃប្រទេសតាម បណ្តោយខ្សែនៃគំនិតផ្តួចផ្តើមកាន់តែច្រើនឡើងៗ បង្ហាញពីទំនួលខុសគ្នា ក្នុងនាមជាប្រទេសមហាអំណាចរបស់ចិននិងលើកកម្ពស់មុខមាត់ និងតួនាទីរបស់ចិនក្នុងឆាកអន្តរជាតិផងដែរ។
កញ្ញា វុធ សុភ័ក្រណា បានបន្ថែមថា ទន្ទឹមនឹងវឌ្ឍនភាពកាន់តែស៊ីជម្រៅនៃ ការអភិវឌ្ឍន៍ «ខ្សែក្រវាត់ និងផ្លូវ» ចិន និងកម្ពុជាមានសង្ឃឹមបង្កើតជាសហគមន៍ជោគវាសនារួមដែលមានលក្ខណៈពិសេសរៀងៗខ្លួន តែមានអនាគតរួមគ្នាតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ៕