(ភ្នំពេញ)៖ ក្រុមនិស្សិតស្នាក់នៅអន្តេរវាសិកដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ឈាមនៃក្តីសង្ឃឹម» ដោយមានការជ្រោមជ្រែងពីមជ្ឈមណ្ឌលជាតិផ្តល់ឈាម និងសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីទុកសង្រ្គោះជីវិតមនុស្ស។
កម្មវិធីបរិច្ចាគឈាមរបស់និស្សិតនៃអន្តេរវាសិកដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩នេះ ប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងគោលបំណង ៣សំខាន់ រួមមានទី១៖ ដើម្បីតបស្នងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ផ្តល់ នូវទីកន្លែងស្នាក់នៅ ដល់និស្សិតក្រីក្រ មកពីតាមបណ្ដាខេត្តនានា, ទី២៖ គឺជាការចូលរួមមួយផ្នែកតូច នៃកិច្ចការប្រមូលឈាមជួយដល់ ជនរងគ្រោះទាំងឡាយ នៅក្នុងសង្គម និងទី៣៖ គឺជាការបណ្ដុះនូវស្មារតីចែករំលែកក្នុងសន្តានចិត្តនិស្សិត ក៏ដូចជាប្រជាពលរដ្ឋទូទៅ ជាមួយនឹងមិត្តភក្តិ ជាមួយនឹងអ្នកដទៃ ឬជាមួយសង្គមជាតិតែម្ដង។
លោក សំ មនោរម្យ ប្រធានលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានលើកទឹកចិត្តយុវជនទាំងអស់ ឱ្យចូលរួមបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលមានតម្រូវការឈាមជាចាំបាច់ ម្យ៉ាងទៀតការបរិច្ចាគឈាមនេះ ពុំមានប៉ះពាល់អ្វីដល់សុខភាពបងប្អូននោះឡើយ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានលើកឡើងនូវអត្ថប្រយោជន៍ជាច្រើន របស់អ្នកផ្តល់ឈាម ដែលក្នុងនោះអ្នកផ្តល់ឈាម នឹងទទួលបាននូវការពិនិត្យតាមដានសុខភាព ដោយឥតគិតថ្លៃរាល់ពេលបរិច្ចាគម្ដងៗ កាត់បន្ថយបាននូវហានិភ័យ នៃជំងឺមហារីក កាត់បន្ថយបាននូវហានិភ័យនៃជំងឺឈាមបុកដាច់សរសៃឈាមខួរក្បាល កាត់បន្ថយបាននូវការកើនឡើងនៃជាតិខ្លាញ់ក្នុងឈាម និងអាចជួយសម្រួលការងាររបស់កោសិកាសថែមទៀតផង ដូច្នេះយុវជនទាំងអស់គ្នាមិនគួរខ្លាចរអាចំពោះការបរិច្ចាគឈាមឡើយ។
គួរបញ្ជាក់ថា កម្មវិធីបរិច្ចាគឈាមនេះ គឺជាឆ្នាំទី១ហើយ ដែលក្រុមនិស្សិតស្នាក់នៅអន្តេរវាសិកដ្ឋានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តួចផ្តើមរៀបចំឡើង ដែលមាននិស្សិតចូលរួមប្រមាណជាង២០០នាក់ ហើយសកម្មភាពនេះ និងរៀបចំជារៀងរាល់ឆ្នាំ ដើម្បីបរិច្ចាគឈាម ផ្តល់នូវសេចក្តីសុខសម្រាប់មនុស្សគ្រប់ៗគ្នា៕