(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រសួងមហាផ្ទៃ បានរៀបចំដំណើរការប្រឡងជ្រើសក្របខណ្ឌមន្ដ្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៩ នៅទូទាំងប្រទេស សម្រាប់បំពេញនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈសប្ដាហ៍ក្រោយនឹងមានការប្រឡងសម្រាប់នាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា សម្រាប់ដំណើរការប្រឡងនៅព្រឹកមិញនេះ មានបេក្ខជនប្រមាណ៤,០០០នាក់ បានដាក់ពាក្យចូលប្រឡង ប៉ុន្ដែក្រសួងបានសម្រេចជ្រើសរើស ត្រឹមតែ១,០០០នាក់ប៉ុណ្ណោះ។
នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានលើកឡើងទៀតថា សម្រាប់សភាពការណ៍ទូទៅនៃការប្រឡង ត្រូវបានបញ្ចប់ទៅដោយរលូនពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះទេ ពោលមានការសហការគ្នាបានយ៉ាងល្អពីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ ដែលត្រួតពិនិត្យនៅតាមមណ្ឌលប្រឡង នៅ ១៩រាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឲ្យការប្រឡងនេះ ដំណើរការទៅដោយយុត្តិធម៌។
អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិករូបនេះ បានបញ្ជាក់ថា ការប្រឡងនេះធ្វើឡើងតែមួយព្រឹកប៉ុណ្ណោះ ហើយសម្រាប់វិញ្ញាសារប្រឡងវិញមានវប្បធម៌ទូទៅ និងសំណួរពាក់ព័ន្ធនគរបាលមួយចំនួនផងដែរ៕
សូមទស្សនារូបភាព នៃដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នៅខាងក្រោមនេះ៖