(កំពង់ឆ្នាំង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហាញមុខក្រុមចោរប្លន់ចំនួន៥នាក់ ព្រមទាំងវត្ថុតាងជាច្រើន ដែលបានបង្ក្រាបក្នុងបទល្មើសរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។
បើតាមលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានដាក់ចេញ និងជំរុញក្នុងការបង្ការ បង្ក្រាប សង្គ្រោះ ការពារសន្តិសុខ សុវត្តិភាព ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រក៏ដូចជាមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត បានបង្ក្រាបករណីប្លន់ជាបន្តបន្ទាប់ក្នុងនោះបានបង្ក្រាបជនសង្ស័យចំនួន៥នាក់ រួមជាមួយនឹងវត្ថុតាងជាច្រើន។
លោកបានបញ្ជាក់ថា ករណីទី១៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចបានចាប់បានជនសង្ស័យចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះ ឡាន សៀវ ម៉េង និងម្នាក់ទៀត ឈ្មោះសេង តុលា។ ករណីបង្ក្រាបនេះបានធ្វើឡើងនៅភូមិដើមពពេល ឃុំថ្មឥដ្ធ ស្រុកកំពង់ត្រឡាច។
* ករណីទី២៖ នៅថ្ងៃទី១៩ ខែធ្នូ សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀត នៅចំណុចខណ្ឌព្រែកព្នៅ ស្រុកពញាឮ ខេត្តកណ្ដាល ដោយចាប់បានជនសង្ស័យម្នាក់ឈ្មោះ ហេង តុលា។
* ករណីទី៣៖ ថ្ងៃទី១៩ ខែធ្នូ ដដែលសមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀតឈ្មោះ យ៉ាវ យ៉ានអាយុ២០ឆ្នាំ នៅចំណុចភ្នំរាប ខេត្តកណ្ដាល និងករណីទី៤ នៅថ្ងៃទី២១ ខែធ្នូ សមត្ថកិច្ចបានបង្ក្រាបជនសង្ស័យម្នាក់ទៀត ឈ្មោះ តែម ចេក នៅភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ជាមុខសញ្ញាទទួលផលចោរកម្ម។
ចំពោះវត្ថុតាងដកហូតបានមានម៉ូតូ ចំនួន៤គ្រឿង និងសម្ភារជាច្រើនទៀត លោកមេបញ្ជាការរងបានបញ្ជាក់ដែរថាជនសង្ស័យទាំង៥នាក់ សុទ្ធតែមានសាធាតុញៀនជាប់ខ្លួន។
មេបញ្ជាការរងកងរាជអាវុធហត្ថ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ មានភិនភាគដូចខាងលើនេះ សូមមកទំនាក់ទំនង នៅទីបញ្ជាការកងរាជអាវុធហត្ថ ដើម្បីទទួលយកម៉ូតូរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ក្នុងនោះម៉ូតូ១គ្រឿង ក្នុងចំណោម ៤គ្រឿង ជារបស់លោកស្រី ផាត់ ស្រីល័ក្ខ សមាជិកក្រុមប្រឹក្សា ស្រុកសាមគ្គីមានជ័យ ផងដែរ៕