(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារ វឌ្ឍនៈ បានបើកដំណើរការសាខាថ្មីទី១៧ របស់ខ្លួន គឺ សាខាបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៦៣៦ ផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ធនាគារ វឌ្ឍនៈ សាខាបឹងទំពុននេះ ត្រូវបានសាងសង់ឡើងយ៉ាងប្រណីតប្រកបដោយភាពទំនើបទាន់សម័យ ជាមួយសាលផ្តល់សេវាកម្មប្រកបដោយផាសុកភាព និងទីធ្លាចំណតធំទូលាយ។
ធនាគារ វឌ្ឍនៈ សាខាបឹងទំពុន មានផ្តល់សេវាកម្មធនាគារជាច្រើនប្រភេទ ដែលរួមមាន សេវាកម្មប្រាក់បញ្ញើ ការផ្តល់ឥណទាន សេវាកម្មផ្ទេរប្រាក់ សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្មប័ណ្ណ (វីសា ម៉ាស្ទ័រកាត និងយូញៀនផេ-UPI) សេវាកម្មទូទាត់តាមហាង (ប័ណ្ណ Alipay, WeChat Pay) និងសេវាទូទាត់ប្រព័ន្ធបាគង។
លើសពីនេះ សាខាថ្មីមួយនេះ ក៏មានផ្តល់សេវាកម្មបង់ពន្ធ-អាករគ្រប់ប្រភេទ ដែលអាចជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងឡាយ ដែលត្រូវបំពេញកាតព្វកិច្ចបង់ពន្ធ ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលាផងដែរ។
លោក ផល សុខជា ប្រធានសាខា បានឱ្យដឹងថា រូបលោក រួមទាំងបុគ្គលិកធនាគារវឌ្ឍនៈ សាខាបឹងទំពុនទាំងអស់ បានប្តេជ្ញាថា នឹងយកអស់កម្លាំងកាយចិត្ត ដើម្បីផ្តល់សេវាកម្មធនាគារប្រចាំថ្ងៃ ជូនអតិថិជនឱ្យបានឆាប់រហ័សតាមតម្រូវការប្រកបដោយភាពស្មោះត្រង់ ការទទួលខុសត្រូវ និងជំនាញវិជ្ជាជីវៈខ្ពស់។
បន្ថែមលើនេះ រូបលោក និងសហការីក៏បានត្រៀមខ្លួនជាស្រេច ដើម្បីស្វាគមន៍ ក៏ដូចជាគាំទ្រដល់សហគ្រាសនិងអាជីវកម្មខ្នាតតូច-មធ្យម ដើម្បីជួយបង្កើនទុន និងជំរុញសហគ្រាស និងអាជីវកម្មទាំងនេះឱ្យកាន់តែមានភាពរីកចម្រើនទ្វេឡើង។
ចំពោះការបើកដំណើរការសាខាបឹងទំពុននេះ លោកជំទាវឧកញ៉ា ឈុន លាង បណ្ណាធិការធនាគារ វឌ្ឍនៈ ក៏បានឱ្យដឹងផងដែរថា «ការបើកដំណើរការសាខាថ្មីទី១៧ នេះគឺជាភាពជោគជ័យមួយជំហានទៀត នៃផែនការពង្រីកបណ្ដាញសាខារបស់ធនាគារ ក្នុងគោលបំណងបង្ខិតសេវាកម្មរបស់ ធនាគារ វឌ្ឍនៈ ឱ្យកាន់តែកៀកជិតទៅនឹងអតិថិជន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងការគាំទ្រ ដែលមានការកើនឡើងជាលំដាប់។
ជាងនេះទៅទៀត ធនាគារ វឌ្ឍនៈ គ្រោងនឹងបើកដំណើរការសាខាថ្មីបន្ថែមចំនួន១១ទីតាំងថែមទៀត នៅឆ្នាំ២០២០ ជាមួយនឹងផែនការជាក់លាក់ក្នុងការពង្រីកសាខារបស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានគ្រប់ ២៥រាជធានីខេត្តត្រឹមឆ្នាំ២០២២ ដែលសាខានីមួយៗគឺកើតចេញពីការបោះទុនវិនិយោគដោយធនាគារ វឌ្ឍនៈ ខ្លួនឯងផ្ទាល់ ទាំងលើការទិញដី ទាំងការសាងសង់អគារសព្វបែបយ៉ាង»។
ធនាគារ វឌ្ឍនៈ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០២ ដោយវិនិយោគិនខ្មែរសុទ្ធសាធ។ ធនាគារមានទីស្នាក់ការកណ្តាលនៅជាន់ទី២ នៃវិមានវឌ្ឍនៈ កាពីតាល នៅរាជធានីភ្នំពេញ។បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានចំនួន ១៧សាខា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានារួមមានខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តតាកែវ និងខេត្តកំពង់ចាម។
ធនាគារ វឌ្ឍនៈ តែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវវប្បធម៌បម្រើ និងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងក្តីស្មោះត្រង់បំផុត ជូនដល់អតិថិជនគ្រប់ស្រទាប់វណ្ណៈ រហូតជាប់ចំណាត់ថ្នាក់ជា «ធនាគារមានសុវត្ថិភាព» ពីធនាគារជាតិនៃកម្ពុជា និងជាធនគារដែលមានអភិបាលកិច្ចសាជីវកម្មល្អ ដោយមានការទទួលស្គាល់ពីសំណាក់ស្ថាប័នជាតិ និងអន្តរជាតិ៕