(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានអនុគណៈកម្មការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២០ បានប្រកាសថា ការប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ សម្រាប់ឆ្នាំ២០២០នេះ គឺធ្វើឡើងដោយភាពត្រឹមត្រូវ តម្លាភាព គ្មានការសូកប៉ាន់ ឬរត់ការដើម្បីថ្នូរនឹងការជាប់នោះទេ ពោលមានន័យថា «អ្នកចេះ គឺជាប់»។
ការប្រកាសបែបនេះ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រឡងជ្រើសរើសនាយទាហាន នៃកងយោធពលខេមរភូមិន្ទ និងកាត់វិញ្ញាសារ នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងថា មានបេក្ខជនបានដាក់ពាក្យប្រឡងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជាង៨,០០០នាក់ ប៉ុន្តែជ្រើសរើសយកចំនួន ៦២០នាក់។ លោកឧត្តមសេនីយ៍ ក៏បានថ្លែងអរគុណដល់យុវជន និងយុវតី ដែលបានដាក់ពាក្យប្រឡងចូលនាយទាហាន ដើម្បីបម្រើជាតិមាតុភូមិ។
លោកបានបញ្ជាក់ថា កុំជឿជនឱកាសនិយមណាម្នាក់ ដែលបានអះអាងថា សិស្សអាចសូកប៉ាន់ដើម្បីជាប់ឱ្យសោះ «សូមប្រយ័ត្នចាញ់បោកគេ» (ពួកស៊ីឡាក់)។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា គណៈកម្មការជ្រើសរើសបានខិតខំអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរាល់គោលការណ៍របស់ក្រសួង ការពារជាតិ និងអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ធ្វើយ៉ាងណាឱ្យការប្រលងនេះមានភាព ត្រឹមត្រូវ, តម្លាភាព និងយុត្តិធម៌ ធានាបានទំនុកចិត្តរបស់ប្អូនៗជាបេក្ខជន ដោយអ្នកចេះ គឺជាប់ ហើយជាប់ដោយមោទនភាព និងបើមិនទាន់ជាប់ ក៏អស់ចិត្ត ព្រោះអ្វីៗត្រូវបានរៀបចំបានត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ឯក បានឱ្យដឹងថា យ៉ាងណាក៏ដោយ ជោគជ័យនៃការងារនេះ ក៏ចាំបាច់ត្រូវមានការចូលរួមរបស់ ប្អូនៗជាបេក្ខជន ដោយប្អូនៗ ត្រូវខិតខំប្រឡងប្រជែងដោយខ្លួនឯង និងចៀសវាងដាច់ខាតចំពោះការស្វះស្វែងរកអន្តរាគមន៍ ឬពឹងពាក់អ្នករត់ការ ដែលជាអំពើខុសច្បាប់ ហើយបើមានដឹងអំពីករណីនេះ សូមរាយការណ៍មកគណៈកម្មការជ្រើសរើស ដើម្បីចាត់វិធានការណ៍។ ការធ្វើបែបនេះ គឺមិនមែនត្រឹមជាការជួយខ្លួនឯង ប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមជួយដល់ប្រព័ន្ធអប់រំ និងប្រព័ន្ធជ្រើសរើសនាយទាហានរបស់យើង។
សូមផ្តាំផ្ញើដល់ប្អូនៗបេក្ខជន ត្រូវខិតខំប្រឡងប្រជែងដោយខ្លួនឯង ជឿជាក់លើសមត្ថភាពខ្លួនឯងថាអាចធ្វើបាន កុំពឹងផ្អែកលើអ្នកដទៃ ជាពិសេសត្រូវមានវត្តមាន និងខិតខំប្រឹងប្រែងចូលរួមឱ្យបានគ្រប់វិញ្ញាសារទាំងអស់ ដើម្បីទទួលបានឱកាសជោគជ័យ នៅក្នុងការប្រឡងជ្រើសរើសនេះ។
សម្រាប់វិញ្ញាសារកាយសម្បទានឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅស្ដាតចាស់ ក្បែររង្វង់មូលស្ពានជ្រោយចង្វារ។
គួរជម្រាបថា ការប្រឡងជ្រើសរើសទាហានលើកនេះ មានបេក្ខជន បេក្ខនារី បានដាក់ពាក្យប្រឡងទូទាំងប្រទេសសរុប ចំនួន៨,០៦៣នាក់ (ប្រុស៤,៦៧០នាក់/ ស្រី៣,៣៣នាក់) ស្មើនឹង ៣២៧បន្ទប់ បើប្រៀបធៀបនឹងឆ្នាំ២០១៩កន្លងទៅ មានបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៨,៣៥២នាក់ គឺថយចំនួន ២៨នាក់ ស្មើនឹង ៣,៤៦%។
ការប្រឡងរបស់បេក្ខជន និងបេក្ខនារីប្រព្រឹត្តទៅតាមមណ្ឌល ដែលគេបានដាក់ពាក្យប្រឡង ក្នុងនោះរួមមាន៖ រាជធានីភ្នំពេញ នៅវិទ្យាល័យបាក់ទូក, នៅយោធភូមិភាគទី១ នៅវិទ្យាល័យហ៊ុនសែន ស្ទឹងត្រែង, នៅយោធភូមិភាគទី២ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម, នៅយោធភូមិភាគទី៣ នៅវិទ្យាល័យជាស៊ីមតាកែវ, នៅយោធភូមិភាគទី៤ នៅវិទ្យាល័យអង្គរខេត្តសៀមរាប និងនៅយោធភូមិភាគទី៥ នៅវិទ្យាល័យព្រះមុនីវង្ស ខេត្តបាត់ដំបង៕