(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ គណៈចលនាមហាជននៃគណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បាន សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្ត របស់ខ្លួន នៅសាលមហោស្រពកោះពេជ្រ ខណ:ដែលពិធីបិទសន្និបាតនេះ នឹងធ្វេីឡេីងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅល្ងាច។
គណៈចលនាមហាជននៃគណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួន ក្នុងគោលបំណងចែករំលែកព័ត៌មានបទពិសោធន៍ការងារ និងសមទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំ គណៈចលនាមហាជន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស។
សន្និបាតនេះត្រូវបានបើកឲ្យប្រព្រឹត្តិទៅក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈចលនាមហាជន សមាជិក សមាជិកាជនបង្គោល គណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។
ជាការផ្តាំផ្ញើក្នុងពិធីបើកសន្និបាត កាលពីម្សិលមិញ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់អនុសាសន៍ដល់អង្គសន្និបាតឲ្យយកចិត្តទុកដាក់ពិភាក្សាលើតួនាទីរបស់អង្គការមហាជន និងចលនាមហាជន ដែលមានតួនាទីសំខាន់ជាជំនួយការគណបក្ស ធ្វើយ៉ាងណាឱ្យមានភាពងរឹមាំ ដោយគោរពតាមគោលការណ៍ដឹកនាំរបស់គណបក្ស។ សម្ដេចវិបុលសេនាភក្តី ក៏បានណែនាំដល់អង្គសន្និបាតឲ្យធ្វើការងារមហាជនជាប្រចាំ និងម៉ត់ចត់ និងផ្សារភ្ជាប់ជាមួយមហាជនឱ្យបានជិតស្និទ្ធ។
ក្នុងឱកាសនេះដែរ លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានថ្លែងអំពីតួនាទីរបស់គណៈចលនាមហាជន ក្នុងការវាយតម្លៃសតិអារម្មណ៍មហាជន ក្តាប់យកនូវតម្រូវការ ក៏ដូចជាសំណូមពរចាំបាច់របស់ពួកគាត់ ដើម្បីផ្តល់មតិយោបល់ជូនគណបក្ស។ លោកស្រីក៏បានថ្លែងពីសមិទ្ធផលនានា ដែលគណៈមហាជនសម្រេចបានក្នុងឆ្នាំកន្លងទៅផងដែរ។
លោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានឡើងអានរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ឆ្នាំ២០១៩។ បើតាមលោក ហ៊ុន ម៉ានី របាយការណ៍នេះ បានឆ្លុះបញ្ចាំងពីសមិទ្ធិផល និងបញ្ហាប្រឈម នានារបស់គណ:ចលនាមហាជនថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោយពីក្រុមការងារដែលដឹកនាំដោយ លោកផ្ទាល់ បានចុះជួបជាមួយគណៈចលនាទាំង៤ នៅតាមមូលដ្ឋានទាំង ២៥រាជធានី-ខេត្តនាពេលកន្លងទៅនេះ៕