(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានបញ្ជាក់ថា ធនធានមនុស្ស ពិសេសយុវជនវ័យក្មេង គឺជាកត្តាកំណត់ភាពជោគជ័យនៃការអភិវឌ្ឍកម្ពុជា នៅក្នុងយុគសម័យឌីជីថល ទាំងក្នុងដំណាក់កាលបច្ចុប្បន្ន និងទៅអនាគត។
លោកបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេស ស្តីពី «កម្ពុជាក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ៤.០» យ៉ាងដូច្នេះថា៖ «យើងត្រូវទទួលស្គាល់ការពិត ខឿនសេដ្ឋកិច្ច និងការសម្រេចបាននៃ GDP របស់យើង និងការអភិវឌ្ឍដោយចីរភាពរបស់សេដ្ឋកិច្ច កត្តាកំណត់គឺធនធានមនុស្សរបស់យើង ហើយនិងប្រជាជនវ័យក្មេងរបស់យើងនេះហើយ ដែលត្រូវការចាំបាច់ជាប្រចាំគឺយើងបង្កើនសមត្ថភាព ហើយរំលឹកជាប្រចាំផងដែរគឺថាអ្វីដែលជាគោលដៅអាទិភាព ដែលយើងត្រូវការ ការចូលរួមចំណែកទាំងអស់គ្នា»។
លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ផងដែរថា អនាគតកម្ពុជា ក៏ដូចជាអ្វីៗក៏ដោយ មិនត្រឹមតែដើម្បីសម្រេចបានឲ្យប្រទេសកម្ពុជាអាចប្រែក្លាយទៅជាសេដ្ឋកិច្ចឌីជីថលផង រដ្ឋបាលឌីជីថលផង ប្រជាជនដែលអាចប្រើប្រាស់ទៅលើបច្ចេកវិទ្យាក្នុងជីវភាពប្រចាំថ្ងៃរបស់ខ្លួន មិនថាជាលក្ខណៈបុគ្គល ឬក៏ជាលក្ខណៈអាជីវកម្មទេ យើងត្រូវការចាំបាច់ផ្តោតអារម្មណ៍ឲ្យបានច្បាស់ទៅលើអ្វីដែលយើងខំប្រឹងប្រែងធ្វើ ហើយរដ្ឋាភិបាលមិនអាចធ្វើតែម្នាក់ឯងនោះទេ គឺត្រូវការចាំបាច់មានការដឹកនាំពីរាជរដ្ឋាភិបាលដែលមានគោលនយោបាយដ៏ត្រឹមត្រូវ។ លើសពីនោះថែមទៀត វិស័យផ្សេងៗ ត្រូវផ្តោតអារម្មណ៍ចូលរួមចំណែកធ្វើអ្វីដែលជាគោលដៅ ត្រូវការវិស័យឯកជន ត្រូវកាអង្គការ សមាគម គ្រឹះស្ថានអប់រំ ហើយត្រូវការធំជាងគេបង្អស់គឺប្រជាជនរបស់យើង។
ចំពោះចំណុចនេះ លោកបានបង្ហាញទស្សន:ថា «ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់ចំពោះអ្វីដែលជាសមត្ថភាព ការច្នៃប្រឌិត និងការពុះពាររបស់យុវជនខ្មែររបស់យើងទាំងអស់គ្នា។ មុនដំបូងគេខ្ញុំគួរតែនិយាយដែរថាការសម្រេចចិត្តណាក៏ដោយស្ថិតនៅលើយុវជនវ័យក្មេងយើងម្នាក់ៗតែម្តង គាត់មានការច្នៃប្រឌិត គាត់មានការពុះពារ គាត់មានការខំប្រឹងប្រែង ហើយយើងមានឧទាហរណ៍ជាច្រើនដែលគាត់មានភាពលេចធ្លោ មានបទពិសោធន៍ជោគជ័យនៅក្នុងជីវិតរបស់ម្នាក់ៗ។
លោកបានបន្តថា «ចំពោះការមកដល់នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ នេះ ខ្ញុំមានសុទិដ្ឋិនិយមខ្ពស់លើសមត្ថភាព ការច្នៃប្រឌិត ការពុះពារ ក្តីសង្ឃឹម និងក្តីសុបិនដែលពួកគាត់ត្រូវខំប្រឹងប្រែងដើម្បីសម្រេចបាននេះ យើងនឹងទៅជាមួយគ្នាហើយធ្វើយ៉ាងណាឱ្យយើងអាចដាក់គោលដៅទាំងអស់គ្នាចំពោះអនាគតប្រទេសជាតិ ហើយធ្វើយ៉ាងណាឱ្យគាត់ជោគជ័យក្នុងជីវិតគាត់ម្នាក់ៗផងដែរ។ ការប្រើប្រាស់ និងការស្រូបចូលនៃបច្ចេកវិទ្យាថ្មី ខ្ញុំជឿជាក់ថាប្រជាជនវ័យក្មេងរបស់កម្ពុជានឹងអាចឆ្លៀតឱកាស ហើយនិងប្រើប្រាស់ឱកាសនេះដើម្បីភាពវិជ្ជមាន និងភាពជោគជ័យក្នុងជីវិត»៕