(កំពត)៖ មានសុទិដ្ឋិនិយមចំពោះការរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលបានប្រារព្ធឡើងចំនួន៨លើកមកហើយនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកត់សម្គាល់ថា ការរៀបចំពិធីបុណ្យសមុទ្រពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែទទួលបានការចូលរួមយ៉ាងផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងផ្នែកឯកជន ព្រមទាំងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
នាឱកាសបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ ជុំទី២ នៅខេត្តកំពត ដែលប្រារព្ធឡើងក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបឱ្យដឹងថា សម្រាប់ឆ្នាំ២០១៩នេះ តំបន់ឆ្នេរនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១.៣លាននាក់ កើនឡើង ៤.៥% ជាមួយចំណែកទីផ្សារប្រមាណ ១៥% នៃទីផ្សារសរុប និងទេសចរជាតិប្រមាណ ៣.៤លាននាក់ កើនឡើង ៣%។
តាមការព្យាករណ៍នៅឆ្នាំ២០២០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.៧លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣.៥លាននាក់ ហើយនៅឆ្នាំ២០៣០ តំបន់ឆ្នេរសមុទ្រនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧.៥លាននាក់ ក្នុងកំណើនជាមធ្យម ១០% និងភ្ញៀវទេសចរជាតិប្រមាណ ៥.៥លាននាក់ កើនឡើងជាមធ្យម ៥%។
លោកបានបន្តថា «ប្រការនេះ បានបង្ហាញថា ការរៀបចំពិធីបុណ្យសមុទ្រពីមួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមកាន់តែផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ»។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រឆ្នាំនេះ គណៈកម្មការអន្តរក្រសួងបានរៀបចំឲ្យមានជាសកម្មភាពសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១៖ ការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរសរុបចំនួន ៤៦១ស្តង់ រួមមាន៖ ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ។
២៖ ការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-ការីជាតិ និងបណ្តាប្រទេសជាមិត្ត រួមមាន៖ ប្រទេសចិន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាម។
៣៖ សកម្មភាពកីឡាដែលរួមមាន៖ កីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ ចម្បាប់លើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំជាដើម។
ទន្ទឹមនឹងនេះ ក៏មានការរៀបចំសកម្មភាពមុនព្រឹត្តិការណ៍មួយចំនួនផងដែរ ដូចជា សិក្ខាសាលា និងការចែកជយលាភីជូនដល់អាជីវកម្មទេសចរណ៍ ដែលមានស្នាដៃឆ្នើម រួមមាន៖ សេវាស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងឆ្នេរខ្សាច់កម្សាន្តគំរូនៅខេត្តតំបន់ឆ្នេរទាំង៤ និងពិធីដាំដើមឈើអនុស្សវរីយ៍ រួមជាមួយព្រឹត្តិការណ៍អបអរសាទរជាច្រើនផ្សេងទៀត។
ក្នុងពេលផ្ដល់កិច្ចសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតបានបង្ហាញភាពសប្បាយរីករាយយ៉ាងក្រៃលែង ចំពោះការរៀបចំពិធីបុណ្យសមុទ្រនេះ។ ពួកគាត់ក៏បានគោរពថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត និងគណៈអភិបាលខេត្តរបស់ពួកគាត់ ដែលបានសហការរៀបចំឱ្យមានព្រឹត្តិការណ៍ទេសចរណ៍នេះឡើង និងបានអំពាវនាវដល់ប្រជាពលរដ្ឋនៅរាជធានី-ខេត្តដទៃ ព្រមទាំងភ្ញៀវទេសចរទាំងឡាយនៅប្រទេសកម្ពុជា សូមអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រនេះឱ្យបានច្រើនកុះករ។
លោករដ្ឋមន្ត្រី ថោង ខុន និងលោកអភិបាលខេត្តកំពត ក៏បានបង្ហាញការរំពឹងទុកថា នាអំលុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨នេះ នឹងទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងរង្វង់ ៥០ម៉ឺននាក់ ដោយមិនគ្រាន់តែចូលរួមតែក្នុងពិធីបុណ្យដែលធ្វើឡើងនៅទីរួមខេត្តប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏បានចេញទៅទស្សនានៅតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ផ្សេងទៀតផងដែរ៕