(កំពត)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានប្រកាសឲ្យពង្រឹក និងពង្រឹងការតភ្ជាប់ ផ្លូវនៅតាមសមុទ្រ និងសម្រួលចរាចរណ៍តាមផ្លូវគោក ផ្លូវអាកាសពីផ្ទៃក្នុង មកកាន់ខេត្តមាត់សមុទ្រ ព្រមទាំងបានស្នើឲ្យក្រសួងកសិកម្ម និងក្រសួងបរិស្ថាន រួមគ្នាដើម្បីពិនិត្យមើលធនធានធម្មជាតិនៅបាតសមុទ្រ។
ការប្រកាសយ៉ាងដូច្នេះ បានធ្វើឡើងក្នុងដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព បើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើង នៅក្នុងខេត្តកំពត នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពង្រីកនិងពង្រឹងការតភ្ជាប់ផ្លូវនៅតាមសមុទ្រពីខេត្តកំពតរបស់យើង ទៅកាន់ខេត្តកោះកុង សម្រួលចរាចរណ៍តាមផ្លូវគោក ផ្លូវអាកាសពីផ្ទៃក្នុង មកកាន់ខេត្តមាត់សមុទ្រ»។ ជាមួយគ្នានោះសម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ឥឡូវនេះខេត្តកំពត និងខេត្តកែប បន្ទាប់ពីផ្លូវជាតិលេខ៣ កសាងរួចហើយ ច្បាស់ណាស់ថា វានឹងសម្រួលចរាចរណ៍យ៉ាងច្រើន។
សម្ដេចតេជោ បានឲ្យដឹងទៀតថា ខេត្តព្រះសីហនុ បន្ទាប់សម្រួលផ្លូវជាតិលេខ៤ ដោយឥណទានពីធនាគារពិភពលោក ជាមួយនឹងផ្លូវល្បឿនលឿន ទីក្រុងភ្នំពេញ-ខេត្តព្រះសីហនុ វានឹងសម្រួលឲ្យចរាចរណ៍ទៅតាមមាត់សមុទ្រ មិនគ្រាន់តែបញ្ហាបម្រើឲ្យវិស័យទេសចរណ៍ទេ លើគ្រប់ផ្នែកទាក់ទិនជាមួយនឹងការដឹកជញ្ជូនផងដែរ។
លើសពីនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ផ្លូវជាតិលេខ៤៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកាន់ខេត្តកោះកុង នឹងត្រូវបន្ដជាមួយនឹងការតភ្ជាប់ របៀងចាប់ពីខេត្ដកោះកុង ទៅថ្មដា នៃខេត្តពោធិ៍សាត់ និងសម្លូត នៃខេត្តបាត់ដំបង គឺជាការតភ្ជាប់មួយដ៏ល្អ។
សម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ មានការហោះហើរពីទីក្រុងភ្នំពេញ ទៅព្រលានយន្ដហោះកងកេង និងពីព្រលានយន្ដហោះសៀមរាប ទៅព្រលានយន្ដហោះកងកេង ហើយការហោះហើរជាអន្ដរជាតិ មកកាន់កងកេង នៅខេត្តព្រះសីហនុ យើងពង្រឹងនូវការទំនាក់ទំនង នៅការតភ្ជាប់នេះ ដើម្បីជំរុញវិស័យទេសចរណ៍ និងវិស័យសេដ្ឋកិច្ច ឲ្យមានកំណើនឡើង។
ទន្ទឹមគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់មិនត្រូវមើលស្រាល ការធ្វើដំណើរតាមផ្លូវទឹកនោះទេ ដូច្នេះត្រូវប្រុងប្រយ័ត្នលើបញ្ហានេះ ព្រោះនៅបរទេសឧស្សាហ៍គ្រោះថ្នាក់ណាស់។ សម្ដេចតេជោ បានបញ្ជាឲ្យពិនិត្យជាប្រចាំ នូវមធ្យោបាយធ្វើដំណើរទាំងអស់នោះ ដោយមន្ទីរទេសចរណ៍ ឬអាជ្ញាធរខេត្ត ដើម្បីកុំឲ្យមានគ្រោះថ្នាក់។
ក្រៅពីនោះ សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យរដ្ឋមន្រ្តីក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ត្រូវរួមគ្នាចុះពិនិត្យមើលធនធានធម្មជាតិនៅសមុទ្រ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំពិតជាមានការចាប់អារម្មណ៍ ទៅលើតំបន់នៅក្រោមសមុទ្រដែលទាក់ទងជាមួយនិងតំបន់ការពារ ចំណុចនេះ គឺចំណុចដែលត្រូវយកចិត្ដទុកដាក់ជាពិសេស ដែលសូមស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រួមគ្នាដើម្បីពិនិត្យមើលធនធានបាតសមុទ្ររបស់យើង ក្នុងនេះក៏មានផ្នែកនៅខេត្តកំពតរបស់យើង ដែលតម្រូវឲ្យមានការគិតគូរម៉ត់ចត់»។
សម្តេចតេជោ ក៏បានរំលឹកថា កន្លងមកសម្តេចបានជំទាស់ជានិច្ចទៅលើការវិនិយោគដាំសារ៉ាយ នៅក្នុងសមុទ្ររបស់ប្រទេសកម្ពុជា ពិសេសកំពត ព្រះសីហនុ និងខេត្តកែប
ដោយមានក្រុមហ៊ុនស្នើសុំធ្វើការដាំសារ៉ាយនៅសមុទ្រ ប៉ុន្តែត្រូវបានសម្តេចជំទាស់ជានិច្ច។ សម្ដេចតេជោ បញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន កំពុងចាប់អារម្មណ៍ការទៅលេងនៅបាតសមុទ្រ៕