(កែប)៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាមួយអាជ្ញាធរខេត្តកែប សម្ពោធបូជនីយដ្ឋានឧទ្ទិសជូនលោក DEBENATH CHRISTIAN នៅឧទ្យានជាតិកែប។
លោក កេន សត្ថា អភិបាលខេត្តកែប បានបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តកែប បានអនុវត្តន៍គោលនយោបាយបរិស្ថានស្អាត ការគ្រប់គ្រងសំរាមនៅតាមតំបន់ឆ្នេរ និងទីប្រជុំជននានាក្នុងខេត្ត ក៏ដូចជាការងារការពារ ការអភិរក្ស និងការអភិវឌ្ឍឧទ្យានជាតិកែបនេះតែម្តង។ លោកបន្ថែមថា ការរៀបចំពិធីនៅថ្ងៃនេះ សំដែងឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថាន ក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា។
នៅក្នុងឱកាសនោះ លោក សាយ សំអាល់ បានលើកឡើងថា ការបង្កើតតំបន់ការពារធម្មជាតិមានរឿងរ៉ាវទាក់ទងនឹងប្រវត្តិសាស្រ្ត ដោយការរៀបចំឧទ្យានជាតិចាប់ផ្តើមដំបូងតាមរយៈការសិក្សាសណ្ឋានដី ធនធានធម្មជាតិ នៅក្នុងទស្សវត្សឆ្នាំ១៩៦០ ដំបូងឡើងនៅឧទ្យានជាតិគីរីរម្យ ក្រោមស្នាព្រះហស្ថព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។ ក្រោយមកកម្ពុជាបានបង្កើតឧទ្យានជាតិនៅក្នងទស្សវត្សឆ្នាំ១៩៩០ និងជាបន្តបន្ទាប់បានបង្កើតតំបន់ការពារធម្មជាតិជាច្រើនកន្លែងថែមទៀត ដែលបច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានផ្ទៃដីប្រមាណ៧,៥លានហិចតា។
លោករដ្ឋមន្រ្តី បានចាត់ទុកថា លោក DEBENATH CHRISTIAN បានគិតគូរខ្ពស់លើការធ្វើទេសចរណ៍នៅកម្ពុជា តាមគម្រោងបង្កើតកន្លែងលំហែកម្សាន្តនៅប្រទេសកម្ពុជា។ លោកបានជ្រើសរើសគោលដៅទេសចរណ៍នៅខេត្តកែប ដោយសារមានប្រវត្តិសាស្រ្ត ដែលជនជាតិបារាំង នាពេលកន្លងមកបានចាត់ទុកថា ជាទីក្រុងគុជនៅអាស៉ី។ លោកបានលើកឡើងផងដែរថា ស្នាដៃប្រវត្តិសាស្រ្តនៃជនជាតិបរទេស តែងចាត់ទុកខេត្តកែប និងខេត្តកំពតជាទិសដៅកម្សាន្តនៅកម្ពុជា តាំងពីយូលង់ណាស់មកដែរ ជាពិសេសមានសាលា ឬព្រះវិហារសាសនាគ្រឹះ នៅលើភ្នំបូកគោជាដើម។
លោក សាយ សំអាល់ បានបន្ថែមដែរថា ក្រសួងបរិស្ថាន យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ឬអ្នកទាំងឡាយណា ដែលរស់នៅលើទឹកដីកម្ពុជា ហើយបានបរិច្ចាគកម្លាំងកាយ ប្រាជ្ញាស្មារតី ក៏ដូចជាធនធានថវិកា ក្នុងគោលដៅចូលរួមជួយថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ។ ហើយនៅពេលនេះ ក្រសួងបរិស្ថាន បានបង្កើតបូជនីដ្ឋានដើម្បីរំលឹកនូវគុណូបការៈ ក៏ដូចជាស្នាដៃរបស់លោក DEBENATH CHRISTIAN ដែលបានផ្តូចផ្តើមគំនិតជួយក្នុងកិច្ចការអភិរក្ស ក៏ដូចជាការងារអភិវឌ្ឍឧទ្យានជាតិនេះផងដែរ តាមរយៈការត្រួសត្រាយផ្លូវ ដាក់ស្លាកសញ្ញា បង្ហាញទីតាំង និងគូសផែនទីទស្សនាឧទ្យានជាតិជាដើម។
ជាមួយគ្នានេះ លោក សាយ សំអាល់ បានបង្ហាញផងដែរពីការីកចម្រើននៃខេត្តព្រះសីហនុ ដែលនឹងអាចចែករំលែកថែមទៀតដល់ខេត្តជាតិខាង ជាពិសេសវិស័យទេសចរណ៍ធម្មជាតិនៅខេត្តកែប ដែលជាទីមនោរម្យ។ ការរីកចម្រើននៃវិស័យទេសចរណ៍ធម្មជាតិនៅខេត្តកែប នឹងរួមចំណែកលើការអភិវឌ្ឍន៍ខេត្តកែប ជាពិសេសការរៀបចំហេដ្ឋរចនាសម្ព័ន្ធនៃឧទ្យាជាតិកែបនេះបានល្អប្រសើរថែមទៀត។
សូមបញ្ជាក់ថា លោក DEBENATH CHRISTIA ភេទប្រុស កើតនៅឆ្នាំ១៩៥៦ ហើយបានស្លាប់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅខេត្តកំពត។ លោកបានមកលែងកែបជាលើកដំបូងនៅឆ្នាំ១៩៩២ ហើយបន្ទាប់មកនៅឆ្នាំ២០០២ គាត់ក៏បានមកប្រកបអាជីវកម្មបើកហាងកាហ្វេមួយកន្លែង មានឈ្មោះថា LAD ZEP cafe ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានជាតិកែប។ នៅឆ្នាំ២០០៤ គាត់ក៏បានសម្រេចចិត្តមករស់នៅក្នុងខេត្តកែប ជាអចិន្ត្រៃយ៍។
ដោយចិត្តស្រលាញ់ធម្មជាតិនៅខេត្តកែប លោក DEBENATH CHRISTIAN បានសិក្សាស្វែងយល់អំពីធនធានធម្មជាតិ តំបន់ឆ្នេរ និងកោះនៅខេត្តកែប ជាពិសេសឧទ្យានជាតិកែបនេះតែម្តង។ ក្នុងនោះនៅឆ្នាំ២០០៨ លោកបានចាប់ផ្តើមគូសផែនទីឧទ្យានជាតិកែប និងរៀបចំបំពាក់ផ្លាកសញ្ញាបង្ហាញផ្លូវនៅតាមបណ្តោយផ្លូវ ក្នុងឧទ្យានជាតិសម្រាប់ភ្ញៀវទេសចរ ដើរទស្សនា
មានដូចជា៖ ទេសភាពខេត្តកំពត ទឹកធ្លាក់ស្រីតាល់ កំពូលផ្លូវ ទេសភាពនៃឆ្នេរអង្កោល ស្រះទឹកតូច ខ្ទមយាយជី ថ្មថ្ងៃលិច ព្រះអង្គរតូច ភ្នំកែប ទេសភាពខាងជើង ទេសភាពខាងលិច ដើមឈើប្រហោង ផ្លូវយាយជី ផ្លូវទៅកាន់ឋានសួរ ផ្លូវភ្ជាប់ ផ្ទះសេះ ផ្លូវព្រៃស្បាត ផ្លូវផ្តៅ ព្រះអង្គរឈរ ផ្លូវទំនប់ទឹក ចំការដូងទេសភាពនៃកោះ ប្រាសាទក្នុងព្រៃ។
ក្រៅពីនេះ លោកក៏បានសិក្សាបន្ថែមទៀតអំពីដើមឈើ សត្វព្រៃ និងផ្កាព្រៃដោយមានដាក់ផ្លាកសញ្ញារួមជាមួយអត្ថាធិប្បាយ ជាព័ត៌មានដល់ភ្ញៀវទេសចរណ៍បានដឹងផងដែរ។ ក្រសួងបរិស្ថាន បានសម្រេចរៀបចំកសាងបូជនីយដ្ឋាន ដឹកនាំដោយ លោក សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដើម្បីទុកជាទីកន្លែងរំលឹកអនុស្សាវរីយ៍ និងឧទ្ទិសដល់ស្នាដៃទាំងឡាយរបស់លោក ដែលមាននៅខេត្តកែប៕