(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញបើកពិធីបុណ្យសមុទ្រ លើកទី៨ នៅខេត្តកំពត បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួន សម្រាប់ថ្នាក់ដឹកនាំជួររាជរដ្ឋាភិបាល ស្ថាប័ន អង្គភាពពាក់ព័ន្ធយកទៅអនុវត្ត សម្ដៅបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។

អនុសាសន៍ដែលបានដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន នោះរួមមាន៖

* ត្រូវរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ទោះបីក្នុងតម្លៃណាក៏ដោយ គ្មានសុខសន្តិភាព គឺគ្មានអ្វីៗទាំងអស់ គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ

* ត្រូវរួមគ្នាថែក្សាឲ្យបាននូវ «ទីក្រុងស្អាត ឆ្នេរល្អ និងសមុទ្របៃតង» សម្រាប់ខេត្តចំនួន៤ នៅជាប់សមុទ្រដើម្បីការពារឆ្នេរការពារព្រៃ និងការពារបរិស្ថានធម្មជាតិ ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និងរក្សាឲ្យនូវភាពជាសមាជិក «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក»

* អភិបាលខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ សូមត្រៀមលក្ខណៈឲ្យបានល្អប្រសើរ ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្លឹបលើកទី២ ឆ្នាំ២០២២ នៅកម្ពុជាស្តីពីការអភិវឌ្ឍ និងសមិទ្ធផលឆ្នេរសមុទ្រកម្ពុជា

* ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងឡាយ ដែលបម្រើឲ្យវិស័យទេសចរណ៍ ជាមួយនឹងការតភ្ជាប់ផ្លូវពីតំបន់មួយទៅតំបន់មួយ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស (ដូចជាការតភ្ជាប់ជើងហោះហើរត្រង់ មកកាន់តំបន់ឆ្នេរសមុទ្រ គឺខេត្តព្រះសីហនុ និងខេត្តកោះកុងនៅថ្ងៃអនាគត)

* ត្រូវបន្តថែរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម បញ្ហាគ្រឿងញៀន ក្រុមបងតូចបងធំ និងការលួចឆក់នានា ដែលធ្វើឲ្យមានការភ័យខ្លាច និងបាត់បង់ជំនឿ ទុកចិត្តពីសំណាក់ ភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេស ជាពិសេសត្រូវមានស្មារតី ទទួលខុសត្រូវខ្ពស់ មិនត្រូវធ្វើឲ្យឆ្នេរសមុទ្រកម្ពុជាក្លាយជាតំបន់ ជួញដូរគ្រឿងញៀន ជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាមហន្តរាយដល់សង្គមជាតិ

* ត្រូវបន្តជំរុញឲ្យកាន់តែសកម្មនូវការផលិត ដើម្បីផ្គត់ផ្គង់ទេសចរដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង» ជាមួយនឹងការជំរុញការផលិត ឲ្យបានត្រឹមត្រូវតាមស្តង់ដារ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍

* ត្រូវជំរុញការដាំដុះ ការចិញ្ចឹមសត្វ នៅកន្លែងដែលគៀកតំបន់ទេសចរណ៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានទីផ្សារដើម្បីលក់ផលិត

* ត្រូវផ្ដោតការយកចិត្តទុកដាក់ និងត្រួតពិនិត្យជាប់ជាប្រចាំ នូវការធ្វើដំណើរតាមផ្លូវទឹករបស់ភ្ញៀវទេសចរ ដែលការងារនេះមន្ទីរទេសចរណ៍ និងគណៈអភិបាលខេត្តជាអ្នកទទួលបន្ទុក៕