(ភ្នំពេញ)៖ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងលើកទឹកចិត្ដ ទៅដល់ស្ដ្រី និងក្មេងស្រីទាំងអស់ ត្រូវហ៊ានបង្កើតក្តីសុបិន និងកំណត់គោលដៅឲ្យធំ ហើយត្រូវប្រើប្រាស់ សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ដើម្បីសម្រេចឲ្យបាននូវក្តីសុបិន និងគោលដៅទាំងនោះ។
ការថ្លែងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោកស្រី អ៊ឹង កន្ថាផាវី អញ្ជើញចូលរួមជាអធិបតីភាព ក្នុងសិក្ខាសាលា ស្ដីពី ភាពជាអ្នកដឹកនាំរបស់ស្ដ្រី ដែលរៀបចំធ្វើឡើងនៅ The Factory Phnom Penh រាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ។
លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងយ៉ាងដូច្នេះថា «ស្ត្រី និងក្មេងស្រី ត្រូវហ៊ានបង្កើតក្តីសុបិនឲ្យធំ (Dream Big) និងកំណត់គោលដៅរបស់ខ្លួនឲ្យធំ (Aim Big) ហើយត្រូវប្រើប្រាស់សក្តានុពល ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួន ដើម្បីធ្វើដំណើរឆ្ពោះ ទៅសម្រេចឲ្យបាននូវក្តីសុបិន និងគោលដៅទាំងនោះ»។
លោកស្រី អ៊ឹង កន្ថាផាវី បានឲ្យដឹងថា ក្រសួងកិច្ចការនារី និងក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ដី្រដែលជាយន្តការជាតិ សម្រាប់ការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី មានតួនាទីយ៉ាងសំខាន់ ក្នុងការធានាឲ្យបាននូវគណនេយ្យភាព សង្គមសម្រាប់ស្ត្រី ក៏ដូចជាការគាំទ្រ និងការប្រឹក្សាបច្ចេកទេសផ្នែក គោលនយោបាយ និងយុទ្ធសាស្រ្តក្នុងការបញ្ជ្រាបយេនឌ័រដល់ក្រសួង ស្ថាប័នរដ្ឋ និងដៃគូពាក់ព័ន្ធ។
លើសពីនោះទៀត លោកស្រីរដ្ឋមន្ដ្រី បានបន្ថែមទៀតថា ក្រសួងកិច្ចការនារី ខិតខំបន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រី ក្នុងថ្នាក់ធ្វើសេចក្តីសម្រេច និងភាពជាអ្នកដឹកនាំ តាមរយៈផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ឆ្នាំ២០១៩-២០២៣ ។ បន្ថែមពីលើចំណុចទាំងនេះ ក្រសួងកំពុងតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីសមភាពយេនឌ័រ ដែលនឹងលើកកម្ពស់កិច្ចការនេះ នៅថ្នាក់គោលនយោបាយកម្រិតខ្ពស់បន្ថែមទៀតផងដែរ។
ជាងនេះទៅទៀត លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា មិនអាចបំភ្លេចបានទេ អំពីការចូលរួមរបស់បុរស និងថ្នាក់ដឹកនាំជាបុរស ក្នុងការលើកកម្ពស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ ដែលចំណុចនេះ គឺជាចំណុចសំខាន់ ព្រោះបុរសមានចំនួនពាក់កណ្តាល នៃប្រជាជន និងជាសម្លេងភាគច្រើន នៅក្នុងថ្នាក់ធ្វើសេចក្តីសម្រេច។
រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ទៀតថា យើងត្រូវការ ការចូលរួមពីបុរស ដែលដើរតួនាទីជាអ្នកគាំទ្រ និងជាដៃគូដែលខ្វះមិនបាន ក្នុងការងាររបស់យើងទាំងអស់គ្នា ទាំងក្នុងគ្រួសារ សហគមន៍ សង្គម ក៏ដូចជាស្ថាប័នរដ្ឋ វិស័យសាធារណៈ និងឯកជនផងដែរ។
ទន្ទឹមគ្នានោះ លោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា នៅកម្ពុជា តាមរយៈការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យមានការបង្កើនសមាសភាពក្រី ទាំងនៅក្នុងអង្គ នីតិប្រតិបត្តិ និងនីតិបញ្ញត្តិ។ នៅក្នុងថ្ងៃប្រារព្ធពិធីអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩ កន្លងទៅនេះ សម្តេចតេជោ ក៏បានអំពាវនាវសារជាថ្មីម្តងទៀត ឲ្យខិតខំបន្តលើកកម្ពស់ស្ត្រី ក្នុងតួនាទីភាពជាអ្នកដឹកនាំ។
លោកស្រីរដ្ឋមន្ដ្រី បានបន្ថែមថា ដើម្បីសម្រេចឲ្យបាននូវការណែនាំ របស់សម្តេចតេជោ ក៏ដូចជាការលើកកម្ពស់ស្ត្រី ក្នុងភាពជាអ្នកដឹកនាំ យើងទាំងអស់គ្នា ជាពិសេសស្ត្រីខ្លួនឯងផ្ទាល់ ត្រូវបង្ហាញអំពីតម្លៃ ភាពចាំបាច់និងតួនាទីដ៏សំខាន់ របស់ស្ត្រីនៅក្នុងភាពជាអ្នកដឹកនាំនៅគ្រប់វិស័យ៕