(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត។
ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើងលើកដំបូងនៅខេត្តព្រះសីហនុ ឆ្នាំ២០១១ ក្នុងគោលបំណងអបអរសាទរការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក និងរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ខេត្តកំពតបានប្រែក្លាយទៅជាខេត្តដ៏មានសក្តានុពល ដែលពីមុនជាខេត្តដែលអន់ជាងគេមួយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពតជាខេត្តដែលអាចផលិតអំបិល និងមានវារីអគ្គិសនីផលិតថាមពលអគ្គិសនី ដ៏មានសក្តានុពល។
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា រហូតដល់ឆ្នាំ១៩៩៦ ខេត្តកំពតទើបមានសន្ដិភាពពេញលេញ ដោយសារនយោបាយឈ្នះឈ្នះ មិនមែនដោយសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស
* សម្តេចនាយករដ្ឋមន្រ្តី មានប្រសាសន៍ស្នើឲ្យក្រសួងកសិកម្ម និងបរិស្ថាន ត្រូវរួមគ្នាដើម្បីពិនិត្យមើលធនធានធម្មជាតិនៅបាតសមុទ្រនៅខេត្តកំពត
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះខេត្តកំពត កំពុងមានវឌ្ឍន៍ភាព ហើយសង្ឃឹមថា អ្នកដឹកនាំខេត្តនេះនឹងបន្ដអភិវឌ្ឍន៍ខេត្តកំពតបន្ដទៀត
* សម្ដេចតេជោ ហ៊ុន សែន ជំទាស់ជានិច្ចទៅលើការវិនិយោគដាំសារ៉ាយ នៅក្នុងសមុទ្ររបស់ប្រទេសកម្ពុជា ពិសេសកំពត ព្រះសីហនុ និងខេត្តកែប
* សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កន្លងទៅធ្លាប់មានក្រុមហ៊ុនស្នើមកសម្ដេច ដើម្បីសុំធ្វើការដាំសារ៉ាយនៅសមុទ្រ ប៉ុន្តែត្រូវបានសម្តេចជំទាស់ជានិច្ច
* សម្ដេចតេជោ ហ៊ុន សែន បានចោទសួរទៅវិញថា ការវិនិយោគបែបនេះមានការហាមឃាត់ ចំពោះការប្រកបរបររបស់ប្រជានេសាទឬទេ? ហេតុអ្វីបានជាគេពេញចិត្តកម្ពុជា ខណៈដែលសមុទ្រធំជាងផែនដីទៅទៀតនោះ? សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជំទាស់ដាច់ខាត ចំពោះការបូបខ្សាច់សមុទ្រ។
* សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាបច្ចុប្បន្ន កំពុងចាប់អារម្មណ៍ការទៅលេងនៅបាតសមុទ្រ
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមិនមែនធ្វើសេដ្ឋកិច្ច ដោយផ្អែកលើវិស័យណាមួយនោះទេ ត្រូវពឹងផ្អែកលើគ្រប់វិស័យ
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា បើពិនិត្យមើលខេត្តនីមួយៗ នៅក្នុងប្រទេសកម្ពុជា សុទ្ធតែមានចំណុចខ្លាំងរៀងៗខ្លួន
* សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា មានមួយភាគបានមកពីផ្នែកសេវា
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា ក្នុងមួយឆ្នាំៗភ្ញៀវទេសចរបរទេស មានកើនឡើងជាបន្ដបន្ទាប់ ចូលមកលេងកម្សាន្ដនៅប្រទេសកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន រំលឹកថា កាលពីសម័យមុន ខ្មែរនៅក្នុងស្រុកបានរត់ទៅក្រៅប្រទេស ដើម្បីគេចពីសង្គ្រាម ប៉ុន្ដែពេលនេះខ្មែរនៅក្រៅប្រទេស បាននាំគ្នាមកលេងប្រទេសកំណើត ហើយខ្លះមករស់នៅវិញ
* ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា កម្ពុជាមានដៃគូរច្រើនណាស់ ដែលត្រូវរកស៉ីជាមួយ មិនមែនមានតែមួយនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា វិស័យទេសចរណ៍កម្ពុជា មិនមែនពឹងលើតែអង្គរ ឬប្រាសាទនោះទេ ពោលកម្ពុជាកំពុងកែច្នៃតំបន់ទេសចរណ៍ចម្រុះបន្ថែមទៀត
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងធ្ងន់ៗថា ការរក្សាសន្ដិភាព ស្ថេរភាពនយោបាយគឺមានសារៈសំខាន់ជាងគេបំផុត មុននិយាយដល់សិទ្ធិមនុស្ស និងការអភិវឌ្ឍន៍
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយចម្ងល់ចំពោះអ្នកមិនយល់ស្របចំពោះអ្នកមិនឲ្យតម្លៃសន្ដិភាព
* សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បើគ្មានសង្គ្រាមនៅឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍នោះដែរ
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណងដែលអ្នកជំនាន់មុនចង ត្រូវបានដោះស្រាយដោយអ្នកជំនាន់ក្រោយ
* សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា យើងត្រូវធ្វើឲ្យកម្ពុជា មានវត្តមានសន្ដិភាពជាអចិន្ដ្រៃយ៍ លើទឹកដីដ៏កំសត់របស់យើង
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យបញ្ចាំងឲ្យបានច្រើននូវអ្វីដែលកើតឡើងសោកដកម្ម នៅប្រទេសអ៉ីរ៉ាក់ ស៉ីរី និងលីប៊ី ដើម្បីឲ្យប្រជាពលរដ្ឋយើងបានដឹង
* សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ថា ដំណើរការប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ក៏រក្សានូវការសន្ដិភាពនេះដែរ
* សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ទន្ទឹមនឹងរក្សាតម្លៃសន្ដិភាព ត្រូវឲ្យតម្លៃការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្សដូចគ្នាដែរ
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា យើងធ្វើសកម្មភាពតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់អ្នកដែលចង់បំផ្លាញសន្ដិភាព
* ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា បើគ្មានព្រឹត្តិការណ៍ទម្លាក់សម្ដេចព្រះនរោត្ដម សីហនុ ម្ល៉េះកម្ពុជាក៏រីកចម្រើនជឿនលឿនដូចគេដែរ
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ដោយសារបាត់បង់មនុស្សរាប់លាននាក់កន្លងមកហើយ ទើបកម្ពុជាឲ្យតម្លៃសន្ដិភាព ដូចពេលបច្ចុប្បន្ននេះ
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសប្រាប់ដល់អាជ្ញាធរគ្រប់ថ្នាក់ធ្វើយ៉ាងណា ត្រូវរក្សាឲ្យបាននូវតំបន់ឆ្នេរដែលស្អាត
* សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ឲ្យខេត្តដែលនៅតំបន់សមុទ្រ ត្រូវរក្សាឲ្យបាននូវតំបន់ឆ្នេរ
* សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មិនត្រូវឲ្យឆ្នេរសមុទ្ររបស់កម្ពុជា ត្រូវបានដកចេញពី «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក» នោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនត្រូវឆ្នេរសមុទ្រកម្ពុជា ត្រូវបានបំផ្លាញដោយទឹកស្អុយ ដោយសារការចាក់ដីចូល ឬការកាប់ព្រៃកោងកាងដើម្បីទន្ទ្រានយកដីនោះទេ
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ភារកិច្ចទទួលខុសត្រូវតំបន់ឆ្នេរ ជាភារកិច្ចរបស់គណៈអភិបាលខេត្តនីមួយៗ ដែលត្រូវមើលឲ្យដិតដល់
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាអភិបាលខេត្តកោះកុង និងឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា ពិនិត្យជាបន្ទាន់នូវព័ត៌មានដែលសម្តេចលឺថាការចាក់ដីចូលសមុទ្រនៅខេត្តកោះកុង
* សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា អ្នកដែលពាក់ព័ន្ធរឿងចាក់ដីចូលសមុទ្រនៅខេត្តកោះកុង គឺជាមន្ដ្រីយោធា បើសិនដូច្នោះមិនប្រហែលសម្ដេចមិនទុកឲ្យមានឈ្មោះជាយោធាទៀតនោះឡើយ
* សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនត្រូវកាប់មេមាន់ ដើម្បីតែឆ្ងាញ់មួយពេលនោះទេ ពោលត្រូវរក្សាអ្វីដែលមានស្រាប់ និងពង្រីកបន្ថែម
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា រំលឹកឲ្យអ្នកពាក់ព័ន្ធ ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ចាំបាច់ទាំងឡាយដែលបម្រើឲ្យវិស័យទេសចរណ៍
* សម្ដេច ហ៊ុន សែន ប្រាប់ឲ្យពង្រីកផ្លូវដែកនៅខេត្តកំពត ដើម្បីបម្រើឲ្យការដឹកជញ្ជូន និងធ្វើដំណើរ
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា គ្រប់ភូមិនៅទូទាំងប្រទេសកម្ពុជា បច្ចុប្បន្ននេះ៩២ភាគរយហើយ ដែលមានអគ្គិសនីប្រើប្រាស់ ពោលនៅសល់៨ភាគរយទៀតប៉ុណ្ណោះដែលមិនទាន់មាន
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យទាញទឹកសាបពីខេត្តកែប ដើម្បីចែកចាយឲ្យខេត្តផ្សេងៗទៀត ដែលនៅក្បែរនោះមកប្រើប្រាស់ ពិសេសនៅខេត្តកំពត
* សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា អាជ្ញាធរក៏មានផែនការរួចហើយ ដើម្បីការពារកុំឲ្យទឹកប្រៃហូរចូល ទឹកសាបដែលត្រូវបូមយកមកចែកចាយឲ្យប្រជាពលរដ្ឋ
* សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យអភិបាលខេត្តជាប់មាត់សមុទ្រ ត្រូវរៀបចំត្រៀមលក្ខណៈដើម្បីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ «ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក»
* សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំលំដាប់អន្ដរជាតិជាបន្ដបន្ទាប់
* សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ត្រូវខិតខំរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម កុំឲ្យមានអំពើភេរវកម្មកើតឡើងនៅតំបន់ទេសចរណ៍
* សម្ដេចតេជោ ហ៊ុន សែន ចោទសួរថា «តើអ្នកចង់បានអ្វីពិតប្រាកដ?» នៅពេលបិទអនឡាញ ភ័យខ្លាចចំពោះបញ្ហាជនជាតិចិន តែពេលបើកអនឡាញខ្លាចអំពីបញ្ហាជនជាតិចិនច្រើននៅកម្ពុជា
* សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រសិនបើមិនបិទអនឡាញ កម្ពុជានឹងក្លាយជាប្រទេសលាងលុយកខ្វក់
* សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីក៏ដោយត្រូវតែមានការបង់ថ្លៃ យើងសុខចិត្តមិនមានអនឡាញ ហើយយើងច្បាស់ជានាំមកប្រទេសកម្ពុជា ឲ្យមានសេចក្ដីសុខ
* សម្ដេចតេជោ ហ៊ុន សែន អះអាងថា តើសំណង់នៅក្នុងប្រទេសកម្ពុជា បម្រើឲ្យតែហ្គេមអនឡាញឬ បាននាំគ្នាបារម្ភពេលបិទអនឡាញ?
* សម្តេចតេជោ ហ៊ុន សែន ប្រកាសខ្លាំងៗកម្ពុជាមិនអនុញ្ញាតឲ្យមានអនឡាញនោះទេ ប្រទេសដទៃណាទៀតចង់ធ្វើ ក៏ធ្វើទៅ
* សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា នៅសល់តែប៉ុន្មានថ្ងៃទៀត ហ្គេមអនឡាញនឹងបញ្ចប់វត្តមាននៅកម្ពុជាទាំងស្រុង
* សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ប្រទេសណាបង្កើតមានឲ្យមានហ្គេមអនឡាញក៏បង្កើតចុះ ប៉ុន្ដែកម្ពុជាមិនបង្កើតឲ្យមានជាដាច់ខាត
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ត្រូវកែច្នៃអ្វីដែលជាមុខរបរថ្មី បើទោះបីគ្មានអនឡាញក៏ដោយ
* នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជំរុញឲ្យបន្ដការផលិត ដើម្បីផ្គត់ផ្គង់ទេសចរ ដែលជាទិសដៅ «នាំចេញនៅនឹងកន្លែង» កាត់បន្ថយការនាំចូល
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់ឲ្យជំរុញការដាំដុះ ការចិញ្ចឹមសត្វ នៅកន្លែងដែលគៀកតំបន់ទេសចរណ៍ ដែលធ្វើឲ្យប្រជាពលរដ្ឋមានទីផ្សារដើម្បីលក់ផលិត
* សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងចង់ឯករាជ្យម្ចាស់ការរបស់យើង កុំពឹងផ្អែកលើការអនុគ្រោះនេះ ឬអនុគ្រោះនោះ ពីអ្នកណាទាំងអស់
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចាប់ពីឆ្នាំក្រោយនេះ សម្ដេចនឹងបង្កើតឲ្យមានជំនួបជាមួយម្ចាស់សហគ្រាស ធុនតូច និងមធ្យម ដើម្បីស្វែងពីតម្រូវការ
* សម្ដេចនាយករដ្ឋមន្ដ្រី បានប្រាប់ឲ្យពង្រីក និងពង្រឹងការតភ្ជាប់ផ្លូវថ្នល់ នៅតំបន់មាត់សមុទ្រ
* សម្ដេចតេជោ ហ៊ុន សែន មិនត្រូវមើលស្រាលការធ្វើដំណើរតាមផ្លូវទឹកនោះទេ ដូច្នេះត្រូវប្រុងប្រយ័ត្នលើបញ្ហានេះ ព្រោះនៅបរទេសឧស្សាហ៍គ្រោះថ្នាក់ណាស់
* សម្ដេចតេជោ បានបញ្ជាឲ្យពិនិត្យជាប្រចាំនូវមធ្យោបាយធ្វើដំណើរទាំងអស់នោះ ដោយមន្ទីរទេសចរណ៍ ឬអាជ្ញាធរខេត្ត ដើម្បីកុំឲ្យមានគ្រោះថ្នាក់
* សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ ចំពោះស្ដ្រីជនជាតិអង់គ្លេសម្នាក់ ដែលជួបគ្រោះថ្នាក់នៅខេត្តព្រះសីហនុកាលពីពេលកន្លងទៅ
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើបុណ្យសមុទ្រមិនមែនសម្រាប់ខេត្តម្ចាស់ផ្ទះទេ គឺសម្រាប់ខេត្តផ្សេងៗទាំងអស់
* សម្ដេចតេជោ ហ៊ុន សែន សុំអភ័យទោសចំពោះប្រជាពលរដ្ឋខេត្តកំពត ដោយសារអវត្តមានរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រោះម្ដាយក្មេកសម្ដេចកំពុងមានជំងឺ
* សម្ដេចតេជោ ហ៊ុន សែន ប្រាប់អភិបាលខេត្តកំពត រៀបចំការរាំលេងកម្សាន្ដ នៅក្នុងពិធីបុណ្យសមុទ្រ ដើម្បីអបអរឆ្នាំថ្មីរួមគ្នាតែម្ដង
* សម្ដេចតេជោ ហ៊ុន សែន ថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត និងមានការចូលរួមពីស្ថាប័ននានា ដែលដឹកនាំដោយរដ្ឋមន្ដ្រី ថោង ខុន ក្នុងការររៀបចំបុណ្យសមុទ្រលើកទី៨នេះ
* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យ នៅវេលាម៉ោង០៧៖២៣នាទី, សូមអរគុណចំពោះទស្សនាការផ្សាយផ្ទាល់៕