(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមហ៊ុន 7NG បានបន្ដប្រគល់ដីជូនអតិថិជនរបស់ខ្លួន ចំនួន៧,៧៧៧ឡូត៍ ជាលើកទី៥ តាមអ្វីដែលខ្លួនបានសន្យានាពេលកន្លងមក ស្ថិតនៅក្នុងឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្រោមអធិបតីភាព លោកឧកញ៉ា ស្រី ចន្ធូ អគ្គនាយកក្រុមហ៊ុន 7NG Group Co,.Ltd តំណាងលោកឧកញ៉ា ស្រី សុធា។
ថ្លែងក្នុងឱកាសនោះ លោកឧកញ៉ា ស្រី ចន្ធូ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលមានភាពជឿជាក់លើក្រុមហ៊ុន 7NG និងយោគយល់អធ្យាស្រ័យដល់ក្រុមហ៊ុន នៅពេលមានភាពយឺតយ៉ាវ ក្នុងការប្រគល់ដីនាពេលកន្លងមក បើទោះជាមានក្រុមមួយក្តាប់តូចមិនពេញចិត្ត និងតែងតែប្រើគ្រប់វិធីដើម្បីញុះញង់ ឲ្យអតិថិជនទាំងអស់តវ៉ា ក្នុងគោលបំណងបំផ្លាញកិត្តិយសរបស់ក្រុមហ៊ុន។
លោកឧកញ៉ា ស្រី ចន្ធូ បានអះអាងទៀតថា ក្រុមហ៊ុន 7NG និងបន្តសហការជាមួយ អាជ្ញាធរឃុំវិហារសួគ៌ កសាង និងអភិវឌ្ឍ តំបន់នេះឲ្យមានភាពរីកចម្រើនបន្ថែមទៀត សម្ដៅបង្កើតឱកាសអាជីវកម្ម និងការងារជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។
លោកឧកញ៉ាថា ជាក់ស្ដែងតាមរយៈសន្ដិភាពនេះហើយ បានធ្វើឲ្យក្រុមហ៊ុន 7NG Group ទទួលបាននូវការគាំទ្រជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋជាច្រើន បានមកធ្វើការទិញដីឡូតិ៍ ពីដំណាក់កាលទី១ រហូតមកដល់ដំណាក់ ការចុងក្រោយ និងរហូតមកដល់ដំណាក់ការនេះ ក្រុមហ៊ុនបានធ្វើការប្រគល់ជូនប្លង់ដីឡូតិ៍ យ៉ាងពិតប្រាកដដោយពុំមានបោកប្រាស់ ឬធ្វើខុសតាមអ្វីដូចការលើកឡើង របស់ជនខិលខូចមួយចំនួន បានផ្សព្វផ្សាយនោះឡើយ ហើយផ្ទុយទៅវិញ ក្រុមហ៊ុនបានខិតខំបំពេញជូន តាមតម្រូវការរបស់អតិថិជនគ្រប់យ៉ាង។
លោកឧកញ៉ា ស្រី ចន្ធូ បន្ដទៀតថា ក្រុមហ៊ុន 7NG Group បានចូលរួមចំណែកជាមួយរាជ្ឋាភិបាលជាច្រីន ដែលមានដូចជា៖ ការបង្កើតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បេតុងខ្វាត់ខ្វែងជាច្រើន ឆ្លងកាត់ពីភូមិមួយទៅភូមិមួយ, រោងចក្រចំនួន២០រោងចក្រ, រៀបចំបង្កើតប្រព័ន្ធទឹកភ្លើង ពិសេសរួមទាំងជួយផ្សព្វផ្សាយ ទៅដៃគូវិនិយោគមួយចំនួនទៀតផង។
ជាមួយគ្នានេះ លោក សន សុខា ជំនួយការឃុំវិហារសួគ៌ តំណាងលោកមេឃុំ បានអះអាងដូចគ្នាថា ក្រុមហ៊ុន 7NG Group ពិតជាក្រុមហ៊ុន ដែលអភិវឌ្ឍន៍ពិតប្រាកដ មិនដូចជាការលើកឡើងថា ក្រុមហ៊ុនពុំមានដីឡូត៍ជូនអតិថិជននោះទេ ផ្ទុយទៅវិញក្រុមហ៊ុន បាននិងកំពុងបន្តប្រគល់ជូនអថិជន ដែលមានដីឡូត៍ដែលបានទិញរួចផងដែរ ដូចអ្វីដែលឃើញនៅពេលនេះស្រាប់។
លើសពីនេះ ប្រជាពលរដ្ឋដែលមកទទួលដីឡូត៍ពីក្រុមហ៊ុន 7NG បានមានក្ដីសប្បាយរីករាយនៅពេលខ្លួនទទួលបានដីដែលបានទិញកន្លងមក ព្រមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធស្រាប់ផងដែរ។ លោករិទ្ធី បានបញ្ជាក់ទៀតថា បើទោះបីជាមានភាពយឺតយ៉ាវបន្ដិចប្រាកដមែន ប៉ុន្ដែក្រុមហ៊ុនមិនបានបោកប្រាស់ប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ខ្លួននោះទេ។
លោករិទ្ធី បានឲ្យដឹងទៀតថា ដីឡូត៍ដែលក្រុមហ៊ុនប្រគល់នៅថ្ងៃនេះ គឺចំកន្លែងពិតប្រាកដដូចក្នុងប្លង់ដែលខ្លួនបានទិញ។ លោកក៏បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានរក្សាសន្ដិភាព និងបង្កឲ្យមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។
គួរជម្រាបថា រហូតមកដល់ពេលនេះ ក្រុមហ៊ុន 7NG Group Co,.Ltd បានប្រគល់ជូនប្លង់ដីឡូតិ៍ ជូនអតិថិជនរបស់ខ្លួន ចំនួន៥លើករួចមកហើយ និងគ្រប់ចំនួន ដូចការសន្យារបស់លោកឧកញ៉ា ស្រី សុធា អគ្គនាយកក្រុមហ៊ុន 7NG ថា ក្រុមហ៊ុនលោកនឹងប្រគល់ដីឡូតិ៍ដល់អតិថិជនឲ្យគ្រប់ចំនួននៅដំណាច់ឆ្នាំ២០១៩នេះ។ ជាក់ស្តែងនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមហ៊ុនលោកពិតជាបានប្រគល់ដីឡូតិ៍ដែលមានចំនួនជាង ២៩២៧៧ម៉ឺនឡូត៍ ពិតប្រាដកដូចការសន្យាមែនដែេលមានទីតាំងស្ថិតនៅភូមិវិហារសួគ៍ ឃុំវិហារសួរគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕