(ភ្នំពេញ)៖ The Peninsula Private Residences ដែលមានទីតាំងស្ថិតនៅតំបន់ជ្រោយចង្វារ ទីក្រុងរណបថ្មី បានរៀបចំកម្មវិធី «ការចែករំលែកចំនេះដឹងបំណាច់ឆ្នាំ២០១៩» នៅការិយាល័យលក់របស់គម្រោងផ្ទាល់ ដោយមានវត្តមានវាគ្មិនបីរូបគឺ៖ លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ, លោក Yong Ching San នាយកគ្រប់គ្រងឥនទានធនាគារ អរ អេច ប៊ី (RHB), និង លោក Thomas O’Sullivan នាយកប្រតិបត្តិនៃ ក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ (http://Realestate.com.kh)។

លោក ឃ្លាំង ហួត បានថ្លែងថា ខណ្ឌជ្រោយចង្វារ គឺជាខណ្ឌមួយដ៏មានសក្តានុពលខ្លាំងក្លាលេខ១ របស់រាជធានីភ្នំពេញ សម្រាប់ការវិនិយោគ ទៅលើវិស័យអចលនទ្រព្យ នៅក្នុងចំណោមខណ្ឌនានាស្ថិតនៅតាមជាយក្រុង ហើយជាខណ្ឌមួយដែលកំពុងមានអនាគតភ្លឺស្វាង។ លោកបន្តថា បើនិយាយអំពីបរិស្ថាននៅខណ្ឌជ្រោយចង្វារវិញ គឺមិនមានការបារម្ភរឿងទឹកលិចទេ ព្រោះមានទន្លេ២ គឺទន្លេមេគង្គ និងទន្លេសាប ហើយទីតាំងនេះដែរក៏បានផ្តល់នូវបរិយាកាស និងខ្យល់អាកាសល្អក្នុងការរស់នៅ។

លោកអភិបាលខណ្ឌ បានបន្ថែមថា បើនិយាយពីសន្តិសុខ ខណ្ឌជ្រោយចង្វារកាន់តែល្អឥតខ្ចោះ បើប្រៀបធៀបនឹងខណ្ឌដទៃ ដែលជាកត្តាមួយធ្វើឲ្យវិនិយោគិន យកចិត្តទុកដាក់ពិចារណាលើការវិនិយោគផងដែរ។ លោកអះអាងថា កត្តាមួយទៀត ដែលធ្វើឲ្យមានអំណោយផលលើការវិនិយោគ លើវិស័យអចលនទ្រព្យ ដោយសារខណ្ឌជ្រោយចង្វារ គឺជាភូមិសាស្ត្រតំបន់ថ្មី។ តំបន់ថ្មីនេះ មានការរៀបចំប្លង់មេ និងហេដ្ឋារចនាសម្ព័ន្ធល្អ ជាងតំបន់ដទៃទៀត ដែលនៅតាមជាយក្រុងតែម្តង ដោយការធ្វើរដំណើរពុំមានការកកស្ទះ។

«កន្លែងនេះ តាំងពីសម័យសង្គមរាស្ត្រនិយមមក ដល់សម័យរដ្ឋកម្ពុជា ទឹកអត់មាន ភ្លើងអគ្គិសនីអត់មាន ផ្លូវមានតែផ្លូវជាតិលេខ៦មួយគត់។ ហើយអ្នកប្រកបរបរចិញ្ចឹមជីវិត នៅតំបន់នេះ គឺកសិកម្ម និងនេសាទ ... តែតំបន់មួយនេះបានប្រែក្លាយមុខមាត់មិនគួរជឿ ក្លាយជាតំបន់មានការលក់ដូរ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ផ្នែកអចលនទ្រព្យ។ បច្ចុប្បន្ននេះមានគម្រោងវិនិយោគធំៗជាច្រើនបានចូលមកអភិវឌ្ឍន ហើយតំបន់នេះនឹងក្លាយជាទីក្រុងដ៏ស៊ីវិល័យមួយនាអនាគត»។ លោកអភិបាលខណ្ឌ គូសបញ្ជាក់។

ជាចុងក្រោយ លោកក៏បានផ្តល់នូវអនុសាសន៍ដល់អ្នកអភិវឌ្ឍន៍គម្រោងនានា ឲ្យមានការយកចិត្តទុកដាក់ខ្លាំងទៅលើគុណភាព និងស្តង់ដារនៃសំណង់អគារទាំងឡាយ ដើម្បីផ្តល់ជាទំនុកចិត្តដល់អ្នកដែលមានបំណង វិនិយោគទៅលើផ្នែកនេះ រួមទាំងអ្នកដែលមានបំណងស្វែងរកទិញ សម្រាប់ការរស់នៅផងដែរ។

ក្នុងកម្មវិធីនេះ លោក Yong Ching San បានលើកឡើងអំពីស្ថេរភាពនៃកម្រិត GDP ដែលប្រទេសកម្ពុជានៅតែអាចរក្សាបានកម្រិត៧% ផងដែរ។ លោកក៏បានបញ្ជាក់ទៀតថា នៅក្នុងឆ្នាំ២០១៩ មានគម្រោងប្រមាណ ២០៤៧គម្រោង ដែលបានសហការជាមួយធនាគារ អរ អេច ប៊ី។

លោកបានបន្តថា លើសពីនេះ តម្លៃជួលរបស់ខុនដូរក៏មានការកើនឡើងរហូតដល់ ៤.៣% កម្រិតប្រភេទខុនដូរកម្រិតមធ្យម ៣% សម្រាប់ប្រភេទខុនដូប្រណីត បើទោះបីជាចំនួនខុនដូមានការកើនឡើងរហូតដល់ ៩%ក្តី។ ទាំងនេះជាកត្តាដែលជំរុញដល់វិនិយោគិន ទាំងក្នុង និងក្រៅប្រទេស កាន់តែមានការយកចិត្តទុកដាក់ មកលើការវិនិយោគលើវិស័យអចលនទ្រព្យនេះ។

វាគ្មិនមួយរូបទៀតគឺលោក Thomas O’Sullivan បានបង្ហាញអំពីនិន្នាការនៃវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា។ លោកបានលើកឡើងថា អ្នកវិនិយោគបានជឿជាក់ថា ការទិញខុនដូ គឺជាការវិនិយោគដ៏ល្អមួយនៅក្នុងវិស័យអចលនទ្រព្យ ហើយ៥៧% នៃអ្នកវិនិយោគមកពីក្រៅប្រទេស បានផ្តោតទៅលើការវិនិយោគទៅលើខុនដូ។

លើសពីនេះ អ្នកវិនិយោគក្នុងស្រុកក៏បានមើលឃើញពីភាពវិជ្ជមាន ក្នុងការជួលខុនដូនាពេលបច្ចុប្បន្ន ហើយបានចាប់ផ្តើមផ្តោតទៅលើការវិនិយោគទិញខុនដូផងដែរ។ លោក Thomas O’Sullivan ក៏បានបញ្ជាក់បន្ថែមផងដែរថា នៅពេលដែលគេស្វែងរកខុនដូសម្រាប់វិនិយោគ ឬសម្រាប់ស្នាក់នៅ ទីតាំងគឺជាកត្តាចម្បង ដែលគួរពិចារណាជាពិសេសតំបន់សែនសុខ និងជ្រោយចង្វារដែលជាទីតាំងមានតម្រូវការកើនឡើងជាង ១៤%។

សូមបញ្ជាក់ថា កម្មវិធីការចែករំលែកចំណេះដឹងបំណាច់ឆ្នាំ២០១៩នេះ មានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន រួមមានអតិថិជនដែលបានទិញខុនដូនៅ The Peninsula Private Residences អតិថិជនដែលកំពុងមានបំណងស្វែងរកទិញខុនដូសម្រាប់ស្នាក់នៅ និងសម្រាប់វិនិយោគ និងភ្នាក់ងារដៃគូអចលនទ្រព្យផ្សេងៗ។ ពួកគាត់ពិតជាមានភាពរីករាយ ដែលទទួលបាននូវការចែករំលែកទាក់ទងនឹងវិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា និងនិន្នាការនៃវិស័យអចលនទ្រព្យ និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជា ជាពិសេសតំបន់ជ្រោយចង្វារតែម្តង។

The Peninsula Private Residences គឺជាគម្រោងដ៏ប្រណីតមួយក្នុងចំនោមគម្រោងនានា ក្នុងតំបន់ជ្រោយចង្វារ ដែលអ្នកវិនិយោគ និងអ្នកដែលស្វែងរកទិញសម្រាប់ស្នាក់នៅទាំងអស់ មិនគួរមើលរំលងឡើយ៕