(កំពង់ឆ្នាំង)៖ សំពត់សឹងជាផលិតផលដោយស្នាដៃកូនខ្មែរ តាំងពីដូនតាមក ផលិតផលនេះបច្ចុប្បន្នត្រូវបានកូនខ្មែរជំនាន់ក្រោយធ្វើការអភិរក្ស មិនឲ្យបាត់បង់ឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង បានចុះទៅដល់ភូមិមួយ ដែលមានឈ្មោះថាភូមិត្បែង ភូមិនេះស្ថិតក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ដែលមានចម្ងាយពីខេត្តកំពង់ឆ្នាំងប្រមាណ២០គីឡូម៉ែត្រ និងបានជួបជាមួយគ្រួសារពីរ ដែលបានប្រកបមុខរបរ តម្បាញសំពត់សឹង រយៈពេលជិតពីរឆ្នាំមកហើយ ដោយទទួលបានជោគជ័យពីមុខរបរនេះផងដែរ។
ដោយដំបូងគាត់បានចាប់ផ្ដើមមានកីតម្បាញត្រឹមតែមួយប៉ុណ្ណោះ តែបច្ចុប្បន្នមានរហូតដល់ទៅ៥កី ហើយកំពុងព្យាយាមពង្រីកបន្ថែមទៀត នៅពេលមានថវិកាគ្រប់គ្រាន់។ នេះអាចថាជាគ្រួសារទីមួយ ដែលចាប់យកមុខរបរនេះ ក្នុងខេត្តកំពង់ឆ្នាំង ព្រោះកន្លងមកការតម្បាញសំពត់ស៊ឹង ជាស្នាដៃខ្មែរក្នុងខេត្តនេះ មិនដែលមាននោះឡើយ។
ស្ត្រីឈ្មោះ ចាន់ ណារិន អាយុ៣២ឆ្នាំ ជាជនពិការជើងមួយជំហៀងតាំងពីអាយុ៣ឆ្នាំ បានឲ្យដឹងថា រូបគាត់ និងបងប្អូនចំនួន៤នាក់ បានទៅរៀនត្បាញសំពត់ សឹងនៅឯឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល តាំងពីនៅតូចៗមកម្ល៉េះ។ ក្រោយពីចេះត្បាញហើយពួកគាត់ បានប្រកបមុខរបរត្បាញសំពត់សឹង នៅទីនោះទាំងអស់គ្នារយៈពេល៦-៧ឆ្នាំ។
ប៉ុន្តែក្រោយមកសំពត់សឹងបានចុះថោក តែវត្ថុធាតុដើមនៅតែថ្លៃដដែល ធ្វើឲ្យពួកគាត់មិនអាចផលិតបានទៀតឡើយ ហើយក៏បានវិលត្រឡប់មកកាន់ ស្រុកកំណើត នៅឯខេត្តកំពង់ឆ្នាំងវិញ ដោយប្រកបរបរធ្វើស្រែចំការជាធម្មតា។ ក្រោយមកបងប្អូននៅកោះដាច់ បានប្រាប់ថា សំពត់សឹងមានហាងឆេងវិញហើយ គាត់ក៏បានចងការប្រាក់គេ ទិញបានកីតម្បាញមួយ និងយកវត្ថុធាតុដើមពីខេត្តកណ្ដាល យកមកត្បាញ គ្រាន់តែជាង៦ខែសោះ មុខរបរមួយនេះ កាន់តែមានភាពរីកចម្រើនមកដល់សព្វថ្ងៃ ដែលមានកីតម្បាញរហូតចំនួន៥កីទៅហើយ សុទ្ធសឹងតែជាបងប្អូនបង្កើតនឹងគ្នា ដោយចែកគ្នាចាប់យកអាជីពមួយនេះ រហូតមក។
បច្ចុប្បន្នសំពត់សឹងត្រូវបានអតិថិជនកម្ម៉ង់ទិញច្រើនដែរ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ កាលពីពេលកន្លងទៅ ក្រៅពីអតិថិជនមកទិញដល់ផ្ទះ សំពត់សឹងដែលផលិតបាន គឺយកទៅបោះដុំនៅ ឯកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមិនមានលក់នៅទីផ្សារខេត្តកំពង់ឆ្នាំងនេះទេ។
ចំណែកបងស្រីរបស់ លោកស្រី ចាន់ ណារិន និងប្តីបានឲ្យដឹងថា គាត់បានទៅរៀននៅឯកោះដាច់ខេត្តកណ្ដាល ដែលជាផ្ទះម្តាយមីង តាំងពីអាយុជាង១០ឆ្នាំមកម៉្លេះ កន្លងមកពួកគាត់បានចាប់យកមុខរបរត្បាញ សំពត់សឹងទាំងអស់គ្នា តែឥឡូវនេះដោយសារតែមុខរបររបស់គាត់ បានរីកចម្រើនហើយ គាត់ក៏មានគម្រោងនឹងដំឡើងកីសូត្របន្ថែមទៀត ចំពោះកីសូត្រ ក្នុង១កីត្រូវចំណាយប្រាក់អស់៥លានរៀល បច្ចុប្បន្ននេះទាំងសំពត់សឹង និងសំពត់សូត្រ សុទ្ធសឹងតែមានទីផ្សារទាំងអស់ ដូច្នេះហើយទើបពួកគាត់ និងរៀបចំតំឡើងកីសូត្រឲ្យបានពីមួយគ្រឿង ទៅពីរគ្រឿងនៅក្នុងបំណាច់ឆ្នាំ។
ដោយឡែកស្ដ្រីម្នាក់ទៀត ត្រូវជាប្អូនលោកស្រី ចាន់ ណារិន ដែលជាជនពិការភាពនោះ បានលើកឡើងថា បន្ទាប់ពីពួកគាត់រកស៊ីត្បាញសឹង រយៈពេលជិត២ឆ្នាំមកនេះ គាត់បានទិញដីមួយកន្លែង និងបានសង់ផ្ទះមួយខ្នងរស់នៅយ៉ាងសមរម្យ ដែលពីមុនមកគាត់បានជ្រកនៅក្រោមដំបូលផ្ទះ ជាមួយម្ដាយ។ ជាមួយគ្នានេះដែរ ពួកគាត់បានសំណូមពរដល់ប្រជាពលរដ្ឋ សូមជួយគាំទ្រស្នាដៃកូនខ្មែរ គឺផលិតផលតម្បាញសំពត់សឹងរបស់ខ្មែរយើងនេះ ដើម្បីជាការលើកទឹកចិត្តដល់ពួកគាត់។
សូមបញ្ជាក់ថា ជាមធ្យមក្នុងកីតម្បាញមួយ អាចរកចំណូលបានពី៣០០ដុល្លារ ទៅ៤០០ដុល្លារក្នុងមួយខែ ដែលចំណូលនេះអាចច្រើនជាងកម្មករ តម្បាញតាមរោងចក្រ ប៉ុន្តែមុខរបរមួយនេះអាចនៅជួបជុំគ្រួសារ និងអាចមើលថែរកូនចៅ ឪពុកម្តាយចាស់ជរាបានផងដែរ៕