(សៀមរាប)៖ បុគ្គលិករបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ប្រមាណជាង៧០នាក់ មកពីការិយាល័យសាខានានា ស្ថិតក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានរួមគ្នាបរិច្ចាគឈាមក្រោមប្រធានបទ «បរិច្ចាគឈាម ដើម្បីសង្រ្គោះជីវិត និងផ្តល់ក្តីស្រលាញ់»។
កម្មវិធីនេះបានប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលផ្តល់ឈាមខេត្តសៀមរាប ដែលស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួម ពីលោកប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ប្រធាន និងបុគ្គលិកមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងនាយកសាខា និងបុគ្គលិក ហត្ថាកសិករ លីមីតធីត ដែលកំពុងបម្រើការងារនៅក្នុងខេត្តសៀមរាប។
ការបរិច្ចាគឈាមរបស់បុគ្គលិកហត្ថាកសិករក្នុងថ្ងៃនេះ បានសបញ្ជាក់យ៉ាងច្បាស់ អំពីការចូលរួមយ៉ាងសកម្ម ក្នុងសកម្មភាពទំនួលខុសត្រូវ ផ្នែកសង្គមជាមួយការយកចិត្តទុកដាក់ ការស្រលាញ់ និងចូលរួមដើម្បីជាប្រយោជន៍ដល់សហគមន៍ និងសង្គមជាតិ។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានសម្តែងនូវសេចក្តីសប្បាយរីករាយ ដោយឃើញបុគ្គលិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង។
លោកបានលើកឡើងថា «ខ្ញុំពិតជាសប្បាយរីករាយជាខ្លាំង ដែលក្រុមការងារហត្ថាកសិករ បានរួមគ្នាស្ម័គ្រចិត្ត ដើម្បីបរិច្ចាគឈាមនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាបក្នុងថ្ងៃនេះ ហើយឈាមដែលបរិច្ចាគនេះ នឹងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ បានទាន់ពេលវេលា ពីព្រោះមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នឹងផ្តល់ឈាមជូនអ្នកជំងឺភ្លាមៗ ប្រសិនបើគាត់ត្រូវការបន្ទាន់ និងចាំបាច់ដោយមិនតម្រូវឲ្យរកមនុស្សមកបរិច្ចាគដើម្បីផ្លាស់ប្តូរឡើយ»។
លោក កៅ គីវុធ នាយកសាខាហត្ថាកសិករ ខេត្តសៀមរាប បានលើកឡើងដែរថា ដោយយល់ច្បាស់ពីភាពចាំបាច់ នៃតម្រូវការឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺ ទើបបុគ្គលិកហត្ថាកសិករ ដែលកំពុងបម្រើការងារនៅការិយាល័យសាខានានា ក្នុងខេត្តសៀមរាប បានមកបរិច្ចាគឈាម។ លោកបន្តថា ការបរិច្ចាគឈាម ពិតជាសំខាន់ណាស់ ព្រោះអាចជួយសង្គ្រោះជីវិតមនុស្ស និងធ្វើឲ្យមនុស្សជាច្រើននៅជុំវិញគាត់សប្បាយរីករាយ។ ជាចុងក្រោយលោកសង្ឃឹមថា សកម្មភាពក្នុងថ្ងៃនេះនឹងក្លាយជាគម្រូដ៏ល្អ ព្រមទាំងអាចជួយបំផុសបំផុលឲ្យមានការស្ម័គ្រចិត្តបរិច្ចាគឈាមកាន់តែច្រើន។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ក៏បានបង្ហាញចំណាប់អារម្មណ៍បើកកម្មវិធី ដោយកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិកហត្ថាកសិករ សម្រាប់ទឹកចិត្ត និងការស្រុះស្រួលគ្នាមកបរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត និងផ្តល់ក្តីស្រលាញ់នាពេលនេះ។
លោកបន្តថា ការបរិច្ចាគឈាមផ្តល់អត្ថប្រយោជន៍សំខាន់ធំៗ ចំនួនបីគឺ ទី១៖ ជួយឲ្យអ្នកបរិច្ចាគមានសុខភាពល្អ, ទី២៖ ជួយសង្គោះជីវិតមនុស្ស និងទី៣៖ ជាការចូលរួមក្នុងសកម្មភាពសង្គមដ៏សំខាន់។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា លុយមិនអាចទិញជីវិតបានទេ ប៉ុន្តែឈាមមួយកំប្លោក អាចសង្គ្រោះជីវិតមនុស្សបាន។
សូមបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានបទពិសោធន៍ជាង២៥ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន ហត្ថាកសិករ លីមីតធីត មានការិយាល័យសាខា ចំនួន១៧៦ ដើម្បីបម្រើសេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាបើកប្រាក់បៀរវត្ស និងសេវាធនាគារ ចល័តជូនអតិថិជន ព្រមទាំងមានទូ ATM ចំនួន១២៩ នៅទូទាំង២៥ខេត្ត/ក្រុង ក្នុងប្រទេសកម្ពុជា។
ហត្ថាកសិករ លីមីតធីត គឺជាបុត្រសម្ព័ន្ធធនាគារក្រុងស្រ៊ី (Krungsri) ដែលជាធនាគារពាណិជ្ជធំបំផុតលំដាប់ទី៥ នៃប្រទេសថៃឡង់ដ៏ និងជាសមាជិករបស់ MUFG ដែលជាសម្ព័ន្ធធនាគារធំជាងគេ នៅប្រទេសជប៉ុន និងជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតមួយនៅក្នុងពិភពលោក៕