(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានបង្ហោះសារនៅលើ Facebook ដោយអញ្ជើញប្រជាពលរដ្ឋចូលរួមកម្មវិធីកម្សាន្ដសប្បាយ ជាមួយការសម្ដែងសិល្បៈ និងកម្មវិធីជាច្រើនទៀត ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តកំពត ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃនេះ សម្ដេចនឹងអញ្ជើញចូលរួមបុណ្យសមុទ្រនៅខេត្តកំពតនេះផងដែរ។ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរជនរួមជាតិជួបតែសេចក្ដីសុខ និងបានសប្បាយរីករាយ ក្នុងថ្ងៃចុងសប្ដាហ៍ទាំងអស់គ្នា។
តាមរយៈ Facebook សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា៖
«ល្ងាចនេះ ខ្ញុំនឹងទៅចូលរួមពិធីបុណ្យសមុទ្រនៅខេត្តកំពត។ ពិធីបុណ្យសមុទ្រនេះ គឺចាប់ពីថ្ងៃទី២០ ដល់២២ ខែធ្នូ ឆ្នាំ២០១៩។ សូមអញ្ជើញបងប្អូនជនរួមជាតិ និងក្មួយៗ យុវជនចូលរួមសប្បាយរីករាយជាមួយកម្មវិធីសម្តែងសិល្បៈយប់នេះផង និងទិញទំនិញនៅតាមស្តង់ជាច្រើន ដែលបានរៀបចំនៅទីតាំងប្រារព្ធកម្មវិធី ព្រមទំាងស្នាក់កម្សាន្ដសប្បាយនៅតំបន់ឆ្នេរសមុទ្រខេត្ដកំពត។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងបានសប្បាយរីករាយ ក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា»។
សូមរំលឹកថា ពិធីបុណ្យសមុទ្រ ត្រូវបានធ្វើឡើងលើកដំបូងនៅខេត្តព្រះសីហនុ ឆ្នាំ២០១១ ក្នុងគោលបំណងអបអរសាទរ ការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក និងរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
ការរៀបចំពិធីបុណ្យសមុទ្រពីមួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមកាន់តែផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ដែលរៀបចំធ្វើឡើងក្នុងខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» នឹងមានព្រឹត្តិការណ៍ជាច្រើន ដើម្បីទាក់ទាញអ្នកចូលរួមលេងកម្សាន្ត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ មានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ៕