(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ និងតំបន់ប្រតិបត្តិការសឹករងខេត្ត នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរប្អូនៗ ជាយុវជន ដែលបានស្ម័គ្រចិត្តទៅចូលរួមប្រលងយកក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ នៅមណ្ឌលប្រឡងយោធភូមិភាគទី៤ ខេត្តសៀមរាប។
ពិធីនេះប្រព្រឹត្តឡើងក្រោមវត្តមាន គោ ស៊ុមប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងលោកឧត្តមសេនីយ៍ ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយទាហាន នាយទាហានរង និងអាណាព្យាបាលបេក្ខជន បេក្ខនារីជាច្រើនរូបទៀត។
ស្ថិតក្នុងឱកាសនោះលោក គោ ស៊ុប៊ុនសឿត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់លោក ប្រាក់ សុវណ្ណ ជូនចំពោះប្អូនៗ ជាបេក្ខជនទាំងអស់ ដែលត្រូវចូលរួមប្រឡងយកក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅថ្ងៃស្អែកនេះ នៅឯខេត្តសៀមរាប។
លោកអភិបាលរងខេត្ត បានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ សូមជូនពរក្មួយៗ និងប្អូនៗទាំងអស់ ដែលបានទៅចូលរួមប្រឡងនេះ សូមអោយទទួលបានជោគជ័យទាំងអស់គ្នា និងសូមជូនពរឱ្យការធ្វើដំណើរប្រកបដោយសុវត្ថិភាព ទាំងទៅ និងត្រឡប់មកវិញ។
លោក គោ ស៊ុប៊ុនសឿត ក៏បានលើកឡើងថា បច្ចុប្បន្ននេះទោះបីប្រទេសយើងស្ថិតក្នុងសន្តិភាព ក៏ពិតមែន ប៉ុន្តែវិស័យការពារជាតិ ជាឆ្អឹងខ្នងជួយទ្រទ្រង់ និងបន្តសន្តិភាព។ ដូច្នេះ ក្នុងនាមប្អូនៗ ជាអ្នកបន្តវេន ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ក្នុងការថែរក្សាសន្តិភាពនេះ ឱ្យបានយូរអង្វែងទៅមុខទៀត។
លោកអភិបាលរងខេត្ត ក៏បានគូសបញ្ជាក់ទៀតថា បើវិសយ័ការពារជាតិយើងខ្សោយទន់ជ្រាយ យើងក៏មិនអាចថែរក្សាសន្តិភាពបានដែរ ហើយប្រទេសជិតខាងគេនឹងមើលងាយ ប៉ុន្តែបច្ចុប្បន្ននេះ ទោះបីប្រជាពលរដ្ឋខ្មែរ បានរស់នៅក្រោមម្លប់សន្តិភាព ដែលរកបានមកដោយលំបាក ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែបើយើងមិនរួមគ្នាថែរក្សាទេ នោះសង្គ្រាមវាងាយនឹងកើតណាស់។ ដូច្នេះសូមយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលបានមកដោយលំបាកនេះ ឱ្យស្ថិតនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនជាងនេះតទៅទៀត។
លោកឧត្តមសេនីយ៍ទោ ច័ន្ធ សុភ័ក្ត្រា បានថ្លែងថា នេះជាសក្ខីភាពមួយដែល គួរឱ្យលើកទឹកចិត្តដល់ក្មួយៗ ដែលបានមកដាក់ពាក្យប្រឡង ចូលក្របខ័ណ្ឌ នៃកងយោធពលខេមរភូមិន្ទ លើវិស័យការពារជាតិបន្តវេន ជាមួយគ្នានេះដែរ ក្មួយៗសិស្សនិស្សិត ដែលបានដាក់ពាក្យប្រឡងចូល ក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងព្រះវិហារ កន្លងមកមានក្មួយៗ ជាច្រើននាក់នៅខេត្តព្រះវិហារ បានប្រឡងជាប់ចូល ក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយមួយចំនួនចេញទៅបម្រើការងារនៅតាមកងឯកភាពទូទាំងប្រទេស និងមានក្មួយៗមួយចំនួនទៀត កំពុងបន្តការសិក្សានៅក្នុង និងក្រៅប្រទេសផងដែរ។
លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានថ្លែងនូវការកោតសរសើរចំពោះក្មួយៗ ដែលមានស្មារតីស្មោះស្ម័គ្រជាទំពាំងស្នងឬស្សី ដើម្បីចូលរួមក្នុងវិស័យការពារជាតិត្រៀមជំនួសឱ្យអ៊ី ពូមីងយើងដែលនឹងត្រៀមចូលនិវត្តន៍នៅពេលខាងមុខ។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំក្មួយៗ សិស្សនិស្សិតជាច្រើននាក់ តែងតែដាក់ពាក្យប្រឡងចូលក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទយ៉ាងច្រើន សន្ធឹកសន្ធាប់ ដើម្បីចូលរួមក្នុងវិស័យការពារជាតិបន្តវេនពី អ៊ីពូមីង ជំនាន់មុន។ ជាក់ស្ដែងនៅព្រឹកថ្ងៃនេះក្មួយៗ សិស្សនិស្សិតចំនួន ១៨១នាក់ថ្មីទៀត ដែលរស់នៅក្នុងខេត្តព្រះវិហារ បានស្ម័គ្រចិត្តជាទំពាំងស្នងឫស្សី ក្នុងការបន្តវេនក្នុងវិស័យការពារជាតិ បានដាក់ពាក្យប្រឡងចូលក្នុងក្របខ័ណ្ឌ កងយោធពលខេមរភូមិន្ទ ហើយត្រូវបានចូលរួមក្នុងពិធីសំណេះសំណាល និងចែកសាលាកបត្រឯកជន ដើម្បីត្រៀមទៅប្រឡង នៅមណ្ឌលយោធភូមិភាគទី៤ ខេត្តសៀមរាប។
នៅក្នុងឱកាសនោះដែរ លោក ប្រាក់ សុវណ្ណ បានឧបត្ថម្ភប្រេងឥន្ធនៈចំនួន៥០០លីត្រ និងបាយម្នាក់១កញ្ចប់ ទឹកសុទ្ធ១ដប និងទឹកគ្រូច១កំប៉ុងផងដែរ៕