(បាងកក-ថៃ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ចូលរួមពិធីបើកសន្និបាតអន្តរជាតិហាឡាលប្រទេសថៃ លើកទី៦ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក Jurin Laksanawisit ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ។
សន្និបាតនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ទី២២ ខែធ្នូ ឆ្នាំ២០១៩ រៀបចំឡើងដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល នៃសាកលវិទ្យាល័យជុឡាឡុងកន សហការជាមួយក្រុមប្រឹក្សាកណ្តាលឥស្លាមថៃ និងវិទ្យាស្ថានស្តង់ដារហាឡាលថៃ ក្រោមប្រធានបទ «ដំណោះស្រាយវិទ្យាសាស្ត្រ នៃឧស្សាហកម្មហាឡាល»។
សន្និបាតនេះធ្វើឡើងក្នុងគោលបំណង សមាហរណកម្មជាប្រព័ន្ធ នៃស្តង់ដានីយកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅក្នុងដំណើរការហាឡាល បង្កើតនូវបណ្តាញហាឡាល និងជំនួបពាណិជ្ជកម្មហាឡាល នាំដល់ការបង្កើតតម្លៃបន្ថែមទៀតលើផលិតផល និងសេវាកម្មហាឡាល និងការប្រកួតប្រជែង ជាសាកល ជំរុញឲ្យហាឡាលថៃ ត្រូវបានទទួលស្គាល់ជាសាកល តាមរយៈការបង្ហាញពីភាពរីកចម្រើន នៃឧស្សាហកម្មហាឡាលថៃ ការពង្រឹងសមត្ថភាព បែបវិទ្យាសាស្ត្រ នៃស្ថាប័នហាឡាលថៃស្របតាមយុទ្ធសាស្ត្ររបស់ជាតិ ចែករំលែកភាពរីកចម្រើន នៃវិស័យឧស្សាហកម្មហាឡាល របស់បណ្តាប្រទេស ជុំវិញពិភពលោក ជាពិសេសសក្តានុពល នៃការងារ និងការវិនិយោគលើម្ហូបអាហារ និងឧស្សាហកម្មហាឡាល សម្រាប់បណ្តាប្រទេសដទៃទៀត ដែលបាននិងកំពុងអភិវឌ្ឍន៍ វិស័យឧស្សាហកម្មហាឡាលនេះ។
សន្និបាតនេះមានការចូលរួមដោយភ្ញៀវជាតិ និងអន្តរជាតិប្រមាណ ២០,០០០នាក់ មកពី៤០ប្រទេស រួមមានថ្នាក់ដឹកនាំប្រទេស សាកលវិទ្យាល័យ មន្ទីរពិសោធន៍ សហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកសិក្សាស្រាវជ្រាវ និងអតិថិជិនជាច្រើនកុះករ ដោយមានការតាំងពិព័រណ៍សេវាកម្មទេសចរណ៍ និងផលិតផលហាឡាល ដូចជាចំណីអាហារ វត្ថុប្រើប្រាស់ គ្រឿងសំអាង សរុបចំនួន៣៥០ស្តង់។
គួរជម្រាបជូនផងដែរថា នៅឆ្នាំ២០១៩នេះ ក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រឧស្សាហកម្មហាឡាលថៃ មានដល់ទៅជាង៨,០០០ក្រុមហ៊ុន លើផលិតផលជាង ១៦ម៉ឺនមុខ និងមានតម្លៃនាំចេញរហូតដល់ទៅ ៣២០,០០០លានបាត ស្មើនឹងប្រមាណ១០ពាន់លានដុល្លារអាមេរិក៕