(កណ្ដាល)៖ លោកឧត្តមសេនីយ៍ឯក ស្មាន់ សារៀន អនុប្រធាននាយកដ្ឋានបុគ្គលិក បានផ្ដាំផ្ញើរដល់មន្ត្រីនគរបាល ដែលមានតួនាទីជាអនុរក្សមណ្ឌលប្រឡងត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យទៅលើបេក្ខជន មិនត្រូវឱ្យបេក្ខជនមានទូរស័ព្ទដៃ អាយផេត និងក្រដាស់ប្រយ៉ុងចូលក្នុងបន្ទប់ប្រឡងជាដាច់ខាត។
លោកបានលើកឡើងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការរៀបចំយន្តការប្រឡងជ្រើសរើសបេក្ខភាពឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល សម្រាប់ក្របខ័ណ្ឌឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ នៅឯស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
លោក ស្មាន់ សារៀន បានសង្កត់ធ្ងន់ថា មន្ត្រីអនុរក្សផ្ទាល់មិនអនុញ្ញតឱ្យកាន់ទូរស័ព្ទដៃ អាយផេត ចូលក្នុងបន្ទប់ប្រឡងដែរ ជៀសវាងកើតមានកំហុសណាមួយ ដោយមិនដឹងខ្លួន។ ក្រៅពីការងារទាំងអស់នេះ មន្ត្រីអនុរក្សមានតួនាទី ត្រួតពិនិត្យ និងណែនាំទៅលើបក្ខជនឱ្យបំពេញឈ្មោះ លេខតុ លេខបន្ទប់ និងចុះហត្ថលេខា ឱ្យបានត្រឹមត្រូវផងដែរ។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានថ្លែងថា ដំណើរការប្រឡងជ្រើសរើសបេក្ខភាពឱ្យចូលបម្រើការងារ ក្នុងក្របខ័ណ្ឌនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល សម្រាប់ក្របខ័ណ្ឌ ឆ្នាំ២០១៩ ជ្រើសរើសយកតែ១៣៦កន្លែង (១៣៦នាក់) និង ប្រព្រឹត្តទៅនាព្រឹកថ្ងៃអាទិត្យទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ដោយមានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុប ៣៩៧នាក់/ ស្រី១០៥នាក់។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបន្តថា នៅក្នុងមណ្ឌលប្រឡងយើងបានរៀបចំមន្ត្រីនគរបាល ឱ្យធ្វើជាអនុរក្ស ត្រួតពិនិត្យ មានចំនួន ៣២រូប សហការជាមួយលោកនាយកសាលា និងលោកគ្រូ-អ្នកគ្រូ ជាច្រើនរូបទៀត។ ដូច្នេះមន្ត្រីនគរបាលដែលមានតួនាទី ជាអនុរក្សមណ្ឌលប្រឡង ត្រូវយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំពីបច្ចេកទេស រៀបចំយន្តការប្រឡងជ្រើសរើស របស់នាយកដ្ឋានបុគ្គលិក និងក្រសួងមហាផ្ទៃ៕