(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ម្ចាស់ការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៍ ស្ថិតក្នុងសង្កាត់ទឹកថ្លាថា ក្រុមហ៊ុនចាំបាច់ត្រូធ្វើជួសជុលផ្លូវសហពន្ធ័រុស្ស៊ី នៅចំណុចខូចស្រុតជាបន្ទាន់ឱ្យបានស្អាតឡើងវិញ ដើម្បីបង្កាគ្រោះថ្នាក់ជាយថាហេតុណាមួយ ដែលអាចកើតមានដល់ប្រជាពលរដ្ឋនៅតាមដងវិថីនេះ និងសំណូមពរឱ្យក្រុមហ៊ុនបន្តចូលរួមសហការ និងយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ និងសោភណ្ឌភាពសាធារណៈនៅចំណុចមុខការដ្ឋានសំណង់ជាបន្តទៀត។
លោក ម៉ូវ ម៉ានិត បានបញ្ជាក់បែបនេះ នៅក្នុងកិច្ខប្រជុំបន្ទាន់មួយ នាពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ នៅក្នុងកិច្ចប្រជុំពិភាក្សា ពាក់ព័ន្ធនឹងការ ខូចស្រុតផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ លោក ហេង ងួន ប្រធានអង្គភាពផ្លូវថ្នល់ នៃមន្ទីរសាធារការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយករដ្ឋបាល លោកប្រធានការិយាល័យពាក់ព័ន្ធ លោកចៅសង្កាត់ទឹកថ្លា និងអគ្គនាយកក្រុមហ៊ុនព្រីនស៍។
លោក ម៉ូវ ម៉ានិត បានបញ្ជាក់ទៀតថា ដោយពិនិត្យឃើញថា នៅចំណុចមុខការដ្ឋានសំណង់ក្រុមហ៊ុនព្រីនស៍ លើផ្លូវសហព័ន្ធរុស្ស៊ី មានការខូចស្រុត និងទទួលបានប្រសាសន៍ដឹកនាំពីលោកអភិបាលរាជធានីភ្នំពេញ។ ដូចនេះ រដ្ឋបាលខណ្ឌសែនសុខ បានបើកកិច្ចប្រជុំពិភាក្សាថ្ងៃនេះ ដើម្បីណែនាំ ឱ្យក្រុមហ៊ុនធ្វើការជួសជុលនៅចំណុចខូចស្រុតជាបន្ទាន់ឱ្យបានស្អាតឡើងវិញ ដើម្បីបង្ការគ្រោះថ្នាក់ ជាយថាហេតុណាមួយ ដែលអាចកើតមាន ដល់ប្រជាពលរដ្ឋនៅតាមដងវិថីនេះ និងសំណូមពរឱ្យក្រុមហ៊ុនបន្តចូលរួមសហការ និងយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់ របៀបរៀបរយបរិស្ថាន អនាម័យ និងសោភណ្ឌភាពសាធារណៈនៅចំណុចមុខការដ្ឋានសំណង់ជាបន្តទៀត។
ក្នុងកិច្ចប្រជុំនេះដែរ ខាងក្រុមហ៊ុន បានយល់ព្រមទទួលអនុវត្តជួសជុលតាមការសម្រេច របស់អង្គប្រជុំដូចខាងក្រោម៖
* ក្រុមហ៊ុនត្រូវធ្វើការជួសជុលអ៊ុតកៅស៊ូជាបេទីម នៅចំណុចដែលខូចស្រុតឱ្យបានស្អាតឡើងវិញ ជាបណ្តោះអាសន្ន ដោយចាប់ផ្តើមអនុវត្ត នៅដើមសប្ដាហ៍ទី១ ក្នុងខែមករា ឆ្នាំ២០២០ខាងមុខនេះ។
* ក្រុមហ៊ុនត្រូវធ្វើការជួសជុលគម្របអណ្តូង និងមាត់អណ្តូងលូដែលបានខូចបាក់បែក នៅចំណុចមុខការដ្ឋានសំណង់ឱ្យបានស្អាតឡើងវិញ៕