(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានបើកសន្និបាតប្រចាំឆ្នាំរបស់ខ្លួន ក្រោមអធិបតីភាពរបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា។
ជាការផ្តាំផ្ញើទៅអង្គសន្និបាត សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានផ្តល់អនុសាសន៍ដល់អង្គសន្និបាតឲ្យយកចិត្តទុកដាក់ពិភាក្សាលើតួនាទីរបស់អង្គការមហាជន និងចលនាមហាជន ដែលមានតួនាទីសំខាន់ជាជំនួយការគណបក្ស ធ្វើយ៉ាងណាឱ្យមានភាពងរឹមាំ ដោយគោរពតាមគោលការណ៍ដឹកនាំរបស់គណបក្ស។
សម្ដេចវិបុលសេនាភក្តី ក៏បានណែនាំដល់អង្គសន្និបាតឲ្យធ្វើការងារមហាជនជាប្រចាំ និងម៉ត់ចត់ និងផ្សារភ្ជាប់ជាមួយមហាជនឱ្យបានជិតស្និទ្ធ។
ក្នុងឱកាសនេះដែរ លោកស្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានថ្លែងអំពីតួនាទីរបស់គណៈចលនាមហាជន ក្នុងការវាយតម្លៃសតិអារម្មណ៍មហាជន ក្តាប់យកនូវតម្រូវការ ក៏ដូចជាសំណូមពរចាំបាច់របស់ពួកគាត់ ដើម្បីផ្តល់មតិយោបល់ជូនគណបក្ស។
លោកស្រីក៏បានថ្លែងពីសមិទ្ធផលនានា ដែលគណៈមហាជនសម្រេចបានក្នុងឆ្នាំកន្លងទៅផងដែរ។ លោក ហ៊ុន ម៉ានី អគ្គលេខាធិការគណៈចលនាមហាជន បានឡើងអានរបាយការណ៍វឌ្ឍនភាពការងាររបស់គណៈចលនាមហាជន នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជន ឆ្នាំ២០១៩។
បើតាមលោក ហ៊ុន ម៉ានី របាយការណ៍នេះ បានឆ្លុះបញ្ចាំងពីសមិទ្ធិផល និងបញ្ហាប្រឈម នានារបស់គណ:ចលនាមហាជនថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោយពីក្រុមការងារដែលដឹកនាំដោយ លោកផ្ទាល់ បានចុះជួបជាមួយគណៈចលនាទាំង៤ នៅតាមមូលដ្ឋានទាំង ២៥រាជធានី-ខេត្តនាពេលកន្លងទៅនេះ។
សូមបញ្ជាក់ថា គណៈចលនាមហាជន នៃគណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុង គោលបំណងចែករំលែកព័ត៌មានបទពិសោធន៍ការងារ និងសមទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំ គណៈចលនាមហាជន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស។
សន្និបាតនេះមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។
សូមជម្រាបជូនផងដែរថា ពិធីបិទនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕