(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU-អ.ប.ព.) នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសព័ត៌មានបកស្រាយការពិត និងច្បាស់ៗយ៉ាងរឹងមាំ ឆ្លើយតបនឹងការបង្ហោះផ្សាយព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុករបស់ប្រធានគណបក្សខ្មែរក្រោក William Guang ពាក់ព័ន្ធបេក្ខនារីអាយុ ២០ឆ្នាំ ប្រឡងជាប់ចៅក្រម។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានឲ្យដឹងថា ក្រុមការងារ អ.ប.ព. ចំនួន ៤៤រូប បានទៅសង្កេតការដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៣-២៤ ខែវិច្ឆិកាឆ្នាំ២០១៩ ដែលជ្រើសរើសសិស្សចៅក្រមចំនួន ៥០រូប ក្នុងចំណោមបេក្ខជនមានសិទ្ធិប្រឡង ៦៥០រូប។
នាយកដ្ឋាន អ.ប.ព. សូមបញ្ជាក់ជូនថា ព័ត៌មានចុះផ្សាយដោយទំព័របណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក William Guang កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ មានខ្លឹមសារ «អាយុ ២០ឆ្នាំប្រលងជាប់ចៅក្រម បានន័យថាអាយុ១៥ឆ្នាំ ជាប់វិញ្ញាបនត្រ ហើយអាយុ ១១ឆ្នាំ ចប់បាក់ឌុប ដូចនេះគាត់ចូលរៀនថ្នាក់បឋមសិក្សាតាំងពីនៅក្នុងពោះម្លេះ ពិតជាខ្លាំងមែន ចៅក្រមក្មេងយ៉ាងហ្នឹង ស៊ីញ៉េឃុំ ស៊ីញ៉េឃុំ» ដែលបានផ្សាយព័ត៌មានថា បេក្ខនារី សយ យូសុមនា កើតនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ ប្រឡងជាប់ជាចៅក្រម តាំងពីអាយុ ២០ឆ្នាំ។ នាយកដ្ឋាន អ.ប.ព. សូមធ្វើការបំភ្លឺការពិត ដូចតទៅ៖
នេះមិនមែនជាការប្រឡងប្រជែងចូលធ្វើជាចៅក្រមភ្លាមទេ។ នេះជាការប្រឡងប្រជែងចូលធ្វើជាសិស្សចៅក្រម (ជំនាន់ទី១0) ចំនួន ៥០រូប។ បេក្ខជនដែលប្រឡងជាប់ទាំង ៥០រូបនេះ ទាំងបេក្ខជន សយ សុមនា (ភេទស្រី អាយុ២០ឆ្នាំ ៧ខែ ៧ថ្ងៃ គិតត្រឹមថ្ងៃឈប់ទទួលពាក្យប្រឡង ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៩) ត្រូវការពេល២ឆ្នាំទៀត ដើម្បីរៀនថ្នាក់ធ្វើជាចៅក្រម ហើយទាល់តែប្រឡងចេញធ្វើចៅក្រមបានជាប់ទៀត ទើបអាចចេញធ្វើចៅក្រមបាន មិនមែនការប្រឡងសិស្សចៅក្រមជំនាន់ទី១០ សម័យប្រឡង ២៣-២៤ វិច្ឆិកា ២០១៩នេះជាប់ ហើយចេញធ្វើជាចៅក្រមភ្លាមទេ។
២៖ អំពីអាយុ និងប្រវត្តិការសិក្សារបស់បេក្ខជន សយ យូសុមនា
តាមការស្រាវជ្រាវពីគ្រួសារ និងពីស្ថាប័នសិក្សានានា ដែលបេក្ខជននេះបានឆ្លងកាត់វិញថា សយ យូសុមនា កើតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៩៩ ហើយបានចូលរៀនថ្នាក់ដំបូងនៃសាលាបឋមសិក្សា នៅអាយុជាង ៤ឆ្នាំ។ នៅពេលនោះគ្រូបានប្រាប់ថា ការចូលរៀននៅក្មេងពេក អាចពេលប្រឡងឌីប្លូម
គេមិនអនុញ្ញាតឱ្យប្រឡងទេ។ ប៉ុន្តែនៅពេលរៀនសូត្រកុមារីនេះ មានសមត្ថភាពខ្ពស់ រៀនសូត្របានពូកែហើយពេលប្រឡងឌីប្លូមក្តី ប្រឡងបាក់ឌុបក្តី មិនមានឧបសគ្គរារាំងមិនឱ្យប្រឡងដែរ។ លំដាប់ពិន្ទុសរុបពេលប្រឡងបាក់ឌុបឆ្នាំ២០១៥ គឺ៩១.៥០៦ នៅពេលដែលមានអាយុ១៦ឆ្នាំ ៦ខែ ១ថ្ងៃ។ រយៈពេលសិក្សាសាលាបឋម អនុវិទ្យាល័យ និងវិទ្យាល័យ មានរយៈពេល ១២ឆ្នាំ កញ្ញាយូសុមនា មិនមានរៀនផ្លោះថ្នាក់ទេ។ សម្រាប់ការសិក្សា ៤ឆ្នាំ នៅមហាវិទ្យាល័យច្បាប់ និស្សិត សយ យូសុមនា សិក្សាជាប់លាប់ ជាមួយពិន្ទុខ្ពស់ៗផងដែរ រហូតជាប់បរិញ្ញាបត្រ ជាមួយលទ្ធផលសិក្សាល្អ Very Good។
ខ៖ ប្រៀបទៅនឹងលក្ខខណ្ឌរដ្ឋ តាមរយៈប្រកាសស្តីពីការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ នៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់ច្បាស់ថា នេះជាការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម មិនមែនរើសចៅក្រមទេ។ ពិនិត្យលើចំណុចប្រការ៣ ដែលចែងពីបែបបទ និងលក្ខខណ្ឌនៃការប្រឡងប្រជែងជ្រើសរើស កំណត់ថា បេក្ខជនទាំង២ ទេ ត្រូវមាន៖ ក). សញ្ជាតិខ្មែរពីកំណើត ខ). អាយុ ៣៥ ឆ្នាំយ៉ាងច្រើន (មិនមែនមានអាយុ ៣៥ឆ្នាំ ទើបឲ្យចូលប្រឡងបានទេ) ចំពោះបេក្ខជនជានិស្សិត គ). សញ្ញាបត្របរិញ្ញាបត្រច្បាប់ឡើងទៅ យ). លិខិតថ្កោលទោសចេញពីក្រសួងយុត្តិធម៌ ង). លិខិតបញ្ជាក់សុខភាពចេញដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឃើញថា ឈ្មោះក្នុងបញ្ជីដែលអនុញ្ញាតឱ្យចូលប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ ដែលបេក្ខនារី សយ សុមនា ពិតជាបានបំពេញគ្រប់លក្ខខណ្ឌដែលបានកំណត់។
គ៖ កន្លងមក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ធ្លាប់បានទទួលស្គាល់ ហើយអនុវត្តឱ្យសិស្ស ប៊ី បាន់លក្ស្មី បានរៀននៅថ្នាក់ទី ៤ (ឆ្នាំសិក្សា ២០១៧-២០១៨) សាលាបឋមសិក្សាតានួន ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងករណីកុមារីនេះ ទើបតែមានអាយុ ៥ឆ្នាំ អាស្រ័យលក្ខណៈពិសេស (រៀនពូកែ..) និងគោលបំណងរបស់សិស្ស (ឯកសារ លិខិតលេខ ២១៩៤ អយក.អពស ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ របស់បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ។
ឃ៖ បើតាមកាលបរិច្ឆេទទាំងនេះ ប្រសិនបើបេក្ខជន សយ យូសុមនា ឆ្លងកាត់បានដោយជោគជ័យ ការរៀនសូត្រវិជ្ជាជីវៈតុលាការ រយៈពេល ២ឆ្នាំ ហើយប្រឡងជាប់ធ្វើជាចៅក្រមក្តី ព្រះរាជអាជ្ញាក្តី នៅក្នុងអាយុប្រមាណជិត ២៣ឆ្នាំ ក៏មិនត្រូវបានហាមឃាត់ដោយច្បាប់ដែរ។ ថ្មីៗនេះ នាយករដ្ឋមន្ត្រី ហ្វាំងឡង់ ក៏ទើបតែមានអាយុ ៣៤ឆ្នាំ។ នៅឥណ្ឌា ចៅក្រមប្រុសម្នាក់ ក៏មានអាយុ ២១ឆ្នាំ (លោក Mayank) ហើយនៅសហរដ្ឋអាមេរិក កញ្ញា Jasmine ក៏ជាចៅក្រមដែលមានអាយុ ២៥ឆ្នាំដែរ។
ជារួមតាំងពីពេលសង្កេតការណ៍ប្រឡងជ្រើសរើសសិស្សចៅក្រមជំនាន់ទី១០ ក៏ដូចក្នុងពេលនេះដែលយើងធ្វើការឆែកពិនិត្យឡើងវិញ ក្រោយមានការចុះផ្សាយដូចពោលខាងដើម នាយកដ្ឋានអប់រំ បង្ការ និងទប់ស្កាត់នៃអង្គភាពប្រឆាំងអំពើពុករលួយ នៅតែឃើញថា រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងក្រសួងយុត្តិធម៌ ពិតជាបានដំណើរការជ្រើសរើស សិស្សចៅក្រមជំនាន់ទី១០ បានត្រឹមត្រូវ ទាំងលក្ខខណ្ឌសមត្ថភាព លក្ខខណ្ឌអាយុ និងទាំងលក្ខខណ្ឌផ្សេងៗទៀតដែលច្បាប់បានកំណត់៕
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ ACU៖