(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅល្ងាចថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ នឹងអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទីពីរ ដែលប្រារព្ធធ្វើឡើងនៅក្នុងខេត្តកំពត។
ពិធីបុណ្យសមុទ្រត្រូវបានធ្វើឡើងលើកដំបូងនៅខេត្តព្រះសីហនុ ឆ្នាំ២០១១ ក្នុងគោលបំណងអបអរសាទរការចូលជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក និងរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រ និងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។
ការរៀបចំពិធីបុណ្យសមុទ្រពីមួយឆ្នាំទៅមួយឆ្នាំ មានការចូលរួមកាន់តែផុសផុលពីគ្រប់ភាគីពាក់ព័ន្ធ ទាំងផ្នែករដ្ឋ និងឯកជន និងទទួលបានការចាប់អារម្មណ៍ កាន់តែខ្លាំងពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ពិធីបុណ្យសមុទ្រលើកទី៨ ក្នុងជុំទី២ ដែលរៀបចំធ្វើឡើងក្នុងខេត្តកំពត ក្រោមប្រធានបទ «ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង» នឹងមានព្រឹត្តិការណ៍ជាច្រើន ដើម្បីទាក់ទាញអ្នកចូលរួមលេងកម្សាន្ត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំនេះ មានការតាំងពិព័រណ៍សមិទ្ធផល មហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងគម្រោងអភិវឌ្ឍតំបន់ឆ្នេរ សរុបចំនួន ៤៦១ស្តង់ ក្នុងនោះរួមមាន ស្តង់គម្រោងអភិវឌ្ឍទេសចរណ៍សំខាន់ៗនៅតំបន់ឆ្នេរ ផលិតផលទេសចរណ៍ផលិតផលក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ស្តង់ពិព័រណ៍បរទេស ហើយពិសេសការរៀបចំវិថីម្ហូបអាហារ (Food Street) អាចសម្រាប់ជាគំរូដល់ខេត្តដទៃ។
ក្រៅពីនោះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបូរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការីជាតិ និងបណ្តាប្រទេសជាមិត្ត រួមមានប្រទេសចិន ថៃ ឥណ្ឌូនេស៊ី ឥណ្ឌា និងវៀតណាម។ សកម្មភាពកីឡាវិញ រួមមាន៖ កីឡារត់កម្សាន្ត ការប្រណាំងកង់ បាល់ទះលើឆ្នេរខ្សាច់ ចាំបាប់លើឆ្នេរខ្សាច់ កីឡាប្រណាំងម៉ូតូទឹកលក្ខណៈអន្តរជាតិ ប្រដាល់គុនខ្មែរអន្តរជាតិដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ គុនល្បុក្កតោ ការប្រកួតអុកចត្រង្គ និងកីឡាផ្សងព្រេងលើភ្នំ។ល។
បើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅខេត្តកំពតនេះ ក៏មានការរៀបចំសកម្មភាពមុនព្រឹត្តិការណ៍ (Pre-Event) មួយចំនួនផងដែរដូចជា សិក្ខាសាលា និងការចែកជ័យលាភីជូនដល់អាជីវកម្ម ទេសចរណ៍ដែលមានស្នាដៃឆ្នើម រួមមានសេវាស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងឆ្នេរខ្សាច់កម្សាន្តគំរូនៅខេត្តតំបន់ឆ្នេរទាំង៤ និងពិធីដាំដើមឈើអនុស្សវរីយ៍ រួមជាមួយព្រឹត្តិការណ៍អបអរសាទរជាច្រើនផ្សេងទៀត។
ក្នុងសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការប្រារព្ធពិធីបុណ្យសមុទ្រ មិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរប៉ុណ្ណោះទេ តែបានចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋាន ដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យសមុទ្រលើកទី៨នេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា ការប្រារព្ធពិធីបុណ្យសមុទ្រនេះ នឹងក្លាយជាកាលានុវត្តភាពដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជាក្នុងការធ្វើឱ្យទីក្រុងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពស្របនឹងពាក្យស្លោក «ឆ្នេរសមុទ្រកម្ពុជា៖ តារារះនាទិសនិរតី» ព្រមទាំងបង្កើនស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានរំពឹងថា ពិធីបុណ្យសមុទ្រលើកទី៨លើទឹកដីខេត្តកំពត ដ៏ស្រស់បំព្រងនឹងចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍ក្នុងខេត្តឱ្យកាន់តែទូលំទូលាយ។ លោករដ្ឋមន្ត្រីក៏រំពឹងដែរថា ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងមានអ្នកចូលរួមលេងកម្សាន្តជាងកន្លះលាននាក់៕