(កំពង់ឆ្នាំង)៖ សិប្បកម្មផលិតឧបករណ៍សេរ៉ាម៉ិច ធ្វើអំពីដីឆ្នាំងមួយកន្លែង ស្ថិតក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បានរីកចម្រើនច្រើនណាស់ ដោយមានអតិថិជនគាំទ្រជាច្រើន ជាពិសេសគឺក្រសួងពាណិជ្ជកម្ម ដែលតែងតែមកនាំផលិតផលទាំងនេះ ទៅតាំងលក់លើទីផ្សារ ក្នុងការតាំងពិព័រណ៌ផ្សេងៗ ដែលធ្វើឱ្យកាន់តែមានអតិថិជនបានស្គាល់នូវស្នាដៃខ្មែរ អំពីផលិតផលសេរ៉ាម៉ិចនេះ។
ស្ត្រីឈ្មោះ យុង សុខា ម្ចាស់សិប្បកម្មផលិតសេរ៉ាម៉ិច នៅភូមិឃុំខាងលើ បានឱ្យដឹងថា បច្ចុប្បន្នមានអតិថិជនជាច្រើនដូចជានៅខេត្តបាត់ដំបង សៀមរាប និងរាជធានីភ្នំពេញ បានបញ្ជាទិញផលិតផលសេរ៉ាម៉ិចរបស់គាត់ ហើយគាត់បានវេចខ្ចប់ផ្ញើរទៅស្ទើររៀងរាល់ថ្ងៃ។ ចំណែកម្ចាស់ផ្ទះសំណាក់សណ្ឋាគារមួយចំនួន ក៏បានមកបញ្ជាទិញ ប្រដាប់ដាក់ដុតប្រេងក្រអូប និងខ្លះទៀត ក៏បានមកប្រាប់ឲ្យគាត់ធ្វើប្រដាប់ដាក់អំពូលភ្លើងសម្រាប់ដាក់តាមផ្ទះសំណាក់ តាមភោជនីយដ្ឋានផ្សេងៗជាច្រើនទៀតផងដែរ។
លើសពីនេះ ក៏មានជនបរទេសបានមកបញ្ជាឲ្យគាត់ធ្វើចាន ដាក់ពណ៌របៀបចានបុរាណ និងកែវដែលមានសរសេរអក្សរខ្មែរ ព្រោះពួកគាត់ចូលចិត្តវត្ថុអនុស្សាវរីយ៍ទាំងនេះ យកទៅប្រើប្រាស់នៅប្រទេសរបស់គេ។ ក្រៅពីនោះ ក៏មានអ្នកប្រាប់ឲ្យធ្វើជារូបសត្វ ឬឧបករណ៍ផ្សេងៗទៀត គាត់ក៏អាចធ្វើបានដែរឲ្យតែមានគំរូ។
សព្វថ្ងៃនេះ ខាងមន្ទីរពាណិជ្ជកម្ម បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយតែងតែយករូបគាត់ និងផលិតផលរបស់គាត់ទៅដាក់តាំងពិពណ៌លក់ដូរនៅតាមបណ្តាខេត្តផ្សេងៗនៅពេលមានការដាក់តាំង ពិពណ៌ភូមិមួយផលិតផលមួយជាដើម ហើយនៅប៉ុន្មានថ្ងៃខាងមុខនេះ គ្រួសារគាត់ និងនាំផលិតផលសេរ៉ាម៉ិចនេះ ទៅតាំងនៅកោះពេជ្រ រាជធានីភ្នំពេញជាថ្មីទៀត ការតាំងពិព័រណ៍នៅកោះពេជ្រនេះ គឺគាត់ធ្លាប់បានទៅដាក់តាំង ២-៣ដងមកហើយ។
បុរសឈ្មោះ សំ សំណាង ដែលត្រូវជាប្តីបានឲ្យដឹងដែរថា ដើម្បីឲ្យផលិតផលធ្វើពីដីឆ្នាំង កើតជាសេរ៉ាម៉ិចបាន ដំបូងគេយកវត្ថុដែលស្មូនពីដីឆ្នាំង មានដូចជា កែវ ចាន ថូ ពែង ប៉ាន់ ។ល។ ទៅដុតលើកទី១ មានកំរិតកំដៅ ៨០០អង្សា ដូចជាការដុត ក្អម ឆ្នាំងដែរ ដោយបានក្លាយជា (ផតធឺរី)។ លុះដល់ដុតដំណាក់កាលទី២ ដែលត្រូវលាយថ្នាំពណ៌ផ្សេងៗ ទៅតាមតម្រូវការ ដែលគេចង់បាន និងត្រូវប្រើភ្លើងកំដៅរហូតដល់ ១២០០អង្សា ទើបក្លាយជាសេរ៉ាម៉ិច។ ចំពោះការដុតលើកទី២នេះ ជួបការលំបាកណាស់ ដូចជាការលាយ ថ្នាំមិនត្រូវដុតទៅខូច ចេញពណ៌មិនល្អ ឬទឹកថ្នាំពណ៌ ដើរមិនសព្វកន្លែងជាដើម ដូចនេះវាអាចខាតបង់។
បុរសម្ចាស់សិប្បកម្មខាងលើបានបញ្ជាក់ទៀតថា ការផលិតសេរ៉ាម៉ិចជួបការលំបាកច្រើនណាស់ មានដូចជាការវ៉ៃដី រែងយកដីហ្មត់ ការស្មូនឲ្យចេញរូបរាងដែលគេចង់បាន និងការដុត ដាក់ពណ៌ជាដើម។ ទម្រាំគាត់បានសម្រេច និងទទួលជោគជ័យ ដូចសព្វថ្ងៃ គឺមានការខូចខាត ដោយចំណាយថវិកា និងពេលវេលាផងដែរ៕