(ភ្នំពេញ)៖ តបតាមការស្នើសុំរបស់សាកលវិទ្យាល័យការពារជាតិ លោក ទុំប៉ែន វិរៈវិទូ ប្រធានសមាគមសហគ្រិនដើម្បីសង្គម និងជាប្រធានក្រុមការងារស្រាវជ្រាវចងក្រងសៀវភៅប្រវត្តិ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោក តាំង កក់ ទីប្រឹក្សាព្រឹទ្ធសភា និងជាប្រធានកិត្តិយសសមាគមសហគ្រិនដើម្បីសង្គម បាននាំយកសៀវភៅ «ហ៊ុន សែន កម្ពុជា» ៣០០ក្បាល និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» ២០០ក្បាល ទៅប្រគល់ជូនដល់សាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃទី២០ ខែឆ្នូ ឆ្នាំ២០១៩ សំរាប់តំកល់ទុកក្នុងបណ្ណាល័យ ដើម្បីឲ្យនិស្សិតបានសិក្សាស្រាវជ្រាវ និងស្វែងយល់បង្កើនចំណេះដឹង។
ឧត្តមសេនីយ៍ឯក ច័ន្ទ ពន្លឹក សាកលវិទ្យាធិការរង តំណាងនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានបង្ហាញពីក្តីរីករាយ និងថ្លៃងអំណរគុណដល់ក្រុមការងារស្រាវជ្រាវចកងក្រងសៀវភៅ ប្រវត្តិសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបាននាំយកសៀវភៅ «ហ៊ុន សែន កម្ពុជា» និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» ដែលជាសៀវភៅបង្ហាញ និងឆ្លុះបញ្ចាំងឲ្យឃើញពីប្រវត្តិភាពជាអ្នកដឹកនាំរបស់ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា។
សៀវភៅនេះ គឺមានសារៈសំខាន់ណាស់សម្រាប់សាកលវិទ្យាល័យការពារជាតិ ដែលបាននិងកំពុងផ្តល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតំរង់ទិស នាយទាហាន អំពីគោលជំហរទស្សនៈនយោបាយការពារជាតិចំទិសដៅស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានចាត់ទុក កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន ដូច្នេះកងទ័ពត្រូវតែមានសមត្ថភាព និងទទួលការហ្វឹកហ្វឺនបណ្តុះបណ្តាលឲ្យបានខ្លាំងក្លា និងរឹងមាំថែមទៀតស្របពេលប្រទេសជាតិកំពុងមានសុខ សន្តិភាព។
ក្នុងឱកាសនោះលោក ទុំប៉ែន វិរៈវុទូ និងលោក តាំង កក់ បានឲ្យដឹងថា ការដែលលោកនាំយកសៀវភៅ «ហ៊ុន សែន កម្ពុជា» និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» មកប្រគល់ជូនសាកលវិទ្យាល័យការពារជាតិ នាពេលនេះ ក្នុងគោលបំណងដើម្បីឲ្យយោធាចារ្យ ក៏ដូចជា និស្សិតបញ្ញាវ័ន្តជាយោធា ក្នុងសាកលវិទ្យាល័យនេះ បានស្រាវជ្រាវស្វែងយល់ និងសិក្សារៀន សុត្រនូវខ្លឹមសារក្នុងសៀវភៅនេះ ដែលបានបង្កប់នូវអត្ថន័យ នៃការខិតខំប្រឹងប្រែងតស៊ូក្នុងភាព ជាអ្នកដឹកនាំរបស់ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជាសំរាប់ជាជំនួយស្មារតីបណ្តុះគំនិត និងបង្កើន ចំណេះដឹង ធ្វើយ៉ាងណាឲ្យនិស្សិតមានការរីកចំរើនខាងសតិបញ្ញាស្មារតី ឲ្យកាន់តែប្រសើរថែមទៀតក្នុងការរួមសាមគ្គីគ្នា ក្នុងវិស័យការពារជាតិ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
បន្ទាប់មកលោក ទុំ ប៉ែន វិរៈវិទូ និងលោក តាំង កក់ រួមនិងក្រុមការងារ ក៏បានទៅទស្សនា បណ្ណាល័យក្នុងបរិវេណសាកលវិទ្យាល័យការពារជាតិ ព្រមទាំងបានប្រគល់សៀវភៅ «ហ៊ុន សែន កម្ពុជា» និងសៀវភៅ «កុលាបក្រហមដងទន្លេមេគង្គ» សរុប៥០០ក្បាល សំរាប់តំកល់ទុកក្នុងបណ្ណាល័យនេះផងដែរ៕