(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ សមត្ថកិច្ចនគបាលការិយាល័យ ព្រហ្នទណ្ឌនៃស្នងការនគបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះ សួម សាវី ទៅកាន់សាលាដំបូងរាជធានីភ្នពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់តាមច្បាប់។
ការបញ្ជូនខ្លួនជនសង្ស័យរូបនេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានតាមចាប់ខ្លួនបុរសម្នាក់ឈ្មោះ សួម សាវី ពីបទឆបោកជនរងគ្រោះម្នាក់ ខណៈមានព័ត៌មានថា មានការអន្តរាគមន៍ ចង់រត់ការដោះលែងជនឆបោករូបនេះផងដែរ។
ហើយការចាប់ខ្លូនបុគ្គលឆបោករូបនេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីសាកសួរចម្លើយពីដំណើររឿង «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ តាមបណ្តឹងរបស់ឈ្មោះ អ៉ឹម លី ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។
ជនឆបោករូបនេះឈ្មោះ សួម សាវី មាន អាយុ៣១ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ២៧ ផ្លូវលេខ២ បុរីភ្នំពេញថ្មី ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយមានការចាប់ខ្លួនបុគ្គលឆបោករូបនេះ កំពុងតែមានការអន្តរាគមន៍ខ្វែងខ្វាត់ ចង់រត់ការដោះលែងផងដែរ។
នៅពេលនេះ ជនសង្ស័យត្រូវបាន លោក ឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងស៊ើបសួរតាមនីតិវិធី៕