(កំពង់ឆ្នាំង)៖ មនុស្ស២នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងរថយន្ត និងរថយន្ត។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២០ និង១២១ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគបាលចរាចរណ៍ស្រុកបរិបូរណ៍ ដែលចុះដល់កន្លែងកើតហេតុ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរ ពាក់ស្លាកលេខភ្នំពេញ 2AA 3073 និងរថយន្តម៉ាក SCANIA ដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខខាងមុខ ភ្នំពេញ 3E9532 ស្លាកលេខខាងក្រោយ ភ្នំពេញ 4A7116 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា។

សមត្ថកិច្ចនគបាលចរាចរណ៍ បានបន្តថា លុះមកដល់ចំណុចកើតហេតុ បានបុកគ្នាពេញទំហឹង បណ្ដាលឱ្យស្លាប់មនុស្សប្រុសម្នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងអ្នកបើកបររថយន្តសាំយ៉ុងម្នាក់ ទៀត រងរបួសធ្ងន់បានដាច់ខ្យល់ស្លាប់។ រីឯអ្នករងរបួសទាំង ៥នាក់ កំពុងតែត្រូវបានសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ គឺរថយន្តក្រឡុកស៉ីម៉ង់ត៍បានរេចង្កូត ចូលមកចំណែកផ្លូវខាងស្កាំរបស់រថយន្តសាំយ៉ុង ខណៈដែលរថយន្តសាំយ៉ុងបើកគេចស្ទើតែធ្លាក់ផ្លូវទៅហើយនោះ។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រឡុកស៊ីម៉ង់ត៍ បង្កគ្រោះថ្នាក់បានរត់គេចខ្លួនបាត់ ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។ ដោយឡែក រថយន្តទាំង ២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកបរិបូរណ៌ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ៕