(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ គណៈចលនាមហាជន នៃគណៈកម្មការធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩ និងដាក់ទិសដៅការងារបន្តរបស់ខ្លួនក្នុង គោលបំណងចែករំលែកព័ត៌មានបទពិសោធន៍ការងារ និងសមទ្ធិផលការងាររបស់គណៈចលនាមហាជន និងគណៈជំនាញ ដែលបានបំពេញកន្លងមក ហើយក៏ដើម្បីផ្សព្វផ្សាយពីស្ថានភាពនយោបាយ ជូនដល់ថ្នាក់ដឹកនាំ គណៈចលនាមហាជន តាមបណ្តាក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស។
សន្និបាតនេះត្រូវបានបើកឲ្យប្រព្រឹត្តិ ទៅក្រោមអធិបតីភាពសម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:ប្រចាំការនៃគណ:អចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ និងដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គណៈ ចលនា មហាជន សមាជិក សមាជិកាជនបង្គោលគណៈចលនាមហាជន តាមបណ្តាក្រសួង- ស្ថាប័ន រាជធានី-ខេត្ត និងក្រុង-សុ្រក ខណ្ឌទូទាំងប្រទេស រួមជាមួយនឹងភ្ញៀវកិត្តិយសសរុបប្រមាណ ២៧០០នាក់។
សូមជម្រាបជូនផងដែរថា ពិធីបិទនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នឹងប្រព្រឹត្តទៅក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕