(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមអ្នកព័ត៌មានមកពីតាមស្ថាប័ននានា ចុះទស្សនកិច្ចនៅចំការស្វាយ និងរោងចក្រកែច្នៃផ្លែស្វាយស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៩នេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការផ្តល់ព័ត៌មាន និងបំភ្លឺចំពោះចម្ងល់នានារបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញនូវសកម្មភាព និងសមិទ្ធផលទាំងរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន។ អង្គភាពដែលជាអ្នកនាំសាររបស់រាជរដ្ឋាភិបាលមួយនេះ បានរៀបចំធ្វើសន្និសីទព័ត៌មានជារៀងរាល់សប្តាហ៍លើប្រធានបទផ្សេងៗ ដើម្បីបញ្ជ្រៀបការដឹង ការយល់ និងសកម្មភាពរបស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋ។
ការនាំអ្នកព័ត៌មានចុះទស្សនកិច្ចចំការស្វាយ និងរោងចក្រកែច្នៃផ្លែស្វាយនេះ គឺជាសកម្មភាពថ្មីមួយទៀតរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ លោក ផៃ ស៊ីផាន បានឱ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចរបស់អ្នកព័ត៌មានមកកាន់ចំការស្វាយ និងរោងចក្រកែច្នៃផ្លែស្វាយក្នុងខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកក្នុងកិច្ចផ្សព្វផ្សាយឱ្យបានកាន់តែទូលាយបន្ថែមទៀត ពីសក្តានុពលវិនិយោគនៃដំណាំស្វាយនៅកម្ពុជា ជាពិសេសនៅក្នុងខេត្តកំពង់ស្ពឺ។
ក្រសួងកសិកម្មបានឱ្យដឹងថា នៅកម្ពុជាមានផ្ទៃដីដាំដុះស្វាយជាង ១០ម៉ឺនហិកតា។ ផ្ទៃដីដាំដុះស្វាយច្រើនជាងគេមាននៅក្នុងខេត្តកំពង់ស្ពឺ បាត់ដំបង កំពត និងបន្ទាយមានជ័យ។ ខេត្តកំពង់ស្ពឺ ក៏ត្រូវបានអះអាងផងដែរថា ជាខេត្តដាំដុះស្វាយមានគុណភាពល្អជាងគេ ពោលស្វាយស្រួយ និងឆ្ងាញ់។
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺមានផ្ទៃដីដាំដុះស្វាយជិត ៥ម៉ឺនហិកតា តែផ្ទៃដីដែលប្រមូលផលស្វាយបានជិត ៤ម៉ឺនហិកតា ស្មើនឹង ៩លានដើម។ ក្នុងខេត្តកំពង់ស្ពឺនេះ ផ្ទៃដីដែលដាំដុះស្វាយបានល្អនោះ មាននៅក្នុងស្រុកភ្នំស្រួច ឱរ៉ាល់ ថ្ពង និងបសេដ្ឋ។ លោកប្រធានមន្ទីរបានឱ្យដឹងដែរថា ខេត្តកំពង់ស្ពឺ មានរោងចក្រសម្រាប់កែច្នៃផ្លែស្វាយចំនួន៤ និងរោងចក្រសម្រាប់វេចខ្ចប់ផ្លែស្វាយចំនួន១។
ក្នុងដំណើរទស្សនកិច្ចឈ្វេងយល់ការដាំដុះ និងកែច្នៃផ្លែស្វាយនៅក្នុងខេត្តកំពង់ស្ពឺនេះ លោក ផៃ ស៊ីផាន និងក្រុមការងារមកពីអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងក្រុមអ្នកព័ត៌មាន បានចូលជួបមន្ត្រីពាក់ព័ន្ធក្នុងខេត្តដូចជាប្រធានមន្ទីរកសិកម្ម ប្រធានមន្ទីរពាណិជ្ជកម្ម ប្រធានមន្ទីរឧស្សាហកម្ម ប្រធានមន្ទីរព័ត៌មាន និងខាងសហគមន៍ដាំស្វាយផដែរ។
សំណួរជាច្រើនត្រូវបានចោទសួរដេញដោលដោយលោក ផៃ ស៊ីផាន និងក្រុមការងារទៅកាន់ប្រធានមន្ទីរ និងសហគមន៍ ដើម្បីបានដឹងថា ក្នុងនាមជាអាជ្ញាធរនៅក្នុងខេត្តបានជួយអ្វីខ្លះទៅដល់អ្នកដាំដុះស្វាយ ហើយមានបញ្ហាប្រឈមអ្វីខ្លះ ដែលអាជ្ញាធរថ្នាក់ខេត្តដោះស្រាយមិនបាននោះ។
លោក យឹម ណន ប្រធានមន្ទីរកសិកម្ម បានរៀបរាប់ពីការងារមួយចំនួនដែលមន្ទីរបានជួយអន្តរាគមន៍ទៅដល់អ្នកដាំដុះស្វាយ មានដូចជាការជួយរៀបចំជ្រើសរើសពូជ ការបណ្តុះបណ្តាលពីបច្ចេកទេសដាំដុះ និងការថែទាំជាដើម។ បើទោះបីជាយ៉ាងណាមន្ទីរកសិកម្មជួបបញ្ហាក្នុងការចុះជួយអន្តរាគមន៍ដល់អ្នកដាំដុះស្វាយនៅពេលពួកគាត់ជួបបញ្ហា ដោយសារមន្ត្រីនៅមន្ទីរមានចំនួនតិច។
ដោយឡែកប្រធានមន្ទីរពាណិជ្ជកម្ម បានលើកបង្ហាញពីសកម្មភាពមួយចំនួនរបស់ខ្លួន ដូចជាការចុះទៅពន្យល់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងគុណភាពផ្លែស្វាយដែលជាការកំណត់របស់ទីផ្សារក្រៅប្រទេសជាដើម។ តែបើទោះបីជាយ៉ាងណាតាមការរៀបរាប់របស់ប្រធានមន្ទីរពាណិជ្ជកម្ម គឺនៅមានភាពចន្លោះប្រហោង និងខ្វះទំនួលខុសត្រូវមួយចំនួនលើភារកិច្ចរបស់ខ្លួនក្នុងការជួយសម្រួលដល់ការលក់ដូរស្វាយរបស់ប្រជាពលរដ្ឋ។
សម្រាប់ខាងមន្ទីរឧស្សាហកម្ម និងសិប្បកម្មវិញលោកប្រធានមន្ទីរមិនបានចូលរួមនោះឡើយ តែបានចាត់មន្ត្រីតំណាងរបស់ខ្លួនឱ្យចូលរួម។ តំណាងរបស់ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម បានឱ្យដឹងថា ដើម្បីជួយដល់ផលិតកម្មស្វាយខ្លួនបានចុះធ្វើការងារមួយចំនួន ជាពិសេសពាក់ព័ន្ធការត្រួតពិនិត្យទៅលើប្រព័ន្ធទឹកដែលទាញយកទៅប្រើប្រាស់សម្រាប់លាងស្វាយ។
ដោយឡែកផ្នែកអ្នកដាំដុះស្វាយវិញ បើទោះបីថាបច្ចុប្បន្នផ្លែស្វាយរបស់ពួកគេមិនជួបបញ្ហាទីផ្សារយ៉ាងណាក្តី។ តែក៏នៅប្រឈមបញ្ហាមួយចំនួនផងដែរ ដូចជាខ្វះចំណេះដឹងលើការដាំដុះស្វាយ កង្វះកម្លាំងពលកម្ម កង្វះដើមទុន ការពិបាករកកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ប្រឈមនឹងគ្រោះធម្មជាតិ និងសត្វល្អិតជាដើម។
លោក អ៉ិន ឆាយវ៉ាន ប្រធានសមាគមស្វាយកំពង់ស្ពឺ ដែលមានសមាជិកប្រមាណ ៣៥៣នាក់បានឱ្យដឹងថា ការលក់ស្វាយនាពេលបច្ចុប្បន្នមានទីផ្សារល្អប្រសើរជាងពីមុន។ តែអ្វីដែលនៅប្រឈមការខ្វះដើមទុនសម្រាប់ផលិតស្វាយ និងចំណាយពលកម្មជាដើម។
លោក អ៉ិន ឆាយវ៉ាន បានស្នើរាជរដ្ឋាភិបាល គួររៀបចំកញ្ចប់ថវិកាណាមួយ ដើម្បីជួយដល់សហគមន៍ ក៏ដូចជាអ្នកដាំដុះស្វាយ ដើម្បីទ្រទ្រង់ដល់សកម្មភាពរបស់ពួកគេ។
ក្រៅពីជួបមន្ត្រី និងជួបអ្នកដាំដុះស្វាយហើយនោះ លោក ផៃ ស៊ីផាន ក៏បាននាំអ្នកព័ត៌មានទៅជួបភាគីរោងចក្រកែច្នៃផ្លែស្វាយផងដែរ។ លោក ផៃ ស៊ីផាន និងអ្នកព័ត៌មានបានធ្វើដំណើរទៅកាន់រោងចក្រដំណាប់ស្វាយបឹងកេត ដែលជារោងចក្រមួយកំពុងកែច្នៃផ្លែស្វាយទៅជាដំណាប់នាំទៅកាន់ទីផ្សារប្រទេសចិន។
លោក ហេង ស្រេង តំណាងរោងចក្រធ្វើដំណាប់ស្វាយ បានឱ្យដឹងថា ដំណាប់ស្វាយកំពុងមានទីផ្សារខ្ពស់នៅក្នុងប្រទេសចិន ហើយរោងចក្ររកផ្លែស្វាយមកច្នៃជាដំណាប់មិនគ្រប់ទៅតាមផែនការរបស់ខ្លួននោះឡើយ។
បើតាមលោក ហេង ស្រេង បានអះអាងថា ក្នុងមួយថ្ងៃរោងចក្ររបស់លោកត្រូវការផ្លែស្វាយចន្លោះពី ១៥០តោន ទៅ ១៨០តោន សម្រាប់ធ្វើដំណាប់ស្វាយ ប៉ុន្តែលោកប្រមូលទិញបានចន្លោះត្រឹមពី ៦០តោន ទៅ១០០តោនប៉ុណ្ណោះ។
លោក ហេង ស្រេង បានអំពាវនាវដល់អ្នកដាំដុះស្វាយយកស្វាយទៅលក់ឱ្យក្រុមហ៊ុនរបស់លោក គឺក្រុមហ៊ុនលោកទទួលទិញក្នុងតម្លៃសមរម្យ។
បន្ទាប់ពីបានចុះជួបមន្ត្រីជំនាញ តំណាងអ្នកដាំស្វាយ និងរោងចក្រហើយនោះ លោក ផៃ ស៊ីផាន បានរកឃើញនូវបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការដាំដុះដំណាំស្វាយ បញ្ហាទីផ្សារ និងការកែច្នៃជាដើម។ លោក ផៃ ស៊ីផាន បានគូសបញ្ជាក់ថា លោកនឹងប្រមូលបញ្ហាទាំងអស់នេះ ហើយធ្វើជារបាយការណ៍ដាក់ជូនរាជរដ្ឋាភិបាល ដើម្បីរកដំណោះស្រាយសមស្របណាមួយសម្រាប់អ្នកដាំដុះ និងអ្នករកស៊ីលើផ្លែស្វាយ៕