(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំសមាជិក-សមាជិកាចូលរួមកិច្ចប្រជុំ «ពិភាក្សាលើការតបណ្តាញអគ្គិសនី នៅតាមគម្រោងសំណង់បុរី» ក្រោមអធិបតីភាពលោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា។
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានបញ្ជាក់ថា ចំពោះលទ្ធនៃកិច្ចប្រជុំនេះមានដូចតទៅ៖
១៖ ការកំណត់កម្លាំងត្រង់ស្វូ សម្រាប់គម្រោងបុរី
២៖ សម្របសម្រួលរាល់លិខិតបទដ្ឋាន ក្នុងការស្នើសុំភ្ជាប់ចរន្តអគ្គិសនី
៣៖ បង្កើត និងកំណត់លិខិត/ទម្រង់ឯកសារស្នើសុំឲ្យមានស្តង់ដាតែមួយតាមសាខានីមួយៗ
៤៖ សម្រួលក្នុងការតបណ្តាញចរន្តអគ្គិសនី ចូលផ្ទះឲ្យបានឆាប់រហ័ស
៥៖ អគ្គិសនីកម្ពុជា នឹងសហការឲ្យបានល្អប្រសើរ និងពន្លឿនលើសេវាកម្មតភ្ជាប់បណ្តាញអគ្គិសនីឲ្យបានឆាប់រហ័ស។
៦៖ ធ្វើបច្ចុប្បន្នភាព និងផ្តល់ព័ត៌មានដល់អ្នកប្រើប្រាស់ឲ្យទាន់ពេលវេលា។
៧៖ អគ្គិសនីកម្ពុជា និងសមាគមបានដាក់យន្តការភាពជាដៃគូ សហប្រតិបត្តិការគ្នា ដើម្បីជួយទ្រទ្រង់ដល់ការអភិវឌ្ឍន៍ វិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចជាតិកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ លោក កែវ រតនៈ បានបកស្រាយពន្យល់បន្ថែមនូវនីតិវិធី និងគោលការណ៍របស់អគ្គិសនីកម្ពុជា ឲ្យអង្គប្រជុំឲ្យបានយល់ពីការអនុវត្ត និងការទទួលខុសត្រូវរបស់អគ្គិសនីកម្ពុជា។
លោករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងគាំទ្រដល់វិស័យឯកជន ក្នុងការប្រកបអាជីវកម្មដោយលោករដ្ឋមន្រ្តី បានសន្យានឹងធ្វើជាដៃគូសហប្រតិបត្តិការដ៏ល្អជាមួយសមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ជាពិសេសអ្នកវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ អភិវឌ្ឍន៍ឲ្យបានកាន់តែល្អប្រសើរ ជាងនេះទៀតនឹងគាំទ្របំពេញ ភាពខ្វះចន្លោះឲ្យគ្នាទៅវិញទៅមក ធ្វើឲ្យវិស័យសំណង់បុរីនេះកាន់តែ រីកចម្រើន និងសេដ្ឋកិច្ចប្រទេសកម្ពុជាទាំងមូលផងដែរ។
លោករដ្ឋមន្រ្តី កែវ រតនៈ បានស្នើសុំដល់អង្គប្រជុំជួយសហការ និងផ្សព្វផ្សាយបន្តទៅប្រជាពលរដ្ឋ បើមានជួបបញ្ហាលើបណ្តាញអគ្គិសនី សូមទំនាក់ទំនងផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទនៅលើវិក័យបត្រ Hotline ឬផ្ញើសារផ្តល់យោបល់តាម Facebook «អគ្គិសនីកម្ពុជា» មានបំរើសេវាកម្ម២៤ម៉ោង៕