(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោងជិត ៧យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សាយ ណូរ៉ា បានបញ្ចប់ការសាកសួរលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ និងជនរងគ្រោះជាគ្រូបង្រៀនឈ្មោះ អ៉ឹម សិរីរដ្ឋ។
ក្រោយបញ្ចប់ការសួរនាំលោក សាយ ណូរ៉ា បានសម្រេចចោទប្រកាន់ថៅកែស្ថានីយ៍ប្រេង PTT រូបនេះ ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ខណៈលោក អ៊ឹម សិរីរដ្ឋ ជាជនរងគ្រោះ ត្រូវបានលោកព្រះរាជអាជ្ញារង អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ដោយសាររកមិនឃើញកំហុស។
មន្រ្តីជាន់ខ្ពស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ក្រោយបញ្ចប់ការសួរនាំលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងពិតជាបានសម្រេចចោទ ថៅកែស្ថានីយ៍ប្រេងនោះមែន និងបក្ខពួកពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ព្រោះអ្នកប្រព្រឹត្តមានគ្នាច្រើនតាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ»។
មន្រ្តីជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា សម្រាប់គ្រូបង្រៀនវិញ ក្រោយការសួរនាំទៅ គឺរកមិនឃើញកំហុសគាត់នោះឡើយ ហើយក៏គ្មានភស្តុតាងដាក់បន្ទុកគាត់ទៀតផង ដូច្នេះហើយក៏តំណាងអយ្យការ សម្រេចឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។
ក្រោយការចោទប្រកាន់ ថៅកែស្ថានីយ៍ប្រេង PTT រូបនេះ ត្រូវបានតំណាងអយ្យការសម្រេចបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តទៀតនៅថ្ងៃស្អែក។
គួរជម្រាបថា នៅរសៀលថ្ងៃមិញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។
លោក សារុន វិធុរ៉ាក់ ត្រូវជាកូនប្រុសលោក ចាន់ សារុន អតីតរដ្ឋមន្ដ្រីក្រសួងកសិកម្ម និងបច្ចុប្បន្នជាតំណាងរាស្ដ្រមណ្ឌលតាកែវ និងបក្ខពួក បានរងការចោទប្រកាន់ ប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ទៅលើលោក អ៉ឹម សិរីរដ្ឋ ជាគ្រូបង្រៀនកាលពីយប់ថ្ងៃទី១៦ ខែធ្នូកន្លងទៅ នៅក្នុងបរិវេណស្ថានីយ៍ប្រេងរបស់ខ្លួន ដោយពួកគេចោទថា គ្រូបង្រៀនរូបនេះ បានចូលទៅអុកឡុក និងចូលក្នុងបន្ទប់ទឹកស្រី លួចថតនារីនៅក្នុងបន្ទប់ទឹកនោះ។
លោក សារុន វិធុរ៉ាក់ ថែមទាំងបង្ហោះវីដេអូ និងរូបភាព លើកមេដៃជាមួយរូបគ្រូបង្រៀន ដោយចងដៃទៅក្រោយ និងចាប់បោចសក់នៅលើបណ្ដាញសង្គម Facebook ទៀតផង ដែលធ្វើឲ្យមហាជនជាច្រើនរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រើអំពើហិង្សាខុសច្បាប់ទម្លាប់បែបនេះ៕