(ភ្នំពេញ)៖ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានតាមចាប់ខ្លួនបុរសម្នាក់ឈ្មោះ សួម សាវី ពីបទឆបោកជនរងគ្រោះម្នាក់ ខណៈមានព័ត៌មានថា មានការអន្តរាគមន៍ ចង់រត់ការដោះលែងជនឆបោករូបនេះផងដែរ។
ការចាប់ខ្លូនបុគ្គលឆបោករូបនេះ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ឡុង ជាប ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ដើម្បីសាកសួរចម្លើយពីដំណើររឿង «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ តាមបណ្តឹងរបស់ឈ្មោះ អ៉ឹម លី ចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩។
ជនឆបោករូបនេះឈ្មោះ សួម សាវី អាយុ៣១ឆ្នាំ រស់នៅផ្ទះលេខ២៧ ផ្លូវលេខ២ បុរីភ្នំពេញថ្មី ភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា ក្រោយមានការចាប់ខ្លួនបុគ្គលឆបោករូបនេះ កំពុងតែមានការអន្តរាគមន៍ខ្វែងខ្វាត់ ចង់រត់ការដោះលែងផងដែរ។
នៅពេលនេះ ជនសង្ស័យត្រូវបានសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់៕