(កំពត)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គិតមកដល់ពេលនេះ ការសាងសង់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត បានសម្រេចការសាងសង់ប្រមាណ៦១% ហើយដែលអាចនឹងធ្វើរួចរាល់រួចបានក្នុងអំឡុងខែកក្កដា ឆ្នាំ២០២១ ហើយមុនការកំណត់ ជាមួយនឹងគុណភាពតាមស្តង់ដារត្រឹមត្រូវ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យមើលការសាងផ្លូវជាតិលេខ៣ និងដោយមានការចូលរួមពីក្រុមហ៊ុនសាងសង់ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ចាប់ពីខែមិថុនា ឆ្នាំ២០២០តទៅ បងប្អូនប្រជាពលរដ្ឋរស់នៅតាមផ្លូវជាតិលេខ៣ នឹងលែងសូវពិបាកទៀតហើយដោយផ្លូវនេះនឹងចាប់ផ្តើមចាក់កៅស៊ូមួយ ស្រទាប់។ លោកថា ការសាងសង់ហើយមុនផែនការកំណត់នេះ ក្រុមហ៊ុនសាងសង់មិនមែនធ្វើឱ្យរួចពីដៃនោះទេ គឺធ្វើត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស តាមស្តង់ដារត្រឹមត្រូវ តាមដែលអ្វីដែលបានសន្យារដេញថ្លៃជាមួយគ្នាត្រឹមត្រូវ ហើយបើមិនមានគុណភាពទេ លោកមិនទទួលយកដាច់ខាត។
លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងដែរផងដែរពីការសាងសង់ផ្លូវជាតិលេខ៣ កំពត-វាលរិញ ដោយលោកបញ្ជាក់ថា បន្ទាប់ពីចុះត្រួតពិនិត្យម្តងហើយម្តងទៀតនៅតែគ្មានគុណភាពដដែល ដូចនេះបន្ទាប់ពីកម្មវិធីការប្រណាំងកង់អន្តរជាតិរួចរាល់ហើយ នឹងចាប់ផ្តើមមានវិធានការថ្មីលើផ្លូវមួយនេះហើយ ដោយមិនអនុញ្ញាតឱ្យក្រុមហ៊ុនសាងសង់ ធ្វើខុសលក្ខណៈបច្ចេកទេសនេះបន្តធ្វើដូចនេះទៀតទេ។
លោកបានបញ្ជាក់ទៀតថា ពីមុនមកធ្លាប់បានដកក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសអន្តរជាតិ ចំនួន៧នាក់មកហើយ ក្នុងនោះដែរផ្លូវកំពត-វាលរិញនេះក្រុមហ៊ុនបានឃើញខុសលក្ខណៈបច្ចេក ហើយ នៅតែបន្តឱ្យធ្វើទៀត ក្រសួងមិនអាចទទួលយកបាននោះទេ។ លោកបញ្ជាក់ទទួលស្គាល់ថា លោកបានទុកចិត្តក្រុមហ៊ុនវាយតម្លៃការសាងសង់ផ្លូវរបស់ក្រុមហ៊ុនបរទេសខុស និងសម្រេចចិត្តដកចោលជាបន្តបន្ទាប់ ហើយយកមកគ្រប់គ្រងលើខ្លួនឯងវិញ៕