(កំពង់ស្ពឺ)៖ ក្រុមហ៊ុនធ្វើដំណាប់ស្វាយបឹងកេត ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៧ កំពុងធ្វើសកម្មភាពយ៉ាងសកម្មក្នុងការកែច្នៃផ្លែស្វាយធ្វើជាដំណាប់នាំទៅកាន់ប្រទេសចិន។ ជាមួយនឹងវត្តមានរោងចក្រនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមហ៊ុនបានប្រមូលទិញផ្លែស្វាយនៅទូទាំងប្រទេសមកច្នៃធ្វើជាដំណាប់ដើម្បីនាំចេញ។
លោក ហេង ស្រេង តំណាងក្រុមហ៊ុន បានឱ្យដឹងថា ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវការផ្លែស្វាយចន្លោះពី ១៥០តោន ទៅ១៨០តោន សម្រាប់ធ្វើដំណាប់ស្វាយនេះ។ ប៉ុន្តែបច្ចុប្បន្នប្រមូលទិញបានចន្លោះពី ៦០តោន ទៅ១០០តោនប៉ុណ្ណោះ។
ផ្លៃស្វាយទាំងនេះត្រូវបានលោក ហេង ស្រេង ប្រាប់ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកប្រមូលទិញពីប្រជាពលរដ្ឋប្រមាណ ២០ភាគរយ ឈ្មួញកណ្តាល ៦០ភាគរយ និង២០ភាគរយទៀតប្រមូលទិញពីសហគមន៍។
បើតាមលោក ហេង ស្រេង ចំនួនស្វាយដែលលោកប្រមូលទិញបាននេះ មិនគ្រប់គ្រាន់សម្រាប់ផលិតជាដំណាប់ទៅកាន់ប្រទេសចិននោះឡើយ ខណៈទីផ្សារនៅក្នុងប្រទេសចិនមានតម្រូវខ្ពស់។
ដើម្បីបំពេញតម្រូវរបស់ខ្លួនក្នុងការផលិតដំណាប់ស្វាយនេះ លោក ហេង ស្រេង បានប្រកាសប្រមូលទិញផ្លែស្វាយពីប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ផ្លែស្វាយដែលក្រុមហ៊ុនទិញ គឺស្វាយកែវរមៀត និងប្រភេទស្វាយផ្សេងៗមួយចំនួនទៀត។
ស្វាយដែលក្រុមហ៊ុនទិញក៏មិនសូវជាកំណត់លក្ខខណ្ឌច្រើននោះដែរ ពោលកុំឱ្យតែស្អុយ និងខ្ចី គឺក្រុមហ៊ុនរបស់លោកប្រមូលទិញទាំងអស់។ នេះបើតាមការបញ្ជាក់របស់លោក ហេង ស្រេង។
តម្លៃស្វាយកែវរមៀតដែលក្រុមហ៊ុនទិញមួយគីឡូក្រាមប្រមាណ ១,៤៥០រៀល៕