(ហាណូយ-វៀតណាម)៖ ពិធីចុះហត្ថលេខាលើសារកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល៥ឆ្នាំ «២០២០-២០២៥» និងប្រចាំឆ្នាំ២០២០ រវាងក្រសួងការពារជាតិកម្ពុជា ជាមួយក្រសួងការពារប្រទេសវៀតណាម ត្រូវបានចុះហត្ថលេខា នៅក្រសួងការពារប្រទេសវៀតណាម ក្នុងទីក្រុងហាណូយ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ង៉ូ ស៊ុន លិច្ស រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងជំនួបទ្វេភាគី នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស បានថ្លែងអំណរគុណដល់សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលបានទទួលការអញ្ជើញ របស់ក្រសួងការពារប្រទេសវៀតណាម មកចូលរួមក្នុងពិធីខួបលើកទីខួប៧៥ឆ្នាំ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងចូលរួមប្រជុំរដ្ឋមន្ត្រីការពារជាតិ ទាំងបីប្រទេសកម្ពុជា វៀតណាម ឡាវ។
នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស បានចាត់ទុកដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រសួងការពារជាតិកម្ពុជា នៅវៀតណាមលើកនេះ គឺមានអត្ថន័យយ៉ាងសំខាន់ ដើម្បីវាយតម្លៃពីលទ្ធផលអនុវត្តពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ និងទិសដៅ៥ឆ្នាំទៅមុខទៀត។ លោកសង្ឃឹមថា កិច្ចសហការរវាងកងទ័ពទាំងពីរ នឹងទទួលបានជោគជ័យ ក្នុងការរួមចំណែកពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកងទ័ពទាំងពីរប្រទេសកម្ពុជា និងវៀតណាម។
ជាការឆ្លើយតប សម្ដេចពិជ័យសេនា ទៀ បាញ់ បាននាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំបក្សរដ្ឋ ពិសេសនាយ-ទាហាន នាយទាហានរង និងពលទាហាន នៃកងទ័ពប្រជាជនវៀតណាម និងសូមចូលរួមអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម ជាប្រវត្តិសាស្ត្រ។
ក្នុងនាមក្រសួងការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ បានអរគុណចំពោះរដ្ឋាភិបាល ក្រសួងការពារវៀតណាម ដែលជានិច្ចកាលបានជួយគាំទ្រ ដល់ក្រសួងការពារជាតិកម្ពុជា ដើម្បីលើកកម្ពស់សមត្ថភាព យល់ដឹងលើគ្រប់វិស័យដល់កងយោធពលខេមរភូមិន្ទ ឲ្យកាន់តែប្រសើរឡើងថែមទៀត។
ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នាពេលថ្មីៗនេះ ក្រសួងការពារជាតិ នៃប្រទេសទាំងពីរបានរៀបចំលំហាត់ហ្វឹកហ្វឺនរួមគ្នា ស្តីពីការសង្គ្រោះ គ្រោះមហន្តរាយព្រំដែនគោក កម្ពុជា វៀតណាម និងការងារមនុស្សធម៌ ឆ្នាំ២០១៩ ដែលជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធផលជាច្រើន ដែលកើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារប្រទេស វៀតណាម ក្រោមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរនាពេលកន្លងមក។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសង្ឃឹមយ៉ាងមុតមាំថា លំហាត់ហ្វឹកហ្វឺននេះ នឹងរៀបចំបានយ៉ាងទៀងទាត់ប្រចាំឆ្នាំ តាមរយៈប្តូរវេនសម្ដៅ លើកកម្ពស់សន្តិភាព និងស្ថេរភាពតាមព្រំដែន ក៏ដូចជាជំរុញទំនាក់ទំនងឲ្យកាន់តែរឹងមាំថែមទៀត រួមចំណែកឲ្យកាន់តែស៊ីជម្រៅលើការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងកងទ័ពប្រទេសទាំងពីរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតំលៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរយៈពេល៥ឆ្នាំ «២០១៥-២០១៩» និងកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំ២០១៩ ក្រសួងការពារជាតិ ប្រទេសទាំងពីរកម្ពុជា-វៀតណាម បានអនុវត្តប្រកបដោយប្រសិទ្ធភាព និងទទួលលទ្ធផលជាផ្លែផ្កា តាមផែនការកំណត់ធ្វើឲ្យកងទ័ព ប្រទេសទាំងពីរ មានការទំនាក់ទំនងកិច្ចសហប្រតិបត្តិការពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែល្អប្រសើរលើគ្រប់វិស័យ សម្រាប់កសាង និងអភិវឌ្ឍន៍ប្រទេស ព្រមទាំងបានបង្កើន និងពង្រីកចំណងទំនាក់ទំនងមិត្តភាពសាមគ្គីភាព លើគ្រប់វិស័យគួរកត់សម្គាល់។
ដោយយោងតាមតម្រូវការចាំបាច់របស់កងយោធពលខេមរភូមិន្ទ ដែលមានភារកិច្ចចូលរួមចំណែក ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់ភាគីវៀតណាម ជួយពិនិត្យលទ្ធភាពដល់កម្ពុជា លើវិស័យកីឡាកងទ័ព ដូចជាការជួយបណ្តុះបណ្តាល និងហ្វឹកហាត់ ការជួយជួសជុល ថែទាំ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងជួយឧបត្ថម្ភឧបករណ៍ សម្ភារ និងមធ្យោបាយសម្រាប់ហ្វឹកហាត់ ដល់កីឡាកម្ពុជា។
ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស បានសម្ដែងការកោតសរសើរ ចំពោះក្រុមការងារក្រសួងការពារជាតិប្រទេសទាំងពីរ ដែលបានជួបគ្នា ធ្វើការវាយតម្លៃពីលទ្ធផល នៃការអនុវត្តពិធីសារកិច្ចសហប្រតិបត្តិការរវាងកងទ័ព ប្រទេសទាំងពីរ។
លោកក៏បានវាយតម្លៃខ្ពស់ចំពោះ កងទ័ពប្រទេសទាំងពីរ ដែលបានសហការគ្នាបានល្អ និងជិតស្និទ្ធជាបងប្អូន ហើយលោកសង្ឃឹមថា ផែនការ កិច្ចសហប្រតិបត្តិការ៥ឆ្នាំទៅមុខទៀត នឹងទទួលបានជោគជ័យ។ ចំពោះការស្នើសុំរបស់សម្តេចពិជ័យសេនា ឲ្យខាងភាគីវៀតណាម ជួយលើការបណ្តុះបណ្តាល និងហ្វឹកហ្វឺនវិស័យកីឡាកងទ័ព លោកបានឯកភាពជាគោលការណ៍ និងឲ្យស្ថាបន័ជំនាញធ្វើការជាមួយគ្នា និងដាក់ចូលក្នុងផែនការកិច្ចសហប្រតិបត្តិការ ដើម្បីអនុវត្ត៕