(កោះកុង)៖ លោក ស្រេង ហុង អភិបាលរងខេត្ដ តំណាងលោកស្រី មិថុនា ភូថង អភិបាលនៃ គណៈអភិបាលខេត្តកោះកុង និងលោកស្រី ស៊ឺ បុប្ផា តំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ប្រចាំតំបន់បានមានវត្តមានរួមគ្នាជាលើក ដំបូងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាតអាឃ្វ័រថាវើ (Aquatower) នៅក្នុងវិទ្យាល័យកោះកុង នៃក្រុងខេមរភូមិន្ទ ក្នុងខេត្តកោះកុង។
នេះជាប៉មចម្រោះទឹកស្អាតទី២៤ហើយ នៃគម្រោងយុទ្ធនាការរួមគ្នារបស់អង្គការ Planet Water និងក្រុមហ៊ុនកូកា-កូឡា ដែលបានចាប់ផ្តើមសាងសង់ប៉មចម្រោះទឹកស្អាតតាំងពីឆ្នាំ២០១៦ សម្រាប់សហគមន៍ជនបទ ពិសេសក្នុងវិទ្យាល័យ ដើម្បីផ្តត់ផ្គង់ទឹកស្អាតដល់សិស្សានុសិស្ស ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលខ្វះទឹកស្អាតសម្រាប់បរិភោគ។
លោកស្រី ស៊ឺ បុប្ផា ប្រធានប្រធានផ្នែកលក់ប្រចាំតំបន់ភូមិភាគខាងត្បូងនៃក្រុមហ៊ុនកូកា-កូឡា បានថ្លែងនៅក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាតនោះថា ក្រុមហ៊ុនកូកា-កូឡា មានមោទនភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជា អស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយកូកា-កូឡា ប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍ មួយនេះប្រកបដោយនិរន្តភាពតាមរយៈគំនិតផ្តួចផ្តើមគំរោងទឹកស្អាត។ ប៉មចម្រោះទឹកស្អាតនេះ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយុទ្ធសាស្រ្តនិរន្តរភាពនេះ។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «គម្រោងប៉មចម្រោះទឹកស្អាតនេះ មិនបញ្ចប់ត្រឹមពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់នេះប៉ុណ្ណោះឡើយ។ ដោយមានការគាំទ្រពីក្រុមហ៊ុនកូកា-កូឡា ក្រុមការងារនឹងបន្តជួយថែទាំប៉មចម្រោះទឹកស្អាតនេះរយៈពេល៥ឆ្នាំបន្ថែមទៀត ដោយការពិនិត្យគុណភាពទឹក ដើម្បីធានាថា អ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានទឹកដែលមានគុណភាព ក៏ដូចជាការអនុវត្តកម្មវិធីអប់រំសុខភាពស្តីពីអនាម័យ បរិស្ថាន និងការគាំពារប៉មនេះអោយនៅយូរអង្វែង»។
លោក ស្រេង ហុង បានថ្លែងថាអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្អូនៗទាំងអស់ជួយគាំទ្រផលិតផលដែលផលិតក្នុងស្រុក។
ប៉មចម្រោះទឹកស្អាត Aquatower មានតម្លៃប្រមាណ១៥,០០០ដុល្លារ ដោយបូករួមទាំងការថែទាំរយៈ ពេល៥ឆ្នាំ ដោយអង្គការ Planet Water ដើម្បីធានាថា អ្នកប្រើប្រាស់នឹងទទួលបានទឹកស្អាតដែលមានគុណភាព។ ក្រុមហ៊ុន កូកា-កូឡាបានឱ្យដឹងថានៅឆ្នាំ២០២០នេះ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) មានគម្រោងតំឡើងប៉មចម្រោះ ទឹកស្អាតជាច្រើនគ្រឿងទៀត នៅទូទាំងប្រទេសកម្ពុជា ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ២៣ ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៦៤,៧១៥០០០ លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤៦,០០០នាក់៕