(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញ អង្គភាពមន្ទីរពាក់ព័ន្ធ ចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេ ក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីរកវិធានការទប់ស្កាត់ កុំឲ្យប្រជាពលរដ្ឋរងគ្រោះ ដោយការបាក់ច្រាំងទន្លេនៅឆ្នាំក្រោយ។
មន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាម បានឲ្យដឹងថា បន្ទាប់ពីបានទទួលបទពិសោធន៍ នៃការបាក់ច្រាំងទន្លេយ៉ាងធ្ងន់ធ្ងរនាឆ្នាំកន្លងទៅ អាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយលោក អ៊ុន ចាន់ដា បានធ្វើការចុះពិនិត្យសិក្សាស្រាវជ្រាវ នៅតាមតំបន់ជួរដងទន្លេ ស្ថិតក្នុងស្រុកកោះសូទិន ស្រុកកងមាស និងស្រុកស្រីសន្ធរ ក្នុងគោលបំណងដើម្បីរិះរកវិធានការ ធ្វើការទប់ស្កាត់ កុំឲ្យមានការបាក់ច្រាំងទន្លេធ្ងន់ធ្ងរ ដូចឆ្នាំកន្លងទៅនោះទៀត។
ទន្ទឹមនឹងការចុះពិនិត្យ និងសិក្សាតាមតំបន់ដងទន្លេនេះ លោកអភិបាលខេត្ត តែងតែបានជួបសំណេះសំណាល យ៉ាងជិតស្និទ្ធជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះផងដែរ ដើម្បីស្វែងយល់អំពីសុខទុក្ខ ដូចជាការរស់នៅ និងការប្រកបមុខរបរ របស់បងប្អូនប្រជាពលរដ្ឋ តាមតំបន់ជួរដងទន្លេនៃស្រុកទាំងបីនេះ៕