(ព្រះវិហារ)៖ សម្ភារសិក្សា រួមសំលៀកបំពាក់ជាច្រើនកំប្លេ ដែលជាអំណោយរបស់សប្បុរសជន ត្រូវបានលោកវរៈសេនីយ៍ទោ រឹទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នាំយកទៅប្រគល់ជូន ដល់សិស្សានុសិស្សជាច្រើននាក់ ដែលមានជីវភាពខ្វះខាត រស់នៅភូមិពោធិឃឿន ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩។
លោកវរៈសេនីយ៍ទោ រឹទ្ធ សូណា បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញ ពីសំណាក់លោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយស្រុកត្បែងមានជ័យ និងលោក នុត សោភណ្ឌ័ អភិបាលស្រុកត្បែងមានជ័យ រូបលោកបានដឹកនាំក្រុមការងារ ស.ស.យ.ក ស្រុកត្បែងមានជ័យ នាំអំណោយមានសម្ភារសិក្សាជាច្រើនមុខ និងខោអាវជាច្រើនកំប្លេ យកទៅចែកជូនដល់សិស្សានុសិស្ស នៃសលាបឋមសិក្សាស្ទឹងតូច ដែលមានជីវភាពខ្វះខាត។
លោកបន្តទៀតថា អ្វីដែលធ្វើឲ្យក្រុមការងារមានការអាណិតអាសូរនោះ គឺនៅពេលបានទៅជួបផ្ទាល់នោះ គឺប្អូនៗសិស្សានុសិស្សទាំងនោះ រៀននៅក្រោមទ្រុងគោ ដំបូលប្រក់ស្លឹក និងជញ្ជាំងក្តា ដែលមើលទៅមិនសម ជាសាលារៀនទាល់តែសោះ។ ប៉ុន្តែទោះជាយ៉ាងណាទីតាំងនេះ នឹងប្រែក្លាយទៅជាសាលារៀនមួយយ៉ាងសមរម្យ នៅពេលកំណើនសិស្សកើនឡើងនៅឆ្នាំក្រោយៗទៀត។
លោក រឹទ្ធ សូណា បានឲ្យដឹងទៀតថា អំណោយដែលយកទៅចែកជូននៅពេលនេះ គឺសិស្សម្នាក់ៗ ទទួលបានសម្ភារសិក្សាជាច្រើនមុខ និងខោអាវម្នាក់មួយកំប្លេផងដែរ។ លោកថា អំណោយទាំងនេះ បានមកពី សប្បុរសជននានា និងថ្នាក់ដឹកនាំជាច្រើន តាមរយៈគ្រុបតេឡេក្រាម ដែលមានឈ្មោះ «ក្រុមការងារមនុស្សធម៌ស្រុកត្បែងមានជ័យ» ដែលគិតមកដល់ថ្ងៃនេះ គឺបានចែកជូនសិស្សក្រីក្រ បានចំនួន២លើករួចមកហើយ៕