(កែប)៖ រដ្ឋបាលខេត្តកែប នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ បានទទួលស្ថានីយចម្រោះទឹកកខ្វក់ និងបរិក្ខាគាំទ្រអនុគម្រោងទេសចរណ៍ ដើម្បីធ្វើឲ្យប្រសើឡើងនូវបរិស្ថានជុំវិញផ្សារក្តាម ក៏ដូចជាខេត្តកែបទាំងមូល ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ក្រោមជំនួយហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕
ការប្រគល់-ទទួលស្ថានីយចម្រោះទឹកកខ្វក់ និងបរិក្ខានេះត្រូវបានធ្វើឡើងនៅទីតាំងស្ថានីយផ្ទាល់ (ខាងកើតផ្សារក្ដាម) ក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ តំណាងធនាគារ ADB ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាច្រើននាក់ទៀត។
លោក សុខ សុគុណ អគ្គនាយករងនៃក្រសួងទេសចរណ៍ និងជាប្រធានគម្រោងមួយនេះបានលើកឡើងថា ស្ថានីយចម្រោះទឹកកខ្វក់នេះ មានសមិទ្ធផលគាំទ្រមួយចំនួនទៀត រួមមាន៖ អាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានសមត្ថភាពផ្ទុកបានចំណុះ៧០ម៉ែត្រគុបក្នុងមួយថ្ងៃ ប៉ុន្តែសព្វថ្ងៃអាងនេះមានសមត្ថភាពនៅត្រឹម៣០ម៉ែត្រគុបនៅឡើយ។ ក្រៅពីនោះ មានប្រព័ន្ធលូបង្ហូរទឹកសំណល់មួយខ្សែ ដែលស្រូបយកទឹកកខ្វក់ទាំងអស់មិនឱ្យហូរចូលទៅក្នុងសមុទ្រ កន្លែងចាក់ទឹកប្រើប្រាស់រួច ប៉ុស្តិ៍យាម អគារបុគ្គលិក និងប្រតិបត្តិការ អគារថែទាំជួសជុល និងម៉ាស៊ីនភ្លើង ឃ្លាំងសម្ភារៈ រោងផ្ទុកសំរាម អណ្តូងទឹក ប្រព័ន្ធស្ទាក់ទឹកភ្លៀង មណ្ឌលព័ត៌មានទេសចរណ៍ ខ្ចុះសម្រាកលម្ហែ បង្គន់អនាម័យសាធារណៈ សួនច្បារ និងចិញ្ចើមផ្លូវ និងមានរថយន្តបូមលូមួយគ្រឿងទៀតចំណុះ ៥ម៉ែត្រគួប។
លោក កែន សត្ថា បានបញ្ជាក់ថា រដ្ឋបាលខេត្តកែបក៏បានបង្កើតក្រុមការងារគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់រួចហើយដែរ ដែលដឹកនាំដោយអភិបាលរងខេត្តមួយរូប និងមានសមាជិកពីអង្គភាពពាក់ព័ន្ធក្នុងខេត្ត និងបានបង្កើតក្រុមការងារប្រតិបត្តិ ដែលមានសមាជិកមកពីមន្ទីរសាធារណការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ និងសាលាក្រុងកែប គម្រោងក៏បានធ្វើការបណ្តុះបណ្តាលក្រុមការងារប្រតិបត្តិនេះអំពីការប្រតិបត្តិ ការគ្រប់គ្រង និងថែរក្សាស្ថានីយចម្រោះនេះរួចរាល់។
លោករដ្ឋមន្ត្រី ថោង ខុន បានជំរុញឱ្យរដ្ឋបាលខេត្ត-ក្រុងកែប ព្រមទាំងមន្ទីរ-អង្គភាពពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងប្រកបដោយភាពស្អាត និងបៃតង។
លោករដ្ឋមន្ត្រីថ្លែងថា ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍នៅខេត្តកែបប្រកបដោយនិរន្តរភាពទៅបាន គឺត្រូវយកចិត្តទុកដាក់មុនគេបង្អស់លើការចម្រោះទឹកកខ្វក់មុនបង្ហូរចូលទៅសមុទ្រ ដាច់ខាតមិនឱ្យទឹកកខ្វក់ទាំងនោះហូរចូលទៅក្នុងទឹកសមុទ្រនោះឡើយ ព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ពិសេសការងូតទឹកលេងកម្សាន្តរបស់ភ្ញៀវទេសចរ។
លោកថា មានតែវិស័យទេសចរណ៍នេះទេ ដែលជំរុញឱ្យសេដ្ឋកិច្ចនៅខេត្តកែបមានការរីកចម្រើនឆាប់រហ័ស ហើយភ្ញៀវទេសចរដែលមកទស្សនាខេត្តកែប គឺដឹងតែទៅលេងកម្សាន្តនៅតាមឆ្នេរសមុទ្រ ឬតាមបណ្ដាកោះនានា ប៉ុន្តែប្រសិនបើទឹកសមុទ្រជួបនូវភាពកខ្វក់ហើយនោះ គ្មានទេសចរណាមកលេងកម្សាន្តទៀតទេ។ បញ្ហានេះក៏បានជួបប្រទះរួចមកហើយដែរកាលពីអំលុងឆ្នាំ២០១៤ ដែលមានពពួកសារាយសមុទ្រអណ្ដែតមកលើផ្ទៃទឹក ធ្វើឱ្យទឹកសមុទ្ររងនូវភាពខ្វក់ ហើយភ្ញៀវទេសចរក៏ផ្អាកការមកទស្សនាខេត្តកែបទៅទៀត។
ជាអនុសាសន៍របស់លោករដ្ឋមន្ត្រី ថោង ខុន គឺបានជំរុញឱ្យរដ្ឋបាលខេត្ត-ក្រុងកែប មន្ទីរទេសចរណ៍ និងមន្ទីរពាក់ព័ន្ធក្នុងខេត្តត្រូវរួមគ្នាសម្អាតបរិស្ថានឆ្នេរខ្សាច់ សមុទ្រ ផ្សារក្ដាម និងទីសាធារណៈនានាក្នុងខេត្តឱ្យបានស្អាតជាប់ជានិច្ច ដើម្បីរួមចំណែកទាក់ទាញការទស្សនារបស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោករដ្ឋមន្ត្រីក៏បានអំពាវដល់់ប្រជាពលរដ្ឋ អាជីវករនៅផ្សារក្ដាម សូមសហការចូលរួមសម្អាតបរិស្ថាន អនាម័យ សុវត្ថិភាព បង្កើនគុណភាពសេវាកម្ម បដិសណ្ឋារកិច្ច ពិសេសសូមកុំបង្ហូរទឹកកខ្វក់ កាកសំណល់ សំរាមជាដើម ចូលក្នុងសមុទ្រតទៅទៀត។ ផ្ទុយទៅវិញ ត្រូវរួមគ្នាថែរក្សានិរន្តរភាពបរិស្ថាន ទេសចរណ៍នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បង្កើនជីវភាពរស់នៅ និងលើកស្ទួយកិត្តិយសខេត្តរបស់ខ្លួនឱ្យកាន់តែលិចធ្លោរឡើង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកំណត់ និងផ្សព្វផ្សាយប្រាប់ភ្ញៀវទេសចរថា «ខេត្តកែប ជាតំបន់ទេសចរណ៍សម្រាកលម្ហែកម្រិតខ្ពស់» ដែលភ្ញៀវទេសចរអាចទៅមកទស្សនាកម្សាន្តប្រកបដោយភាពពេញចិត្ត ហើយនាពេលខាងមុខទៀតសោត ខេត្តកែបក៏នឹងមាន «ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍» មួយដ៏ត្រឹមត្រូវផងដែរ តែទោះជាយ៉ាងណាក៏ទាមទារឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់គ្នាជាចាំបាច់។
ជាមួយគ្នានោះ មន្ទីរទេសចរណ៍ខេត្តកំពត និងមន្ទីរទេសចរណ៍កោះកុង ក៏បានទទួលរថយន្តបូមលូមួយគ្រឿងៗផងដែរ ដើម្បីយកទៅបម្រើការងារក្នុងខេត្តរៀងៗខ្លួន សំដៅបង្កើនភាពស្អាតនៅតាមទីសាធារណៈ និងនៅតាមរមណីយដ្ឋានទេសចរណ៍នានា៕