(តាកែវ)៖ គោលនយោបាយសុវត្ថិភាព ភូមិ-ឃុំ នៅក្នុងខេត្តតាកែវ កំពុងតែរងប៉ះពាល់យ៉ាងខ្លាំង បន្ទាប់ពីមានករណីគាស់ផ្ទះប្រជាពលរដ្ឋ បានកើតឡើងយ៉ាងព្រោងព្រាត នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយករណីនេះ មិនបង្កការរំខានដល់អាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធនោះទេ។ ករណីនេះ ធ្វើឲ្យលោកអភិបាលខេត្តតាកែវ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង។
ថ្លែងនៅក្នុងកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលាខេត្តតាកែវ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឲ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចជំនាញ ត្រូវស្រាវជ្រាវ និងពិនិត្យមើលបញ្ហានេះឡើងវិញ ព្រោះករណីចោរគាស់ផ្ទះនេះ កំពុងតែមានការកើនឡើង គួរឲ្យកត់សម្គាល់ នៅក្នុងខេត្តតាកែវ។
លោកអភិបាលខេត្តថ្លែងថា «សូម្បីតែផ្ទះអតីតស្នងការ មេប៉ុស្តិ៍និងសាខាពន្ធដាខេត្ត រោងចក្រ ក៏ក្រុមចោរ ហ៊ានចូលគាស់ដែរ ដូច្នោះបញ្ហាសន្តិសុខ សមត្ថកិច្ចនគរបាល និងអាវុធហត្ថ ត្រូវស្រាវជ្រាវ និងចាត់វិធានការឲ្យបានម៉ឹងម៉ាត់ ដើម្បីកុំឲ្យបញ្ហានេះ កើតឡើងបន្តទៀត»។
នៅក្នុងឱកាសនោះដែល លោកអភិបាលខេត្ត ក៏បានស្នើឲ្យប្រធានមន្ទីរ ស្ថាប័នទាំងអស់ នៅក្នុងខេត្តបំពាក់កាមេរ៉ាសុវត្តិភាព នៅតាមអង្គភាពរបស់ខ្លួន ឲ្យបានគ្រប់គ្នាៗ ហើយសាលាខេត្ត និងបំពាក់កាមេរ៉ាសុវត្ថិភាពមុនគេ ដើម្បីធ្វើជាគំរូ៕