(តាកែវ)៖ សាខាពន្ធដារខេត្តតាកែវ ដែលមានទីតាំងនៅក្នុងសង្កាត់រកា ក្រុងដូនកែវ ត្រូវក្រុមចោរគាស់ចូល ដោយលួចយកបានប្រាក់ និងឯកសារមួយចំនួន យកទៅដោយសុវត្ថិភាព កាលពីវេលាម៉ោងប្រមាណ១២រំលងអាធ្រាត្រថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩នេះ។
យោងតាមប្រភពច្បាស់ការ ពីសមត្ថកិច្ចក្រុងដូនកែវ បានទទួលស្គាល់ថា ពិតជាមានករណីចោរចូលគាស់ អគារសាខាពន្ធដាខេត្តតាកែវពិតប្រាកដមែន កាលពីយប់មិញនេះ ដោយក្រុមចោបានលួចលុយប្រមាណ ២លានរៀល និងរុះរើឯកសាររាយប៉ាយពាសពេញបន្ទប់ ដោយក្រុមចោរទាំងនោះ បានដាក់ជណ្តើរឬស្សីឡើងចូលគាស់តាមបង្អួចអាគារសាខាពន្ធដារ។
ជុំវិញករណីចោរចូលគាស់ អគារពន្ធដារនេះលោក ពៅ ពុត្រា ប្រធានសាខាពន្ធដាខេត្តតាកែវ បានទទួលស្គាល់ថា ពិតជាមានករណី ចោរចូលគាស់អាគារពន្ធដាពិតប្រាកដមែន ក៏ប៉ុន្តែលោកមិនបានប្រាប់លម្អិតពីបញ្ហានេះទេ ហាក់ដូចជាចង់លាក់លៀមពីបញ្ហានេះ។ លោកបានថ្លែងថា «គ្មានបាត់លុយ ឬឯកសារអ្វីនោះទេ។ សូមកុំផ្សាយអីរឿងហ្នឹង»។
ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ សហការគ្នាកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាចាប់ខ្លួន យកមកផ្ដន្ទាទោសឲ្យទាល់តែបាន។
តែទោះបីជាយ៉ាងណាក៏ដោយ ករណីចោរចូលគាស់អគារពន្ធដារកណ្ដាលក្រុងនេះ អាចកើតឡើងបាន ក៏ដោយសារការធ្វេសប្រហែសរបស់លោកប្រធានពន្ធដារខេត្ត ដែលអសមត្ថភាពក្នុងការចាត់តាំងការយាមកាមឲ្យបានត្រឹមត្រូវ ហើយមូលហេតុដែលលោក មិនចង់ឲ្យអ្នកសារពត៌មានផ្សាយព្រោះខ្លាចថ្នាក់លើស្ដីបន្ទោស៕