(ភ្នំពេញ)៖ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សុន សេងហួត បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានដាក់វិស័យសហគ្រាសធុនតូច និងមធ្យម ជាវិស័យអាទិភាពមួយ នៅក្នុងគោលនយោបាយជាតិ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី វឌ្ឍនៈភាពនៃគម្រោង (Task Program) សុវត្តិភាព និងអនាម័យម្ហូបអាហារនៅកម្ពុជា លោក សុន សេងហួត បានលើកឡើងថា សិក្ខាសាលាដែលបានរៀបចំនាពេលនេះ គឺមានគោលដៅជួយជំរុញ អភិវឌ្ឍន៍ និងធ្វើទំនើបកម្ម វិស័យសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជា ដើម្បីពង្រឹងការប្រកួតប្រជែងតាមរយៈការពង្រឹងសមត្ថភាពផលិត គុណភាពផលិតផល និងបង្កើនទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេសផងដែរ។
មន្ដ្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មរូបនេះ បានបន្តថា នៅដើមឆ្នាំ២០១៩កន្លងទៅនេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ ម្ហូបអាហារកូរ៉េ (Korea Food Research Institute –KFRI), វិទ្យាស្ថានបច្ចេកវិទ្យាជាន់ខ្ពស់កូរ៉េ (Koear Institute for Advancement of Technology – KIAT) បានដឹកនាំម្ចាស់សហគ្រាសផលិតម្ហូបអាហារ ធ្វើដំណើរទស្សនកិច្ចស្វែងយល់បទពិសោធន៍នៅក្នុងប្រទេសកូរ៉េ ដែលជាការបង្ហាញបទពិសោធន៍ថ្មីៗ បច្ចេកទេស ដើម្បីធ្វើយ៉ាងណាដើរឲ្យទាន់ការវិវត្នន៍នូវបច្ចេកវិទ្យាទំនើប សម្រាប់ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មរបស់ខ្លួនផងដែរ (SME Go Digital)។
លោកអនុរដ្ឋលេខាធិការ បានមានបន្ថែមថា សិក្ខាសាលាខាងលើ នឹងផ្តល់ជាចំណេះដឹងដល់សិប្បករ ឬម្ចាស់សហគ្រាស ក្នុងការគ្រប់គ្រងក្នុងរោងចក្រ សិប្បកម្ម នូវវិធាន GMP@GHP GAP HACCP ISO ព្រមទាំងសប្រាំ (5S) ដែលជាចំណេះដឹងមិនអាចខ្វះបាន សម្រាប់យកទៅអនុវត្តក្នុងការបង្កើនផលិតភាព និងឈានទៅប្រកួតប្រជែងនៅលើទីផ្សារ ក្នុងន័យជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកបណ្ឌិត Kim Young Chan ប្រធានគម្រោង វិទ្យាស្ថានស្រាវជ្រាវម្ហូបអាហារនៃសាធារណៈរដ្ឋកូរ៉េ បានឲ្យដឹង សិក្ខាសាលានាពេលនេះ មានសារៈសំខាន់ ក្នុងការសិក្សាស្វែងយល់ពីការវិវត្តន៍ថ្មីៗ អំពីការគ្រប់គ្រងស្តង់ដារ គុណភាព ប្រព័ន្ធសង្វាក់ផលិតកម្មទំនើបកម្ម នាពេលបច្ចុប្បន្ន ដើម្បីឆ្លើយតបទៅនឹងទីផ្សារ ក្នុងប្រទេសកម្ពុជា និងលទ្ធភាពស្វែងរកទីផ្សារនៅក្រៅស្រុកផងដែរ។
ជាមួយគ្នានោះ លោក ហ៊ត ផេង អគ្គនាយក នៃនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បានអះអាងថា សហគ្រាសផលិតម្ហូបអាហារ នៅកម្ពុជាទាំងអស់ធ្វើយ៉ាងណាពង្រឹង និងអភិវឌ្ឍសហគ្រាសមូលដ្ឋាន ផលិតម្ហូបអាហាររបស់ខ្លួនបន្ថែមទៀត ដើម្បីទទួលបាននូវផលិតផលមានគុណភាព អនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ ក្នុងគោលដៅធានាបានសុវត្តិភាពដល់អតិថិជន និងអ្នកប្រើប្រាស់ ខណៈដែលចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើទំនើបកម្មរចនាសម្ព័នសហគ្រាសធុនតូច និងមធ្យម និងឧស្សាហកម្មរបស់កម្ពុជា ពីការពឹងផ្អែកខ្លាំងលើកម្លាំងពលកម្ម មកឧស្សាហកម្មដែលពឹងលើជំនាញ ត្រឹមឆ្នាំ២០២៥។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានលើកឡើងថា បច្ចុប្បន្នទីផ្សាផលិតផលកម្ពុជា ជាពិសេសផ្នែកចំណីអាហារ ត្រូវបានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាល ក្នុងនោះក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងនាមជាអាណាព្យាបាល នៃសហគ្រាសធុនមីក្រូ តូច និងមធ្យម ផ្នែកកម្មន្តសាលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញខ្សែសង្វាក់ផលិតកម្ម ឲ្យសមស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារផលិតផលរបស់ខ្លួន ក្នុងតំបន់ និងអន្តរជាតិ បានធំទូលាយ ជាក់ស្តែងសហគ្រាសដែលបានមកទស្សនៈកិច្ចសិក្សានៅកូរ៉េនេះ គឺជាសហគ្រាសដែលមានស្តង់ដារគុណភាពល្អ ដែលអាចធ្វើការប្រកួតប្រជែង ក្នុងទីផ្សារជាតិ និងអន្តរជាតិបាន។
ប្រធាននាយកដ្ឋានរូបនេះ ក៏បានអំពាវនាវឲ្យបណ្តាសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម ទាំងអស់នៅកម្ពុជា មកសហការជាមួយមន្រ្តីជំនាញរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីទទួលបាននូវព័ត៌មានល្អៗដូចជា អំពីការចុះបញ្ជីអាជីវកម្ម ការជំរុញបច្ចេកវិទ្យា និងស្តង់ដាគុណភាពផលិតផល ជាដើម។
គួរបញ្ជាក់ថា គម្រោង TASK Program នេះនឹងត្រូវអនុវត្តន៍រយៈពេល០២ឆ្នាំ រហូតឆ្នាំ២០២១ ក្រោមការគាំទ្ររបស់រដ្ឋាភិបាលកូរ៉េ តាមរយៈវិទ្យាស្ថានបច្ចេកវិទ្យា ជាន់ខ្ពស់កូរ៉េ (Korea Institute for Advancement of Technology-KIAT ដោយសហការអនុវត្ត ជាមួយអគ្គនាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕