(មណ្ឌលគិរី)៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្តនៅខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
នេះជាលើកទី១៦ ក្នុងឆ្នាំ២០១៩ និងជាលើកទី២១ បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលា តាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក ហើយគោលបំណងសំខាន់នៃការចូលរួមនេះ ដើម្បីចែករំលែកចំណេះដឹង, ជំនាញ, បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគ ដល់សាធារណជន នៅគ្រប់ខេត្តក្រុងទាំងអស់នៃកម្ពុជា។
លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ បានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃ ទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជាក៏ដូចជា គោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទបន្ថែមទៀត។
លោក ជា បុល្លិកា បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់ សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោក ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានលើកឡើងពី សក្ដានុពលនៃខេត្តមណ្ឌលគីរី និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសវិស័យសេដ្ឋកិច្ច ដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ក្នុងមួយឆ្នាំ។
លោក ប៉េង សម្បត្តិ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ។
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាមងាយយល់ និងទទួលបានចំណេះដឹងអំពី ការវិនិយោគលើផលិតផលឧបករណ៍និស្សន្ទ ការទប់ស្កាត់ និងការកាត់បន្ថយហានិភ័យ ពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរពីការវិនិយោគ។
លោក ឡុង សំណាង បានបង្ហាញពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទនៅកម្ពុជាឱ្យល្អប្រសើរ ដូចប្រទេសរីកចម្រើនផ្សេងទៀតផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ចូលរួមសិក្ខាសាលា តាមបណ្ដាខេត្តរួមមាន៖ ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរីរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរ និងចែករំលែកចំណេះជំនាញវិនិយោគ ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៅកម្ពុជា។
សម្រាប់ព័ត៌មានលម្អិតបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល ឬទូរស័ព្ទមកលេខ ០២៣ ២២ ៦៦ ៦៦៕